អេ ភូថង ទម្លាយរឿងរហស្សនាម «កែងឆេះជង្គង់ហោះ»កាល១៥ ឆ្នាំមុន
- 2015-01-15 21:49:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អេ ភូថង ទម្លាយរឿងរហស្សនាម «កែងឆេះជង្គង់ហោះ»កាល១៥ ឆ្នាំមុន
ចន្លោះមិនឃើញ
អតីតអ្នកប្រដាល់ល្បីឈ្មោះ អេ ភូថងបានបំភ្លឺរឿងរហស្សនាម«កែងឆេះ ជង្គង់ហោះ»ដែលខ្លួនគ្រប់គ្រងច្រើនឆ្នាំមកហើយ បន្ទាប់ពីសហព័ន្ធកីឡាប្រដាល់កម្ពុជាទើបតែបានផ្តល់ងារនេះដល់កីឡាករវ័យក្មេងស្រករក្រោយកាលពីពេលថ្មីៗនេះ។
លោកបានឲ្យដឹងថា សហព័ន្ធកីឡាប្រដាល់កម្ពុជាបានផ្តល់រហស្សនាម «កែងឆេះ ជង្គង់ហោះ» ដល់លោកក្នុងឆ្នាំ២០០០ដែលបានធ្វើឲ្យលោកក្លាយជាកីឡាករទី១ទទួលបានងារពីសហព័ន្ធកីឡាប្រដាល់កម្ពុជា។ លោកបញ្ជាក់ថា សហព័ន្ធដាក់រហស្សនាមនេះឲ្យលោក ព្រោះកាលនោះការប្រកួតរបស់លោកប្រើកែងបានល្អដោយគ្រាន់តែប៉ះក៏បែក ហើយជង្គង់វិញល្អឥតខ្ចោះដែរដែលផ្តួលដៃគូឲ្យសន្លប់ជាច្រើនមកហើយ។
លោកបង្ហើបទៀតថា កាលលោកប្រកួតតាមខេត្ត លោកប្រកួតបានល្អ និងមិនមានគូប្រកួត ដូច្នេះបានសម្រេចចិត្តឡើងមកប្រកួតនៅភ្នំពេញ។ ឆ្នាំ២០០០ នៅភ្នំពេញលោកបានផ្ដួលកីឡាករជាច្រើនទៀត រហូតឈានចូលការប្រកួតជាលក្ខណៈអន្តរជាតិ ហើយការប្រកួតនោះទៀតសោតលោកនៅតែធ្វើបានល្អដ៏ដែល។
កាលពីប៉ុន្មានថ្ងៃមុនកាសែតកោះសន្តិភាពបានចេញផ្សាយថា រហស្សនាម «កែងឆេះ ជង្គង់ហោះ»របស់លោក អេ ភូថងត្រូវសហព័ន្ធកីឡាប្រដាល់កម្ពុជាបានផ្តល់ទៅកីឡាករវ័យក្មេង ឡៅ ចន្ទ្រា។
ជុំវិញករណីនេះ លោក អេ ភូថង មិនបានដឹងទេ ប៉ុន្តែលោកសប្បាយចិត្តដែលមានកីឡាករថ្មីជើងខ្លាំងអាចទទួលបានរហស្សនាមបន្តពីលោក ពីព្រោះលោកបានចូលនិវត្តន៍ប្រដាល់ច្រើនឆ្នាំ និងកំពុងចាប់អាជីពជាគ្រូបង្ហាត់ អាជ្ញាកណ្តាល និងចៅក្រមការប្រកួតនៃសហព័ន្ធកីឡាប្រដាល់កម្ពុជា។
លោក មាស សុខគ្រី សមាជិកគណៈចៅក្រមមួយរូបនៅសហព័ន្ធកីឡាប្រដាល់កម្ពុជាបានឲ្យដឹងថា លោកពិតជាទទួលស្គាល់ថា សហព័ន្ធបានផ្តល់រហស្សនាមឲ្យ អេ ភូថង មែន ពីព្រោះគាត់ពិតជាកីឡាករខ្លាំងសក្ដិសមនឹងរហស្សនាមនេះមែន ប៉ុន្តែរឿងផ្តល់ឲ្យទៅ ឡៅ ចន្ទ្រា នោះ លោកអត់ដឹងទេ ហើយលោកក៏មិនយល់ស្របទាំងស្រុងដែរ ពីព្រោះប្រភេទទម្ងន់៦០គីឡូក្រាមស្មើ ឡៅ ចន្ទ្រា នៅមានកីឡាករល្អៗជាច្រើនទៀត។
ពាក់ព័ន្ធនឹងករណីនេះ លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជាមិនអាចទាក់ទងសុំការពន្យល់បានទេ៕
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា