សិង្ហបុរី តម្រូវឱ្យក្រុមហ៊ុនជូនដំណឹងដល់អ្នកប្រើប្រាស់ ប្រសិនបើយកទិន្នន័យទៅហ្វឹកហ្វឺន AI
- 2026-07-13 05:56:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សិង្ហបុរី តម្រូវឱ្យក្រុមហ៊ុនជូនដំណឹងដល់អ្នកប្រើប្រាស់ ប្រសិនបើយកទិន្នន័យទៅហ្វឹកហ្វឺន AI
ចន្លោះមិនឃើញ
សិង្ហបុរី៖ គណៈកម្មការការពារទិន្នន័យបុគ្គល (PDPC) នៃប្រទេសសិង្ហបុរី បានដាក់ចេញនូវសេចក្តីព្រាងណែនាំថ្មីមួយ ដែលតម្រូវឱ្យក្រុមហ៊ុន ឬស្ថាប័នទាំងឡាយណាដែលប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់អតិថិជនដើម្បីយកទៅហ្វឹកហ្វឺន (Train) ម៉ូដែលបញ្ញាសិប្បនិម្មិតបង្កើតក្តី (Generative AI) ត្រូវតែធ្វើការជូនដំណឹងដល់អ្នកប្រើប្រាស់ឱ្យបានច្បាស់លាស់ និងចំគោលដៅ។
យោងតាមរបាយការណ៍ពីសារព័ត៌មាន The Straits Times គំនិតផ្តួចផ្តើមនេះធ្វើឡើងក្រោមការដឹកនាំរបស់លោកស្រី Denise Wong ដែលទើបតែបានកាន់តំណែងជាស្នងការទី៥ របស់ PDPC កាលពីខែមេសា ឆ្នាំ២០២៦ នេះ ក្នុងគោលបំណងធ្វើបច្ចុប្បន្នភាពក្របខ័ណ្ឌច្បាប់ការពារទិន្នន័យឱ្យស្របទៅនឹងការរីកចម្រើនយ៉ាងរហ័សនៃបច្ចេកវិទ្យា AI។
កន្លងមក ក្រុមហ៊ុនភាគច្រើនតែងតែប្រើប្រាស់សារលិខិត ឬលក្ខខណ្ឌឯកជនភាពបែបប្រយោគទូទៅ ដូចជាការសរសេរថា ទិន្នន័យនឹងត្រូវប្រើប្រាស់សម្រាប់ «ការអភិវឌ្ឍផលិតផលថ្មី» ជាដើម។ ប៉ុន្តែ យោងតាមសេចក្តីព្រាងច្បាប់ថ្មីនេះ ស្ថាប័ន PDPC បានបញ្ជាក់ថា ការជូនដំណឹងបែបស្ងប់ស្ងាត់ ឬទូទៅបែបនេះ គឺមិនគ្រប់គ្រាន់ទៀតឡើយ។
ក្រុមហ៊ុនទាំងនោះត្រូវតែបង្កើត "ការជូនដំណឹងជាក់លាក់អំពី AI" (AI-Specific Notifications) ដោយបញ្ជាក់ឱ្យច្បាស់ពី៖ ១. មុខងារ និងគោលបំណងរបស់ម៉ូដែល Generative AI នោះ។ ២. ប្រភេទនៃទិន្នន័យផ្ទាល់ខ្លួនដែលត្រូវយកទៅប្រើប្រាស់ (ដូចជា៖ ឈ្មោះ, អ៊ីមែល, ប្រវត្តិប្រតិបត្តិការហិរញ្ញវត្ថុ, ទីតាំង, រហូតដល់រូបភាព វីដេអូ ឬសំឡេង)។ ៣. វិធីសាស្ត្រច្បាស់លាស់ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចបដិសេធ ឬដកការយល់ព្រមវិញបាន (Opt-out)។
ឧទាហរណ៍ជាក់ស្តែង៖ ប្រសិនបើក្រុមហ៊ុនមួយកំពុងបង្កើតមុខងារបំលែងអត្ថបទទៅជាសំឡេង (Text-to-Speech) ក្រុមហ៊ុននោះត្រូវតែលោតផ្ទាំងសារ (Pop-up) ឬផ្ញើអ៊ីមែលប្រាប់អ្នកប្រើប្រាស់ចំៗថា «រាល់សំឡេងថតរបស់អ្នក នឹងត្រូវយកទៅប្រើប្រាស់ដើម្បីហ្វឹកហ្វឺនម៉ូដែល AI ឱ្យស្គាល់ពីទម្រង់ និងលំនាំនៃសំឡេង» រួមជាមួយប៊ូតុងសម្រាប់ចុចបដិសេធភ្លាមៗ។
ស្ថាប័ន PDPC បានសង្កត់ធ្ងន់ថា វិធានការនេះគឺជាខែលការពារដ៏ចាំបាច់មួយ ដើម្បីការពារកុំឱ្យមានការយកទិន្នន័យដ៏រសើបរបស់អតិថិជនទៅប្រើប្រាស់ក្នុងសេវាកម្មដែលមិនបានគ្រោងទុកជាមុន ដូចជាការយកទៅវិភាគប្រវត្តិហិរញ្ញវត្ថុ (Financial Profiling) ជាដើម។ អតិថិជនមានសិទ្ធិពេញលេញក្នុងការព្រួយបារម្ភអំពីការដែលទិន្នន័យឯកជនរបស់ពួកគេ អាចនឹងត្រូវលេចធ្លាយ ឬត្រូវបានបង្កើតឡើងវិញ (Reconstructed) ដោយម៉ូដែល AI រួចធ្លាក់ទៅក្នុងដៃភាគីទីបី។
លើសពីនេះ អាជ្ញាធរក៏កំពុងសិក្សាយ៉ាងដិតដល់ទៅលើឧបករណ៍បច្ចេកវិទ្យាទំនើបៗ ដូចជា វ៉ែនតាវៃឆ្លាត (Smart Glasses) ដែលអាចប្រមូលទិន្នន័យជីវមាត្រ (Biometric Data) របស់មនុស្សជុំវិញខ្លួនដោយមិនដឹងខ្លួនផងដែរ។
សេចក្តីព្រាងណែនាំនេះ បានបើកឱ្យមានការចូលរួមមតិយោបល់ជាសាធារណៈ (Public Consultation) រហូតដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅនេះ។ បើទោះបីជាការណែនាំនេះមិនទាន់មានលក្ខណៈបង្ខំជាច្បាប់ទណ្ឌកម្មភ្លាមៗក្តី ប៉ុន្តែវានឹងក្លាយជាគ្រឹះ និងជាស្តង់ដារដ៏សំខាន់សម្រាប់គ្រប់ស្ថាប័នទាំងអស់នៅក្នុងប្រទេសសិង្ហបុរី រាប់ចាប់ពីធនាគារ ក្រុមហ៊ុនធានារ៉ាប់រង រហូតដល់បណ្តាញសង្គម ក្នុងការរៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យឱ្យមានតម្លាភាព និងទំនួលខុសត្រូវខ្ពស់បំផុត។