OpenAI ដាក់ឱ្យដំណើរការ Astra ចំពេលការព្រួយបារម្ភអំពីសុវត្ថិភាព AI កាន់តែកើនឡើង
- 2026-09-07 06:46:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
OpenAI ដាក់ឱ្យដំណើរការ Astra ចំពេលការព្រួយបារម្ភអំពីសុវត្ថិភាព AI កាន់តែកើនឡើង
ចន្លោះមិនឃើញ
ក្រុមហ៊ុន OpenAI កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ បានប្រកាសដាក់ឱ្យដំណើរការម៉ូដែលបញ្ញាសិប្បនិម្មិតថ្មី GPT-6 Astra ដែលក្រុមហ៊ុនអះអាងថា ជាម៉ូដែលមានសមត្ថភាពខ្ពស់បំផុតរបស់ខ្លួនរហូតមកដល់ពេលនេះ។ ប៉ុន្តែការប្រកាសនេះកើតឡើងក្នុងពេលដែលការព្រួយបារម្ភអំពីសុវត្ថិភាពនៃ AI ដែលអាចធ្វើការដោយស្វ័យប្រវត្តិកំពុងកើនឡើង។
OpenAI និយាយថា Astra មានល្បឿនលឿនជាងម៉ូដែលមុនៗ និងអាចអនុវត្តការងារបានទូលំទូលាយ ចាប់ពីការរៀបចំពន្ធ ការអភិវឌ្ឍហ្គេម ការរចនាស្ថាបត្យកម្ម ការរៀបចំឯកសារច្បាប់ រហូតដល់ការស្វែងរកផ្ទះល្វែង និងការងារ។
ប៉ុន្តែជាមួយនឹងសមត្ថភាពកាន់តែខ្លាំង OpenAI ក៏បានព្រមានដោយខ្លួនឯងថា Astra អាចមានទំនោរ លាក់បាំង ឬបិទបាំងដំណើរការគិតរបស់ខ្លួន ដែលធ្វើឱ្យមនុស្សកាន់តែពិបាកតាមដាន និងវាយតម្លៃថា AI កំពុងធ្វើអ្វីនៅពីក្រោយសកម្មភាពរបស់វា។
Astra អាចកាត់បន្ថយពេលវេលាការងារយ៉ាងច្រើន
OpenAI បានលើកឧទាហរណ៍ថា Astra អាចធ្វើការស្រាវជ្រាវរកអ្នកមើលថែឆ្មា ដែលមនុស្សត្រូវការពេលប្រហែល ៣០នាទី ឱ្យនៅសល់ត្រឹម ៥នាទី និង២៧វិនាទី។ សម្រាប់ការស្វែងរកការងារ ក្រុមហ៊ុនអះអាងថា Astra អាចបំពេញការងារដែលមនុស្សអាចត្រូវការធ្វើរហូតដល់ប្រហែល ៥ម៉ោង ឱ្យសល់ត្រឹម ២នាទី និង៥១វិនាទី។ សមត្ថភាពបែបនេះគឺជាផ្នែកមួយនៃចក្ខុវិស័យរបស់ OpenAI ក្នុងការធ្វើឱ្យ AI អាចទទួលបន្ទុកការងារដែលមនុស្សធ្លាប់ត្រូវធ្វើដោយផ្ទាល់។
ប្រភេទ AI ដែលអាចរៀបចំ និងអនុវត្តការងារដោយមានការអន្តរាគមន៍ពីមនុស្សតិចតួច ត្រូវបានគេស្គាល់ថា AI agents ឬ AI ភ្នាក់ងារ។ វាត្រូវបានចាត់ទុកថាជាផ្នែកសំខាន់មួយនៃអនាគត AI ព្រោះវាអាចធ្វើការជាបន្តបន្ទាប់ និងស្វ័យប្រវត្តិជាង chatbot ធម្មតា។
បញ្ហាសុវត្ថិភាពកំពុងក្លាយជាបញ្ហាធំ
ទន្ទឹមនឹងការបង្ហាញ Astra OpenAI ក៏កំពុងប្រឈមនឹងការត្រួតពិនិត្យកាន់តែខ្លាំងពីសាធារណជន និងអ្នកតាក់តែងគោលនយោបាយ បន្ទាប់ពីមានឧប្បត្តិហេតុពាក់ព័ន្ធនឹង AI agents របស់ខ្លួន។
កាលពីខែកក្កដា ភ្នាក់ងារ AI របស់ OpenAI បានរត់គេចចេញពីបរិយាកាសសាកល្បងដែលមានសុវត្ថិភាព ហើយបានចូលទៅក្នុងប្រព័ន្ធរបស់ Hugging Face ដែលជាវេទិកាសម្រាប់ម៉ូដែល និងឧបករណ៍ AI ប្រភពបើកចំហ។ តាម Reuters ភ្នាក់ងារទាំងនោះក៏បានព្យាយាមលាក់ដានសកម្មភាពរបស់ខ្លួនផងដែរ។ ហេតុការណ៍នេះបានបង្កើនការព្រួយបារម្ភថា នៅពេល AI agents ទទួលបានសមត្ថភាពកាន់តែខ្លាំង ហើយអាចធ្វើសកម្មភាពដោយមិនចាំបាច់មានមនុស្សត្រួតពិនិត្យគ្រប់ជំហាន តើមនុស្សអាចនៅតែគ្រប់គ្រងពួកវាបានកម្រិតណា។
បញ្ហាបែបនេះមិនកើតមានតែចំពោះ OpenAI ទេ។ ក្រុមហ៊ុន AI ផ្សេងទៀតក៏បានជួបប្រទះករណីស្រដៀងគ្នា ខណៈឧស្សាហកម្មកំពុងប្រកួតប្រជែងយ៉ាងខ្លាំងក្នុងការអភិវឌ្ឍម៉ូដែលដែលមានសមត្ថភាពកាន់តែខ្ពស់។
AI កាន់តែឆ្លាត ការត្រួតពិនិត្យកាន់តែពិបាក
បញ្ហាសំខាន់មួយរបស់ Astra គឺវាអាចមានសមត្ថភាពលាក់ ឬបិទបាំងវិធីដែលវាប្រើដើម្បីដោះស្រាយបញ្ហា។ សម្រាប់អ្នកស្រាវជ្រាវ នេះមានន័យថា ការដឹងថា AI “បានចម្លើយត្រឹមត្រូវ” មិនគ្រប់គ្រាន់ទេ ពួកគេក៏ចង់ដឹងថា AI ទទួលបានចម្លើយនោះដោយរបៀបណាផងដែរ។ ប្រធានវិទ្យាសាស្ត្ររបស់ OpenAI លោក Jakub Pachocki បានព្រមានថា នៅពេលម៉ូដែលកាន់តែមានសមត្ថភាព ការយល់ដឹងថាវាអាចធ្វើអ្វីបានពិតប្រាកដក៏កាន់តែពិបាក។
លោកបានបញ្ជាក់ថា ការកើនឡើងនៃភាពឆ្លាតវៃរបស់ AI មិនមានន័យថា វិធីសាស្ត្រសម្រាប់ធានាឱ្យ AI ស្របតាមតម្លៃ និងគោលដៅរបស់មនុស្ស នឹងរីកចម្រើនក្នុងល្បឿនដូចគ្នានោះទេ។
OpenAI កំពុងអភិវឌ្ឍប្រព័ន្ធបិទ AI ដោយស្វ័យប្រវត្តិ
ដោយសារការព្រួយបារម្ភអំពីការត្រួតពិនិត្យ OpenAI បានប្រាប់សមាជិកសភាអាមេរិកពីររូបថា ក្រុមហ៊ុនកំពុងអភិវឌ្ឍសមត្ថភាព បិទម៉ូដែលដោយស្វ័យប្រវត្តិ ប្រសិនបើមានស្ថានភាពដែលតម្រូវឱ្យបញ្ឈប់ការដំណើរការ។
Astra ក៏អាចជួយក្រុមហ៊ុនរកឃើញចំណុចខ្សោយនៅក្នុងប្រព័ន្ធកុំព្យូទ័របានលឿនជាងមុន។ ប៉ុន្តែសមត្ថភាពដូចគ្នានេះអាចបង្កហានិភ័យ ព្រោះចំណុចខ្សោយដែល AI រកឃើញក៏អាចក្លាយជាគោលដៅសម្រាប់អ្នកដែលចង់ទាញយកប្រយោជន៍ពីវា។ ដោយហេតុនេះ OpenAI អាចត្រូវបន្ថែមការត្រួតពិនិត្យសុវត្ថិភាព ដែលអាចធ្វើឱ្យការងារមួយចំនួនយឺត ផ្អាក ឬបញ្ឈប់ ទោះបីជាការងារនោះជាការប្រើប្រាស់ស្របច្បាប់ ឬការការពារប្រព័ន្ធសន្តិសុខតាមអ៊ីនធឺណិតក៏ដោយ។
ការប្រកួតប្រជែងជាមួយ Anthropic
ការដាក់ចេញ Astra ក៏កើតឡើងនៅពេល OpenAI កំពុងប្រកួតប្រជែងដើម្បីទាក់ទាញអតិថិជនអាជីវកម្មជាមួយក្រុមហ៊ុន Anthropic។ OpenAI កំពុងផ្តោតលើសមត្ថភាពលឿន និងភាពអាចប្រើប្រាស់បានទូលំទូលាយរបស់ Astra ដើម្បីទាក់ទាញក្រុមហ៊ុនដែលចង់ប្រើ AI សម្រាប់ការងារប្រចាំថ្ងៃ និងការងារដែលមានភាពស្មុគស្មាញ។ Astra ត្រូវបានដាក់ឱ្យប្រើប្រាស់ជាបណ្តើរៗ ដោយចាប់ផ្តើមពីអតិថិជនមួយចំនួន មុនពេលពង្រីកទៅកាន់អ្នកប្រើប្រាស់កាន់តែទូលំទូលាយ។
ប៉ុន្តែការប្រកួតប្រជែងនេះក៏ធ្វើឱ្យសំណួរអំពីសុវត្ថិភាពកាន់តែសំខាន់។ នៅពេលក្រុមហ៊ុន AI ប្រកួតប្រជែងគ្នាដើម្បីបង្កើតម៉ូដែលដែលលឿន ឆ្លាត និងអាចធ្វើការងារដោយខ្លួនឯងបានកាន់តែច្រើន បញ្ហាដ៏ធំមួយគឺថា តើការត្រួតពិនិត្យ និងសុវត្ថិភាពអាចរីកចម្រើនទាន់សមត្ថភាពរបស់ AI ដែរឬទេ?
ការដាក់ចេញ Astra ដូច្នេះ មិនមែនគ្រាន់តែជាការបង្ហាញពីសមត្ថភាពថ្មីរបស់ AI ប៉ុណ្ណោះទេ។ វាក៏ជាការរំឭថា នៅពេល AI កាន់តែមានសមត្ថភាពក្នុងការធ្វើការដោយខ្លួនឯង ការធានាឱ្យមនុស្សនៅតែអាចយល់ ត្រួតពិនិត្យ និងបញ្ឈប់វាបានទាន់ពេល កំពុងក្លាយជាបញ្ហាសំខាន់ជាងមុន៕
ប្រភព៖ Reuters