គ្រូ​បង្វឹក​ជនជាតិ​ខ្មែរ ១០ នាក់​​អាច​ជា​មុខ​ព្រួញ​​ធ្វើ​ជា​គ្រូ​បង្វឹក​ក្លិប​ត្រាយអាស៊ី?

  • 2014-12-02 16:32:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ក្លិប​ត្រាយអាស៊ី សមាជិក​ក្នុង​លីក​បាល់ទាត់​​កំពូល​កម្ពុជា ​បាន​ជូន​ដំណឹង​ថា​លោក Yoshioka Daisuke ជា​អ្នកចាត់ការ​ក្រុម និង ជា​គ្រូ​បង្វឹក​ចាស់ ​បាន​លាឈប់​​ដោយ​ហេតុ​ផល​បញ្ហា​សុខភាព​​កាល​ពី​ពេល​ថ្មីៗ ឥឡូវ​នេះ​ក្លិប​កំពុង​តែ​ប្រកាស​រក​គ្រូ​បង្វឹក​ថ្មី​ដើម្បី​ជំនួស​តំណែង​ដែល​ទំនេរ។

 

ក្លិប​ដែល​មាន​ថៅកែ​ជា​ជនជាតិ​ជប៉ុន​មួយ​នេះ ​បាន​​កំណត់​ថា​នឹង​យក​គ្រូ​បង្វឹក​ក្នុង​ស្រុក ឬ មក​ពី​ក្រៅ​នោះ​ទេ ប៉ុន្តែ​​គ្រាន់​តែ​តម្រូវ​ឱ្យ​បុគ្គល​នោះ​បាន​បញ្ចប់​វគ្គ​សិក្សា​គ្រូ​បង្វឹក​កម្រិត C (AFC C License) ដែល​ទទួល​ស្គាល់​ដោយ​សហព័ន្ធ​កីឡា​ទ្វីប​អាស៊ី ឡើង​ទៅ តែ​ត្រូវ​​មាន​បទពិសោធន៍​ខ្ពស់​នៅ​ក្នុង​វិស័យ​បាល់ទាត់។ អ្វី​ជា​ពិសេស​នោះ​គឺ​មាន​ឆន្ទ «បង្កើត​ក្លិប​ខ្លាំង​ជាង​គេ​ប្រចាំ​តំបន់​អាស៊ាន​»។

 

ងាក​មក​មើល​ធនធាន​​គ្រូ​បង្វឹក​ក្នុង​ប្រទេស​កម្ពុជា​វិញ មាន​​បេក្ខជន​ជា​ច្រើន​ធ្លាប់​បាន​បញ្ចប់​​វគ្គ​កម្រិត AFC C License ឡើង​ទៅ ប៉ុន្តែ​មាន​តិច​ណាស់​ដែល​មាន​បទពិសោធន៍​ជោកជាំ​លើ​ទីលាន​បាល់ទាត់។ ក្នុង​ចំណោម​អ្នក​តិចតួច​​នោះ មាន​ភាគ​ច្រើន​​ប្រកប​អាជីព​ជាមួយ​ក្លិប​​ក្នុង​ស្រុក។

 

Sabay សូម​បង្ហាញ​បេក្ខភាព​ជាជនជាតិ​ខ្មែរ​​​មួយ​ចំនួន​ដែល​មាន​លទ្ធភាព​ខ្ពស់​​ទាំង​​ការ​​​កម្រិត​នៃ​ការ​សិក្សា និង បទ​ពិសោធន៍​បាល់ទាត់​ច្រើន សាក​សម​នឹង​ដាក់​ពាក្យ​ដណ្ដើម​តំណែង​ខាង​លើ៖

 

១) លោក ប្រាក់ វុទ្ធី ( កម្រិត​សិក្សា AFC A License )

ទោះ​ជា​លោក ប្រាក់ វុទ្ធី ធ្លាប់​ជួយ​ឱ្យ​ចម្ការកៅស៊ូបឹងកេត លើក​ពាន​លីក​បាល់ទាត់​កំពូល​កម្ពុជា កាល​ពី​ឆ្នាំ ២០១២។ លោក​បាន​លា​ឈប់​កាល​ពី​ចុង​រដូវកាល​ ២០១៣ កន្លង​ទៅ​ដោយ​សារ​បញ្ហា​សុខភាព ដោយ​ប្ដូរ​ទៅ​បណ្ដុះបណ្ដាល​​យុវជន​ថ្នាល​សម្រាប់​ក្លិប​វិញ​។

 

២) លោក ហុក សុជីវ័ន្ត ( កម្រិត​សិក្សា AFC A License )

លោក ហុក សុជីវ័ន្ត ធ្លាប់​ធ្វើ​ជា​គ្រូ​បង្គោល​ប្រចាំ​ក្លិប​វេស្ទើន មុន​ចេញ​មក​ត្រាយអាស៊ី ធ្វើ​ជា​ជំនួយការ​លោក​គ្រូ​បង្វឹក​ជនជាតិ​ជប៉ុន Yoshioka Daisuke។ នៅ​ត្រាយអាស៊ី លោក​ធ្លាប់​ជួយ​ស្វែង​រក​កីឡាករ មួយ​ចំនួន​ដែល​មាន​លទ្ធភាព​លេង​បាល់ទាត់​​បាន​ល្អ តែ​ខ្វះ​ឱកាស​បង្ហាញ​សមត្ថភាព​​ទៅ​ចូលរួម​ជាមួយ។ កាល​ពី​ពាក់​កណ្ដាល​រដូវកាល​មុន​លោក​បាន​​ចេញ​ពី​ត្រាយអាស៊ី ទៅ​ធ្វើ​ជា​គ្រូ​ជំនួយ​នៅ​ក្លិប​ចំណូល​ថ្មី Albirex Niigata រហូត​ដល់​បច្ចុប្បន្ន។

 

៣) លោក គឹម ភក្ដី ( កម្រិត​សិក្សា AFC A License )

លោក គឹម ភក្ដី ធ្លាប់​ដឹកនាំ​ក្លិប​បាល់ទាត់​ជើង​ទឹក (ឆ្លាមសមុទ្រ) កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន។ សព្វ​ថ្ងៃ​លោក​មាន​នាទី​ជា​ជំនួយការ​​លោក Yusuke Iki ក្នុង​ការ​បណ្ដុះបណ្ដាល​កីឡាករ​យុវជន​ថ្នាល​នៅ​សាលា​បាល់ទាត់​ជាតិ ឯ​មជ្ឈមណ្ឌល​កីឡា​បាល់ទាត់​បាទី។

 

៤) លោក ហុក សុចិត្រា ( កម្រិត​សិក្សា AFC A License )

លោក ហុក សុចិត្រា ធ្លាប់​ជួយ​ឱ្យ​អន្តរជាតិ​ស្គាល់​កីឡា​បាល់ទាត់​នៅ​កម្ពុជា កាល​ពី​យុគសម័យ​លោក​ជា​កីឡាករ​ក្នុង​ក្រុម​ជម្រើស​ជាតិ។ លោក​ធ្លាប់​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា កាល​ពី​ឆ្នាំ ២០១២ ទៅ​ចូលរួម​ក្នុង​​វគ្គ​ជម្រុះ AFF Suzuki Cup 2012 នៅ​មីយ៉ាន់ម៉ា ប៉ុន្តែ​មិន​អាច​ឆ្លង​ផុត​វគ្គ​នេះ​ បន្ទាប់​ពី​ចាញ់​ទាំង ៤ ប្រកួត។

 

មក ​ដល់​ប្រទេស​វិញ​បាន​ប៉ុន្មាន​ថ្ងៃ​លោក​បាន​ដាក់​ពាក្យ​លាឈប់​ពី​តួនាទី​ គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ដោយ​បញ្ជាក់​​ក្នុង​ថា​​លោក​បាន​​​​ឃើញ​នូវ​ ​កង្វះ​ខាត​​​បទ​ពិសោធន៍​​​របស់​ខ្លួន​មួយ​​​​ចំនួន​ ក្នុង​​​​ការ​ដឹក​នាំ​​​ក្រុម។ តែ​លោក​​​​បាន​សម្ដែង​ការ​​​តាំង​ចិត្ត​​​​​​​ប្រឹង​ប្រែង​​​​អភិវឌ្ឍន៍​ ​​ចំណេះ​ដឹង​​ បទ​ពិសោធន៍​​របស់​ខ្លួន​​​​ជា​បន្ត​ទៀត។

 

៥) លោក អៀង សាក់នីដា ( កម្រិត​សិក្សា AFC B License )

អ្នក ​គាំទ្រ​បាល់ទាត់​ជាតិ​ជា​ច្រើន​បាន​ស្គាល់​ថា​​លោក អៀង សាក់នីដា ជា​បុរស​ផ្កា​រីក​គ្រប់​រដូវ ក្នុង​​តំណែង​ជា​គ្រូ​ជំនួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា លើក​លែង​មួយ​រយៈ​ចុង​ក្រោយ​ក្នុង​ឆ្នាំ​នេះ​ប៉ុណ្ណោះ។ លោក​ធ្លាប់​ជា​ជំនួយ​ការ​លោក Lee Tae Hoon កាល​ពី​ដឹកនាំ​លើក​ដំបូង ហើយ​បន្ទាប់​មក​ជា​ជំនួយការ​លោក ហុក សុចិត្រា និង ​ជំនួយការ​លោក ប្រាក់ សុវណ្ណារ៉ា ជា​ដើម។

 

៦) លោក ភា សុភ័ត្រា ( កម្រិត​សិក្សា AFC A License )

លោក ភា សុភ័ត្រា ធ្លាប់​​ធ្វើ​ជា​គ្រូ​​ជំនួយ​នៅ​ក្លិប​​ព្រះខ័នរាជ មុន​ចេញ​ទៅ​ជួយ​លោក Yoshioka Daisuke បង្កើត​ក្លិប​បាល់ទាត់​ដំបូង​នៅ​ចុង​ឆ្នាំ ២០១២។ ក្រៅ​ពី​នោះ​លោក​បាន​ធ្វើ​ជា​ជំនួយ​ការ​លោក​គ្រូ​បង្វឹក​ជនជាតិ​ជប៉ុន​រូប​ នេះ​កាល​​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​យុវជន​ក្រោម​អាយុ ១៦ ឆ្នាំ​ទៅ​ប្រកួត​ជើង​ឯក​អាស៊ី នៅ​ប្រទេស​ឡាវ កាល​ពី​ឆ្នាំ ២០១១។ បច្ចុប្បន្ន​លោក​នៅ​ទំនេរ​ពី​វិស័យ​បាល់ទាត់​លើ​វាល​ស្មៅ តែ​​លោក​កំពុង​ធ្វើ​ជា​ពិធី​ករ​ក្នុង​កម្មវិធី​ផ្សាយ​បន្តផ្ទាល់​​ការ​ ប្រកួត​បាល់ទាត់​លីក​កំពូល​អាល្លឺម៉ង និង កម្មវិធី​កីឡា​ផ្សេង​ទៀត នៅ​ប៉ុស្តិ៍​ហង្សមាស។

 

៧) លោក មាស ចាន់ណា ( កម្រិត​សិក្សា AFC A License )

លោក មាស ចាន់ណា ធ្លាប់​ជា​អតីតកីឡាករ ​ក្លិប​ណាហ្គាខប ហើយ​ត្រូវ​បាន​ដំឡើង​ទៅ​ជា​គ្រូ​ជំនួយ​ប្រចាំ​ក្រុម។ លោក​ក៏​ជា​ជំនួយការ​លោក​ Lee Tae Hoon គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ ក្នុង​យុទ្ធនាការ​ប្រកួត​ជម្រុះ​ពាន​រង្វាន់ AFF Suzuki Cup កាល​ពី​ខែ​តុលា កន្លង​ទៅ។ លោក​ជា​បុគ្គល​ម្នាក់​ស្គាល់​បរិបទ​ និង ស្ថានភាព បាល់ទាត់​ស្រុក​ខ្មែរ​ច្បាស់​មួយ​រូប​ដែរ។

 

៨) លោក កែវ កុសល ( កម្រិត​សិក្សា AFC A License )

លោក កែវ កុសល ធ្លាប់​ជា​គ្រូ​បង្គោល​ឈុត​យុវជន​ក្លិប​​ព្រះខ័នរាជ (ស្វាយរៀង) និង​​ធ្លាប់​សាង​ស្នាដៃ​ជា​ច្រើន​កាល​នៅ​ជា​កីឡាករ។ នៅ​ក្នុង​ពិភព​បាល់​ទាត់​ចុង​ក្រោយ​លោក​ធ្លាប់​ដឹកនាំ​ក្រុម​ឈុត​យុវជន​ទៅ​ ប្រកួត​ជម្រុះ​នៅ​ក្រប​ខណ្ឌ​ក១ កាល​ពី​ឆ្នាំ ២០១៣ និង ចូលរួម​ប្រកួត​ក្នុង​ពាន​ Hun Sen Cup ជា​ដើម។ ពេល​នេះ​លោក​ធ្វើ​ជា​​ប៉ូលិស​លិខិត​ឆ្លងដែន នៅ​ខេត្ត​បាត់ដំបង។

 

៩) លោក មាស សំអឿន ( កម្រិត​សិក្សា AFC B License )

លោក មាស សំអឿន ធ្លាប់​​មាន​បទពិសោធន៍​គ្រប់​រស់ជាតិ​ដឹកនាំ​ក្លិប​បាល់ទាត់​បៀលប្រាយ ជិត ១០ ឆ្នាំ ហើយ​ចុង​ក្រោយ​កាល​ពី​ពាក់​កណ្ដាល​រដូវកាល​មុន​លោក​បាន​ដឹកនាំ​ក្រុម​វេស្ទើន។ កាល​ពី​ប៉ុន្មាន​ខែ​កន្លង​ទៅ​លោក​បាន​ដឹកនាំ​ក្រុម​បាល់ទាត់​នារី​ជម្រើស​ជាតិ​កម្ពុជា​​ក្រោម​អាយុ ១៦ ឆ្នាំ​ទៅ​ប្រកួត​ជម្រុះ​ជើង​ឯក​ទ្វីប​អាស៊ី តែ​មិន​បាន​ឆ្លង​ទៅ​ជុំ​បន្ទាប់​នោះ​ទេ។

 

១០) ប្រាក់ សុវណ្ណរ៉ា ( កម្រិត​សិក្សា AFC A License )

 ទោះបីជា​លោក ប្រាក់ សុវណ្ណារ៉ា បង្ហាញ​មុខ​នៅ​ក្លិប​គីរីវង់សុខសែនជ័យ យ៉ាង​ណា​ក៏​ដោយ​ប៉ុន្ដែ​មិន​មាន​ព័ត៌មាន​ច្បាស់ការ​ណា​មួយ​ថា​លោក​ត្រូវ​ដឹកនាំ​ក្លិប​​ខេត្ត​តាកែវ មួយ​នេះ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​នោះ​ទេ។ លោក​ក៏​នៅ​មាន​ឱកាស​​ក៏​អាច​ជា​បេក្ខភាព​សំខាន់​មួយ​រូប​មិន​អាច​មើល​រំលង​បាន​ដែរ។

 

​ក្នុង​ចំណោម​គ្រូ​បង្វឹក​ទាំង ១០ រូប​ខាង​លើ តើប្រិយមិត្ត​គិត​ថា​ម្នាក់​ណា​សក្ដិសម​នឹង​ដឹកនាំ​ត្រាយអាស៊ី នៅ​រដូវកាល​ថ្មី?

 

អត្ថបទ៖ ម៉ឺន រស្មី

អត្ថបទពេញនិយម