ស្មារតីមិនចុះចាញ់៖ Lionel Messi សម្ពាធដែលជួបប្រទះនិងគន្លឹះក្លាយជាកំពូលកីឡាករ

  • 2026-07-08 07:35:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អស់រយៈពេលជិតពីរទសវត្សរ៍មកនេះ Lionel Messi បានរស់នៅជាមួយនឹងកម្រិតនៃសម្ពាធដ៏មហិមា ដែលមានអត្តពលិកតិចតួចណាស់នៅលើពិភពលោកបានជួបប្រទះ។ គ្រប់ការប្រកួតទាំងអស់សុទ្ធតែនាំមកនូវការរំពឹងទុកយ៉ាងខ្ពស់បំផុតពីមហាជន។ មិនថាពេលលោកលេងឱ្យក្លិប Barcelona, Paris Saint-Germain, ក្រុមជម្រើសជាតិអាហ្សង់ទីន ឬបច្ចុប្បន្ននៅ Inter Miami នោះទេ មនុស្សរាប់លាននាក់តែងតែរំពឹងថា លោកត្រូវតែឈ្នះរាល់ពេលដែលឈានជើងចូលទីលាន។

នៅក្នុងបទសម្ភាសន៍បែបស៊ីជម្រៅ និងឆ្លុះបញ្ចាំងពីជីវិតកាលពីចុងឆ្នាំ២០២៤ កន្លងទៅ កំពូលខ្សែប្រយុទ្ធ Lionel Messi បានក្រឡេកមើលទៅក្រោយនូវដំណើរជីវិត និងខ្សែជីវិតបាល់ទាត់ដែលបានកសាងអាជីពរបស់លោក។ លោកបានសារភាពថា ភាពជោគជ័យមិនមែនជារឿងងាយស្រួលនោះទេ សូម្បីតែបន្ទាប់ពីលោកបានឈ្នះពានរង្វាន់ធំៗបំផុតក្នុងពិភពបាល់ទាត់ក៏ដោយ។ ក្នុងនោះក៏មានការបរាជ័យដ៏ឈឺចាប់ រដូវកាលដ៏លំបាក និងពេលវេលាដែលគ្រប់យ៉ាងហាក់ដូចជាខុសឆ្គងទាំងអស់។ ទោះជាយ៉ាងណាក៏ដោយ លោកមិនដែលបណ្តោយឱ្យពេលវេលាដ៏ខ្មៅងងឹតទាំងនោះមកកំណត់ព្រំដែន ឬវាយតម្លៃលើរូបលោកឡើយ។

Messi បានពន្យល់ថា៖ «ខ្ញុំតែងតែជាមនុស្សដែលមានស្មារតីប្រកួតប្រជែងខ្ពស់។ ខ្ញុំចូលចិត្តការឈ្នះ ហើយខ្ញុំតែងតែព្យាយាមធ្វើវាឱ្យបាន។ នៅលើវិថីមួយនេះ ខ្ញុំធ្លាប់ឆ្លងកាត់ការធ្លាក់ចុះ ឬដំណាក់កាលដ៏លំបាកៗជាច្រើន ប៉ុន្តែខ្ញុំតែងតែបន្តព្យាយាម ហើយក្រោកឈរឡើងវិញជានិច្ច ដើម្បីស្វែងរកអ្វីដែលល្អបំផុត»។ សម្តីទាំងនេះបានបង្ហាញយ៉ាងច្បាស់ថា កម្លាំងចលករដ៏អស្ចារ្យបំផុតរបស់ Messi មិនមែនមានត្រឹមតែទេពកោសល្យពីកំណើតនោះទេ ប៉ុន្តែវាគឺជាការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តបោះជំហានទៅមុខ មិនថាមានរឿងអ្វីកើតឡើងក៏ដោយ។

ក្រៅពីនេះ អតីតម្ចាស់ពានរង្វាន់ Ballon d'Or ប្រាំបីលើក រូបនេះក៏បានទម្លាយផងដែរថា ជីវិតនៅលើកំពូលតារាងនៃអាជីពនេះ គឺស្ទើរតែមិនទុកពេលឱ្យលោកបានរីករាយនឹងភាពជោគជ័យនោះឡើយ។ ដោយសារតែការប្រកួតត្រូវធ្វើឡើងរៀងរាល់ពីរបីថ្ងៃម្តង ការយកចិត្តទុកដាក់ត្រូវផ្លាស់ប្តូរយ៉ាងលឿនពីការប្រកួតមួយទៅកាន់ការប្រកួតបន្ទាប់ភ្លាមៗ។ ការលេងឱ្យក្លិបធំៗបំផុតនៅលើពិភពលោក និងការលេងឱ្យជាតិសាសន៍ដែលស្រឡាញ់បាល់ទាត់ងប់ងុល មានន័យថាសម្ពាធ និងការរំពឹងទុកឱ្យឈ្នះគ្រប់យ៉ាងគឺត្រូវតែមានជានិច្ច។

មានតែការកន្លងហួសនៃពេលវេលាប៉ុណ្ណោះ ទើបធ្វើឱ្យ Messi អាចមានឱកាសបន្ថយល្បឿនជីវិត និងចេះរីករាយពេញចិត្តចំពោះអ្វីៗគ្រប់យ៉ាងដែលលោកសម្រេចបានយ៉ាងពិតប្រាកដ។ នៅពេលក្រឡេកមើលទៅក្រោយ លោកបានយល់ច្បាស់ថា កេរ្តិ៍ឈ្មោះ និងមរតកបាល់ទាត់របស់លោក មិនមែនកសាងឡើងត្រឹមតែពានរង្វាន់ និងការបំបែកកំណត់ត្រាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ត្រូវបានដាប់ជាប់ដោយភាពរឹងមាំក្នុងការក្រោកឈរឡើងវិញរាល់ពេលដួល និងការបន្តដេញតាមភាពល្អឥតខ្ចោះមិនចេះនឿយណាយឡើយ។ តើ Messi អាចនឹងលើកពានបាល់ទាន់ពិភពលោកជាលើកទីពីររបស់ខ្លួនដែរទេ ខណៈពេលនេះក្រុមអាហ្សង់ទិនរបស់លោកបានឡើងដល់វគ្គ៨ក្រុមចុងក្រោយ និងត្រូវជួបក្រុមជម្រើសជាតិស្វីស?

ប្រភព៖ Unknown Facts

ដោយ៖ តារា