ប្រធានក្រុម Secret បង្ហើបអាថ៌កំបាំងការចាប់ផ្តើមកម្សាន្តកីឡាអេឡិចត្រូនិក
- 2015-01-23 17:36:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រធានក្រុម Secret បង្ហើបអាថ៌កំបាំងការចាប់ផ្តើមកម្សាន្តកីឡាអេឡិចត្រូនិក
ចន្លោះមិនឃើញ
លី ជីងហាវ ប្រធានក្រុមកីឡាអេឡិចត្រូនិកកម្ពុជា Secret ដែលជាម្ចាស់ជើងឯកពានរង្វាន់កីឡាអេឡិចត្រូនិកអន្តរជាតិ MATIC 2015 បានប្រាប់ពីបទពិសោធន៍ពីការចាប់ផ្តើមលេងកីឡាអេឡិចត្រូនិក E-Sport ថា មកពីចំណង់ចំណូលចិត្តបូកផ្សំការយល់ឃើញថា E-Sport ជាប្រភេទកីឡាទំនើបដែលប្រើបញ្ញានិងភាពឈ្លាសវៃ រួមទាំងការចេះសហការគ្នាដ៏ខ្លាំងដើម្បីជ័យជំនះ។
ជីងហាវ ដែលមានស្រុកកំណើតនៅខេត្តបាត់ដំបងបានឲ្យដឹងថា ការចាប់ផ្តើមលេងកីឡាអេឡិចត្រូនិក E-Sport របស់គេមានរយៈ ពេល ៣ ឆ្នាំមកហើយ ដោយការចាប់ផ្តើមដំបូងគ្រាន់តែចង់កម្សាន្តធម្មតា និងចង់ស្វែងយល់ពីកីឡាដ៏គួរឲ្យចាប់អារម្មណ៍នេះប៉ុណ្ណោះ។
យុវជនកូនទោលរូបនេះបន្តថា E-Sport អាចហៅថាការលេងហ្គេម តែការលេងហ្គេមនេះមិនជាការលេងភ្នាល់ ឬ ស៊ីសងរហូតដល់អស់លុយកាក់អ្វីទេ។
ជីងហាវបន្តថា តាំងពីចេះលេងដំបូងគ្រួសាររបស់គេមិនដែលជំទាស់ទេ ព្រោះគេមិនដែលលេងរហូតបាត់បង់ការសិក្សានោះឡើយ ពោលគឺលេងតែនៅពេលទំនេរ ព្រោះចង់កម្សាន្តនិង លំហែកាយខ្លះៗ។ តែមានអ្នកនៅជុំវិញមួយចំនួនពួកគេមិនយល់ដោយគិតថា E-Sport ជាប្រភេទហ្គេមពង្វក់ស្មារតីទៅវិញ។
"កីឡានេះគឺការលេងពឹងផ្អែកលើសមត្ថភាពពិតៗជាពិសេសគឺទាមទារឲ្យមានប្រាជ្ញាស្មារតីល្អ មិនមែនធ្វើឲ្យយើងភ្លេចបាយភ្លេចទឹកភ្លេចការសិក្សាអីនោះទេ"។
ជីវហាវបញ្ជាក់ថា កីឡា E-Sport មានការពេញនិយមលើពិភពលោក និងក៏មានការៀបចំព្រឹត្តិការណ៍ប្រកួតធំៗសុទ្ធតែតំណាងប្រទេសចូលរួម។
ក្រុមកីឡាអេឡិចត្រូនិកកម្ពុជា Secret បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់កីឡាអេឡិចត្រូនិកអន្តរជាតិ MATIC ប្រចាំឆ្នាំ២០១៥កាលពីថ្ងៃទី ១៨ នៅក្នុងប្រទេសចិន។ ការប្រកួតនេះមានក្រុមតំណាងប្រទេសជាច្រើនចូលរួមមានដូចជា ចិន, ថៃ, សិង្ហបុរី, ឥណ្ឌូណេស៊ី, កម្ពុជា, តៃវ៉ាន់,ម៉ាឡេស៊ី។
លោកថា E-Sport បានក្លាយជាកីឡាដែលមានការទទួលស្គាល់ ដោយថ្មីៗនេះទើបបានក្លាយជាសមាជិកថ្មីនៃគណៈកម្មការជាតិអូឡាំពិកកម្ពុជា និងក៏កំពុងស្ថិតនៅក្នុងគម្រោងវិញ្ញសាកីឡា SEA Game ផងដែរ។ ដូច្នេះមិត្តយុវវ័យអាចកម្សាន្តកីឡាអេឡិចត្រូនិក E-Sport ស្វែងយល់ពីកីឡាកម្សាន្តសម័យថ្មីនេះ ដោយខំពង្រឹងសមត្ថភាពដើម្បីអាចមានឱកាសចូលរួមការប្រកួតជាអន្តរជាតិស្វែងរកជ័យជំនះមុខមាត់កិត្តិយសជូនប្រទេសជាតិ។
http://youtu.be/FCVM9RhqU38
http://youtu.be/IrBQZ3WoskU
អត្ថបទ៖ ដារ៉ាឆានី