តួអង្គ​រឿង "កូន​មាសម្ដាយ" ខ្លាំង​កាព្យ​អង់គ្លេស​​ពេល​ជាប់​ពន្ធនាគារ​នៅ​អាមេរិក

  • 2015-01-16 12:30:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តួអង្គ​សំខាន់​​នៅ​ក្នុង​រឿង​ "​កូន​មាសម្ដាយ" លោក ខៀវ កុសល វ័យ​ ៣៥ ឆ្នាំ បាន​រំដោះ​ខ្លួន​ចាក​ឆ្ងាយ​ពី​ក្រុម​ជន​អន្ធពាល​ ​ក្រោយពី​ការ​បញ្ចប់​ទោស​ជាប់​ពន្ធនាគារ​​នៅ​រដ្ឋ​ កាលីហ្វ័រនីញ៉ា ពី​បទឧក្រិដ្ឋ ដែល​បាន​ប្រព្រឹត្ត​តាំងពី​នៅ​វ័យ​ជំទង់​​ និង ត្រូវ​និរទេស​មក​កាន់​ស្រុក​ខ្មែរ​វិញ​ ហើយ​បាន​ក្លាយ​ទៅ​ជា​កវី​ខាង​កំណាព្យ​​លំដាប់​ពិភព​លោក​នៅ​កម្ពុជា ​​តាមរយៈ​វីដេអូ​បង្ហោះ​នៅ​លើ ​​YouTube ដោយ​ទទួល​បាន​រង្វាន់​ពី​ប្រទេស​​អាល្លឺម៉ង់ និង ឱកាស​ចេញ​ទៅ​សម្ដែង​​ក្នុង​ព្រឹត្តិការណ៍​វប្បធម៌​អូឡាំព្យា​ ទីក្រុង​ឡុង នា​ឆ្នាំ ២០១២។

 

លោក ខៀវ កុសល គឺជា កវី​កំណាព្យ​ ដែល​មាន​និស្ស័យ​​ស្រឡាញ់​សិល្បៈ និង អក្សរសាស្ត្រ​អង់គ្លេស​តាំង​ពី​តូច បាន​​ប្រើប្រាស់​ទេព​កោសល្យ​របស់​ខ្លួន​រៀន​តែង​កំណាព្យ​ជាច្រើន​នៅ​ក្នុង​ពន្ធនាគារ ហើយ​បាន​ពុះពារ​ព្យាយាម​បង្ហាញ​ស្នាដៃ​របស់​ខ្លួន​រំលេច​ចេញ​នូវ​ក្នុង​រឿង​ "កូន​មាសម្ដាយ" ដែល​ជា​ខ្សែ​ជីវិត​ពិត​របស់​លោក​ហើយ​រឿង​នេះ​ក៏​ទទួល​បាន​ពាន​រង្វាន់​ពី​សហរដ្ឋអាមេរិក​ កាល​ពី​ដើម​ឆ្នាំ ២០១៣ កន្លង​ទៅ​ផងដែរ។

 

តើ​លោក​ ខៀវ កុសល ជានរណា? ហេតុ​អ្វី​លោក​ត្រូវ​ជាប់​ពន្ធនាគារ​នៅ​រដ្ឋ​ កាលីហ្វ័រនីញ៉ា? ចង់​ដឹង​ច្បាស់​សូម​អាន​ប្រវត្តិ​សង្ខេប​របស់​លោក​នៅ​ខាង​ក្រោម​នេះ៖

 

លោក ខៀវ កុសល

 

លោក ខៀវ កុសល កើត​នៅ​​ថ្ងៃ​ទី ១២ ខែ មីនា ឆ្នាំ ១៩៨០ ​នៅ​តំបន់​ជំរំ​ភៀសខ្លួន ​នៃ​ព្រំដែន​កម្ពុជា​-ថៃ។ ឪពុក និង ម្ដាយ​ កុសល​ បាន​ចាប់​ដៃ​គ្នា​​​នៅ​ឆ្នាំ ១៩៧៩ ហើយ​បាន​បន្សល់​តំណក់​ឈាម​កុស​ល​ ខណៈ​ម្ដាយ​កុសល​ មាន​កូន​ស្រី ចំនួន ៦ នាក់​ មុន​របប​កម្ពុជា​ប្រជាធិបតេយ្យ ប៉ុន្ដែ ប្ដី​​​​មុន​របស់​ម្ដាយ​កុសល​ត្រូវ​បាន​សម្លាប់​​នៅ​សម័យ​ពុលពត។

 

នៅ​ក្នុង​អំឡុង​ឆ្នាំ ១៩៨១ ម្ដាយ, បងស្រី ៦ នាក់ និង កុសល ដែល​ទើប​មា​ន​អាយុ ១ ខួប​ បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ទៅ​រស់​នៅ​រដ្ឋ​កាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក​ ឯ​ឪពុក​បាន​ទៅរស់​នៅ​ប្រទេស​បារាំង​ និង មាន​ប្រពន្ធ​ថ្មី ហើយ​​​​មាន​​កូន​ប្រុស​ ៣ នាក់។ ដូច្នេះ បច្ចុប្បន្ន​ លោក ខៀវ កុសល មាន​បងប្អូន​សរុបចំនួន ១០ នាក់ គឺ​បងស្រី ចំនួន ៦ និង ប្អូន​ប្រុស​ចំនួន ៣ នាក់។

 

ការ​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ ដោយ​​ផ្ញើ​វាសនា​នៅ​លើ​ទឹក​ដី​មហាអំណាច​ក៏​ពិត​មែន ប៉ុន្ដែ​ក្រុម​គ្រួសារ​របស់​លោក​​មិន​ខុស​ពី​គ្រួសារ​ជនជាតិ​អាស៊ី​ដទៃ​ទៀត​នោះ​ឡើយ​ ដោយ​ត្រូវ​បាន​​គេ​ចាត់​បញ្ជូន​ឲ្យ​ទៅ​រស់​នៅ​ក្នុង​មួយ​ដែល​ជា​តំបន់​ក្រីក្រ អនាធិបតេយ្យ​ និង សម្បូរ​ជើង​កាង​ដែល​មក​ជំរិត​ទារ​ប្រាក់​ជា​ថ្នូរ​ថ្លៃ​ការពារ​ជាដើម។

 

“ដើម្បី​ការពារ​ខ្លួន​ការពារ​ខ្លួន​ ការពារ​មិត្តភ័ក្ដិ​ ខ្ញុំ​បាន​ធ្លាក់​ខ្លួន​នៅ​ក្នុង​ក្រុម​បងតូច បងធំ"។ នេះ​ជា​ការ​លើក​ឡើង​របស់​ លោក ខៀវ កុសល។

 

 

វ័យ​ ១៦ ឆ្នាំ លោក ខៀវ កុសល បាន​បញ្ចប់​ថ្នាក់​វិទ្យាល័យ​ ហើយ​ក៏​ជា​ពេល​លោក​ជាប់​ទោស​ឧក្រិដ្ឋ​នៅ​ក្នុង​រឿង​បង​តូច បងធំ នៅ​គ្រា​ដែល​លោក​បាន​វាយ និង បាញ់​គ្នា​ ជាមួយ​​ក្រុម​ជន​អន្ធពាល។ "ខ្ញុំ​ត្រូវ​គេ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ១៤ ឆ្នាំ ព្រោះ​ខ្ញុំ​បាន​វាយ​តប់​គ្នា និង ប្រើប្រាស់​កាំភ្លើង​បាញ់​ត​គ្នា ប៉ុន្តែ គ្មាន​​ក្រុម​ណា​ស្លាប់​នោះ​ទេ ហើយ​ច្បាប់​គេ​បាន​ដាក់​ទោស​ខ្ញុំ។ ខ្ញុំ​ចង់​បញ្ជាក់​ថា ខ្ញុំ​មិនមែន​វាយ​តប់​គ្នា​ព្រោះ​តែ​ការ​ជំរិត​ទារ​ប្រាក់​អ្វី​នោះ​ទេ គឺ​គ្រាន់​តែ​ការ​ពារ​ខ្លួន និង មិត្តភ័ក្ដិ ពី​ក្រុម​បង​តូច​ បង​ធំ​ ​ប៉ុណ្ណោះ"។

 

នៅ​ក្នុង​អំឡុង​អនុវត្តន៍​ទោស​ឧក្រិដ្ឋ​ លោក កុសល បាន​ស្នើ​សុំ​គេ​រៀន​បន្ត ហើយ​ខាង​​រដ្ឋាភិបាល​បាន​អនុញ្ញាត​ ដោយ​បាន​បន្ត​ការ​សិក្សា​នៅ​ក្នុង​ពន្ធនាគារ​រយៈពេល​ ២ ឆ្នាំ ទើប​ខាង​ពន្ធនាគារ​លែង​ឲ្យ​រៀន។ "ពេល​នៅ​ក្នុង​គុក ខ្ញុំ​សុំ​គេ​រៀន ខ្ញុំ​គិត​ថា បើ​ខ្ញុំ​អត់​រៀន​ខ្ញុំ​ចេញ​ទៅ​វិញ​ខ្ញុំ​នឹង​គ្មាន​អ្វី​ទាំង​អស់ តែ​សម័យ​នោះ​ពន្ធនាគារ​ខ្លះ​បាន​រៀន ខ្លះ​អត់​ទេ តែ​ខ្ញុំ​សំណាង​​ខ្ញុំ​បាន​រៀន"។

 

ដោយ​ការ​ស្រឡាញ់​ចូល​ចិត្ត​សិល្បៈ​ និង ជំនាញ​អក្សរសាស្ត្រ​អង់គ្លេស​ខ្លះ​ៗ​ កុសល រមែង​តែង​និពន្ធ​ជា​ពាក្យ​កាព្យ​ហើយ​ច្រៀង​ ដោយ​​នៅ​ក្នុង​ពន្ធនាគារ​​ មាន​អ្នក​ជាប់​ទោស​មួយ​ចំនួន​​បាន​កោត​សរសើរ​ កុសល​ ថា តែង​ និង​ ច្រៀង​បាន​ល្អ ដូច្នេះ​ហើយ​កុសល​តែង​មួយ​ហើយ​មួយ​ទៀត។ "ខ្ញុំ​មិន​ដឹង​ម៉េច​បង ប៉ុន្តែ ខ្ញុំ​ឮ​គេ​សរសើរ​កាន់តែ​មាន​កម្លាំង​ចិត្ត​ខ្ញុំ​បាន​ប្រឹងប្រែង​សរសេរ​កាន់​តែ​ច្រើន​ឡើង"។

 

នៅ​ក្នុង​អំឡុង​ឆ្នាំ ២០១១ ក្រោយ​ពី​អនុវត្តន៍​ទោស​អស់​រយៈពេល​ ជាង ១០ ឆ្នាំ លោក ខៀវ កុសល​​ ត្រូវ​រដ្ឋាភិបាល​​អាមេរិក​និរទេស​មក​កាន់​ប្រទេស​កម្ពុជា​​ដែល​​លោក​មិន​ធ្លាប់​មក​ពី​មុន​សោះ។ ចាប់​តាំង​ពី​​ការ​និរទេស​របស់​ កុសល គឺ​លោក​​បាន​ប្រើប្រាស់​កំណាព្យ​ដើម្បី​លើក​ស្ទួយ​ស្ថានភាព​​ខ្លួន​ដើម្បី​ទាញ​ការ​ចាប់​អារម្មណ៍​ពី​មហាជន​នៅ​​កម្ពុជា និង អន្តរជាតិ។

 

នៅ​មុន​មាន​ភាព​ល្បីល្បាញ លោក ខៀវ កុសល បាន​ទឹក​ដី​នៃ​ប្រទេស​កម្ពុជា​ ដោយ​ពុំ​មាន​ស្គាល់​នរណា​ម្នាក់​សោះ​ ប៉ុន្តែ បាន​អង្គការ​មួយ​ជួយ​សម្រួល ប៉ុន្តែ លោក​បាន​បណ្ដាំ​ពី​ឪពុក ម្ដាយ ឲ្យ​ស្វែង​រក​ក្រុម​គ្រួសារ​នៅ​បាត់​ដំបង។ ក្រោយ​ពី​​បាន​រស់​នៅ​បាត់​ដំបង​ធ្វើ​ស្រែ ចម្ការ បាន​​មួយ​រយៈ​ លោក​បាន​ស្នើ​មក​រស់​នៅ​រាជធានី​ភ្នំពេញ ដោយ​មក​បម្រើ​ការងារ​នៅ​រោងភាពយន្ត Legend Cinema។ បន្ទាប់​មក​ទៀត​​ធ្វើ​ជា​គ្រូបង្រៀន​អង់គ្លេស​បាន​ ៦ ខែ ដល់​ក្មេង​ៗ​ នៅ​អង្គការ​ Hope International។

 

នៅ​មិន​យូរ​ប៉ុន្មាន​លោក កុសល បាន​​ស្គាល់​ លោក​ ម៉ាសាស៊ីរ៉ូ ស៊ុកាណុ ជនជាតិ​ជប៉ុន​ ដែល​ជា​សមិទ្ធិករ​​ធ្លាប់​ឈ្នះ​ពាន​រង្វាន់​​ជាច្រើន​តាំង​​ពី​ពាន​​រង្វាន់​​នៅ​ជា​សិស្ស​ក្នុង​ឆ្នាំ ១៩៩៧ មក​ដល់​ពាន​រង្វាន់​ថ្មី​បំផុត​របស់​លោក​នៅ​ឆ្នាំ ២០១៣ ក្នុង​នាម​ជា​អ្នក​ទទួល​ជំនួយ​នៃ​មជ្ឈមណ្ឌល​មូលនិធិ​ច្នៃ​ប្រឌិត​​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សម្រាប់​ប្រជាជន​អាស៊ី​អាមេរិក។

 

នៅ​ទី​បំផុត​​លោក​ កុសល បាន​ធ្វើ​ឲ្យ​កក្រើក​ឆាក​អន្តរជាតិ​រួម​នឹង​ការ​សម្ដែង​​ផ្ទាល់​ ព្រម​ទាំង​វីដេអូ​នៅ​លើ​បណ្ដាញ​ដែល​បាន​ចេញ​ផ្សាយ​ដោយ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​ស្ទូឌីយោ រីវ៉ូល។ កុសល​បាន​ទទួល​រង្វាន់​​ការ​សម្ដែង​​កំណាព្យ​ល្អ​បំផុត​នៅ​ក្នុង​ភាព​យន្ដ​​សម្រាប់​ការ​សម្ដែង​​របស់​លោក​ក្នុង​ខ្សែភាពយន្ត ដែល​ដឹក​នាំ​ដោយ​លោក ម៉ាសាស៊ីរ៉ូ ស៊ូកាណុ។

 

លោក កុសល ច្រៀង​ជា​កាព្យ​ភាសា​អង់គ្លេស​រៀបរាប់​ពី​ជីវិត​ពិត​ ហើយ​ស្រក់​ទឹក​ភ្នែក​ដាក់​មហាជន​

 

ដោយ​មាន​ការ​ជ្រោមជ្រែង​ពី​ក្រុម​ ស្ទូឌីយោ រីវ៉ូល លោក កុសល ត្រូវ​បាន​គេ​ជ្រើសរើស​ពី​ក្នុង​ចំណោម​បេក្ខជន​ ៦០០០ នាក់ ក្នុង​ការ​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​នាម​ជា​កវី​កំណាព្យ​​ម្នាក់​តំណាង​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា ទៅ​ចូលរួម​ក្នុង​​ព្រឹត្តិការណ៍​វប្បធម៌​អូឡាំព្យា នា​ទី​ក្រុង​ប៉ារីស​ ២០១២។

 

“ខ្ញុំ​បាន​ទៅ​ចូលរួម​នៅ​ទី​នោះ​ ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ណាស់ គេ​ជ្រើសរើស​​ខ្ញុំ​នៅ​ពេល​ខ្ញុំ​ផលិត​​វីដេអូ​តែង​ជា​កំណាព្យ​ ហើយ​គេ​ពេញ​ចិត្ត​គេ​បាន​ទាក់ទង​ខ្ញុំ​​ឲ្យ​ទៅ​ចូលរួម​នៅ​ទី​នោះ។ មុន​ពេល​ទៅ​សម្ដែង​​នៅ​អង់គ្លេស​ ខ្ញុំ​ក៏​ធ្លាប់​ទទួល​ពាន​រង្វាន់​ពី​អាល្លឺម៉ង់​ដែរ"។ កុសល និយាយ។

 

ទោះបីជា​យ៉ាង​ណា​ក៏ដោយ​ នៅ​ពេល​ដែល​ លោក ខៀវ កុសល ធ្វើ​ដំណើរ​ចាកចេញ​ពី​ភ្នំពេញ​ទៅ​ចូលរួម​កម្មវិធី​ខាងលើ​កាល​ពី​ឆ្នាំ ២០១២​ នោះ លោក​ កុសល ត្រូវ​បាន​ឃាត់​ខ្លួន​អស់​ប៉ុន្មាន​ម៉ោង​ បន្ទាប់​ពី​ទៅ​ដល់​ប្រលាន​យន្ត​ហោះ ប៉ុន្តែ​តាម​សេចក្ដីរាយការណ៍​ចុង​ក្រោយ​លោក​ កុសល ក៏​ត្រូវ​បាន​ដោះ​លែង​វិញ ​ព្រោះតែ​​ លោក​ កុសល មាន​ឯកសារ​ត្រឹមត្រូវ និង មាន​អ្នក​អញ្ជើញ​ចូលរួម​កម្មវិធី​ខាង​លើ​ច្បាស់​លាស់។

 

លោក កុសល ពេល​ចេញ​ទៅ​សម្ដែង​នៅ​ប្រទេស​អង់គ្លេស កាល​ពី​អំឡុង​ឆ្នាំ ២០១២

 

ពពក​ខ្មៅ​ងងឹត​ដែល​បាំង​បិទ​កែវ​ភ្នែក​ទាំង​គូ​​របស់​ កុសល បាន​រសាត់​ទៅ​ឆ្ងាយ​ហើយ​ ក្រោយ​ពី​បាន​ចេញ​ទៅ​សម្ដែង​នៅ​អង់គ្លេស និង រឿង​ "កូន​មាស​ម្ដាយ​"បាន​ទទួល​ពាន​រង្វាន់​ជា​ខ្សែភាពយន្ត​​ឯកសារ​​ល្អ​បំផុត​​ប្រចាំ​ឆ្នាំ ២០១៤ ពី​​សហរដ្ឋ ​អាមេរិក ក្រោយ​ពី​បាន​យក​ទៅ​ចាក់​បញ្ចាំង​លើក​ដំបូង​នៅ​ក្នុង​មហោស្រព​ភាពយន្ត​ អន្តរជាតិ​នៃ​មជ្ឈមណ្ឌល​សម្រាប់​ការ​ផ្សព្វផ្សាយ​របស់​ប្រជាជន​​ អាស៊ី-អាមេរិក​លើក​ទី ៣២។  “ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​​នៅ​ពេល​ពួកគេ​បាន​គាំទ្រ​រឿង​នេះ ព្រោះ​វា​ជា​រឿង​ពិត​របស់​ខ្ញុំ"។ លោក កុសល និយាយ​បន្ថែម។

 

លោក កុសល ក៏​បាន​និយាយ​នៅ​ក្នុង​ក្ដីសង្ឃឹម​ថា ថ្ងៃ​ណាមួយ​សហរដ្ឋអាមេរិក​ នឹង​លុបចោល​​នូវ​ច្បាប់​​និរទេស​ដ៏​អយុត្តិធម៌ ដើម្បី​ឲ្យ​គ្រួសារ​​អាច​ជួប​ជុំ​គ្នា​វិញ​បាន​ ខណៈ​លោក​កំពុង​រស់​នៅ​​ក្នុង​នាម​​អ្នក​​​និរទេស​ខ្លួន​ពី​​អាមេរិក​មក​កម្ពុជា ហើយ​លោក​ត្រូវ​រស់​នៅ​បែក​ពី​ម្ដាយ និង បងស្រី​ចំនួន​ ៦នាក់ នៅ​ឯ​ រដ្ឋ​កាលីហ្វ័រនីញ៉ា​ សហរដ្ឋ​អាមេរិក។

 

តោះ! ​ប្រសិន​បើ​ប្រិយ​មិត្ត​ចង់​ជ្រាប​ច្បាស់ ​ពី​ជីវប្រវត្តិ​ពិត​របស់​ លោក ខៀវ កុសល កុំ​ភ្លេច​ទៅ​ទស្សនា​រឿង "កូន​មាស​ម្ដាយ" នៅ​រោង​ភាពយន្ដ Major Cineplex by Cellcard ចាប់​ពី​ថ្ងៃ​ទី ២៩ ខែ​ មករា ខាងមុខ​នេះ។ ដោយ​ឡែក​ ខ្សែភាពយន្ត​នេះ​​ ដែល​​នឹង​ត្រូវ​​ចាក់​បញ្ចាំង​​ជូន​ជា​សាធារណៈ​ចាប់​ពី​ថ្ងៃ​ សុក្រ ទី ៣០ ខែ មករា នៅ​រោងភាពយន្ត Major Cineplex by Cellcard, Platinum Cineplex និង រោង​ភាព​យន្ត​ Legend Cinema។​ ខ្សែភាពយន្ត​នេះ នឹង​​ត្រូវ​ចាក់​បញ្ចាំង​​យ៉ាង​ហោច​ណាស់​រយៈពេល​ពេញ​មួយ​សប្ដាហ៍​នៅ​ក្នុង​ រោង​ភាព​យន្ត​ចំនួន​ ៥ ក្នុង​ រាជធានី​ភ្នំពេញ៕

 

 

http://youtu.be/rzwzyAZ2LlY

 

អត្ថបទ៖ ប៊ិន ប៊ុណ្ណា