ត្រាយអាស៊ី ​ត្រៀម​ជើង​បិទ​​ ប្រាក់ មុន្នីឧត្តម​ វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ Hun Sen Cup​

  • 2015-02-06 17:40:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្វឹក​វ័យ​ក្មេង​បណ្តោះ​អាសន្ន​ក្លិប​​ត្រាយអាស៊ី​​​​ព្រួយ​បារម្ភ​​ពេល​ក្លិប​របស់​លោក​​ប៉ះ​ម្ចាស់​ផ្ទះ​ស្វាយរៀង​ក្នុង​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នៃ​ពាន​សម្តេច ហ៊ុន សែន នា​ថ្ងៃ​ពុធ ទី​១១ ខែ​កុម្ភៈ​នេះ​នៅ​ខេត្ត​ស្វាយរៀង។

លោក ឈូក ពិសិទ្ធ (ឆ្វេង) និង​​ម្ចាស់​ក្លិប (ស្តាំ)

 

លោក​ ឈូក ពិសិដ្ឋ​ គ្រូ​បណ្ដោះអាសន្ន​របស់​ ត្រាយអាស៊ី​ បាន​និយាយ​ថា​ វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នេះ​ ក្រុម​របស់​លោក​កំពុង​ព្យាយាម​​ហ្វឹកហាត់​យ៉ាង​ម៉ត់ចត់​ និង​រក​វិធី​សាស្ត្រ​​​ការពារ​ផ្នែក​ប្រយុទ្ធ​ដ៏​មុត​ស្រួច​របស់​ស្វាយរៀង។ លោក​បន្ត​ថា​ ៖«អ្វី​គួរ​ឲ្យ​បារម្ភ​នោះ​គឺ​​​​ស្វាយ​រៀង​​លេង​​យល់​ចិត្ត​គ្នា​​ ហើយ​លឿន​ ជា​ពិសេស​ខ្សែ​ប្រយុទ្ធ​ពោរពេញ​ដោយ​​កម្លាំង​ដ៏​គ្រោះ​ថ្នាក់​»។

 

ពិសិដ្ឋ​​ និយាយ​ទៀត​ថា​ កីឡាករ​របស់​ស្វាយរៀង​​អាច​លេង​យល់​ចិត្ត​គ្នា​បាន​យ៉ាង​ល្អ ដោយ​សារ​​​ពួក​គេ​​ហាត់​​និង​​លេង​ជាមួយ​គ្នា​តាំង​​ពី​យុវជន។ កីឡាករ​ខ្សែ​ប្រយុទ្ធ​មួយ​រូប​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ និង​​គ្រោះថ្នាក់​បំផុត​នោះ​គឺ ប្រាក់ មុន្នី​ឧត្ដម​ ដែល​តែង​តែ​រក​គ្រាប់​បាល់​បាន​ និង​ជា​​កីឡាករ​វ័យ​ក្មេង​កំពុង​ឡើង​ជើង។ ដូច្នេះ​ក្រុម​របស់​លោក​ត្រូវ​​ប្រុង​ប្រយ័ត្ន​ចំពោះ​កីឡាករ​រូប​នេះ​ជា​និច្ច។

 

ទោះ​ជា​យ៉ាង​ណា ​គ្រូ​បង្វឹក​បណ្តោះ​អាសន្ន​ដែល​បាន​ជួយ​ឲ្យ​ត្រាយ​អាស៊ី​ឡើង​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នេះ​នៅ​តែ​​សង្ឃឹម​ខ្ពស់​​ដោយ​ផ្អែក​លើ​​​ការ​សន្និដ្ឋាន​ ​​និង​​​សិក្សាស្វែង​យល់​​​ពី​គូ​ប្រកួត​របស់​លោក។

 

ត្រាយ​អាស៊ី​កំពុង​ហ្វឹកហាត់

 

លោក​បាន​និយាយ​ថា​ ៖«កីឡាករ​របស់​ខ្ញុំ​ល្អ​ៗ​ច្រើន​ ដូច​ជា​ សុខ ចាន់​រស្មី សួង វិរៈ, តាំង​ សុភ័ក្ដ លេង​ជា​ខ្សែ​ប្រយុទ្ធ​ និង​ប្រយុទ្ធ​ស្លាប​ ហើយ​​មួយ​​ទៀត​​ គូច​ ដានី លេង​ជា​ខ្សែ​បម្រើ​ស្លាប»។ រហូត​ដល់​ពេល​នេះ​សមាជិក​ក្រុម​របស់​លោក​​គ្មាន​បញ្ហា​អ្វី​ ឬ​អវត្តមាន​នរណា​ម្នាក់​ឡើយ។

 

ស្រប​ពេល​ដែល​គូ​ប្រកួត​ជា​ម្ចាស់​ផ្ទះ និង​មាន​អ្នក​គាំទ្រ​ច្រើន ប៉ុន្តែ​លោក ឈូក ពិសិទ្ធ​បាន​បញ្ជាក់​ថា ក្រុម​របស់​លោក​​មិន​​​គិត​រឿង​អ្នក​គាំទ្រ​ច្រើន​​ឬ​​តិច​នោះ​ទេ ហើយ​ក៏​មិន​តក់​ស្លុត​​នៅ​លើ​ទឹក​ដី​របស់​គេ​ដែរ។

 

មុន​ឈាន​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នេះ ត្រាយ​អាស៊ី​បាន​​យកឈ្នះ​ អាល់​ប៊ីរ៉ីចនីហ្គាតាភ្នំពេញ​ក្នុង​លទ្ធផល​ ២-០៕ វីដេអូ៖ ត្រាយ​អាស៊ី​ហ្វឹកហាត់ http://youtu.be/0TVKcdPmP3M អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​ ​​​​​​​​​​

អត្ថបទថ្មី