ម្ចាស់​ក្លិប​ត្រាយ​អាស៊ី​ថ្មី ​ចំណាយ​​២៨​​​ម៉ឺន​ដុល្លារ​មួយ​ឆ្នាំ ​ក្នុង​ពេល​៣​ឆ្នាំឈ្នះ​ជើង​លីកកម្ពុជា​ឲ្យ​បាន

  • 2015-02-16 16:13:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​ក្លិប​ថ្មី​របស់​​ត្រាយ​អាស៊ី​ភ្នំពេញ​​​ក្រុម​ហ៊ុន Forward គ្រោង​ចំណាយ​ថវិកា​យ៉ាង​ហោច​ណាស់​២៨​ម៉ឺន​ដុល្លារ​អាមេរិក​​ក្នុង​មួយ​ឆ្នាំ និង​គ្រោង​ចំណាយ​ពេល​៣​ឆ្នាំ​ដើម្បី​​យក​​ជើង​ឯក​​លីក​បាល់ទាត់​កំពូល​កម្ពុជា​ឲ្យ​បាន បន្ទាប់​ពី​ក្រុម​ហ៊ុន​ម្ចាស់​ក្លិប​ចាស់​ជួប​វិបត្តិ​ហិរញ្ញវត្ថុ ហើយ​​​​លក់​​​ឲ្យ​អ្នក​ផ្សេង​ក្រោយ​​ពាន Hun Sen Cup ឆ្នាំ​២០១៥​នេះ​ចប់។

 

លោក Akihiro Kato ប្រធាន​ក្រុម​ហ៊ុន Forward បាន​ផ្ដល់​បទ​សម្ភាសន៍​ពិសេស​មួយ​ដល់​ Sabay​ កាល​ពី​ពេល​ថ្មី​ៗ​នេះ​ថា ក្រុម​ហ៊ុន​របស់​លោក​បាន​សម្រេច​ទិញ​យក​ក្លិប​ត្រាយ​អាស៊ី​ភ្នំពេញ​មក​គ្រប់​គ្រង​ បន្ទាប់​ពី​ចប់​ពាន​សម្តេច​ ហ៊ុន សែន។ ក្រុម​ហ៊ុន​របស់​លោក​ធ្វើ​អាជីវកម្ម​ផ្សេង​នៅ​ប្រទេស​ជប៉ុន ហើយ​នៅ​​​​កម្ពុជា​មិន​មែន​ផ្តោត​លើ​សេវាកម្ម​បាល់ទាត់​​ទេ​​ ប៉ុន្តែ​ដោយ​សារ​លោក​ចង់​ជួយ​ដល់​វិស័យ​បាល់ទាត់​កម្ពុជា​ទើប​លោក​សម្រេច​យក​ក្លិប​ត្រាយ​អាស៊ី។

 

 

លោក​ប្រធាន​ក្រុម​ហ៊ុន​​បាន​រំលឹក​ថា កាល​ពី​ជាង​១៥​​ឆ្នាំ​មុន លោក​បាន​មក​ប្រទេស​កម្ពុជា​ម្តង​ក្នុង​គោលបំណង​ដើរ​កម្សាន្ត​​​ប៉ុណ្ណោះ។ ពេល​នោះ​លោក​បាន​ដើរ​កម្សាន្ត​នៅ​ភ្នំពេញ ខេត្ត​សៀមរាប និង​បាត់ដំបង។ លោក​ថា ៖«ពេល​ខ្ញុំ​ទៅ​ដល់​បាត់ដំបង ខ្ញុំ​បាន​​ជួប​ក្មេង​​ប្រុសម្នាក់​​ ហើយ​ខ្ញុំ​លេង​ជា​មួយ​គេ។ ខ្ញុំ​សួរ​គេ​ថា ផ្ទះ​នៅ​ណា? ក្មេង​នោះ​ប្រាប់​ថា គេ​អត់​មាន​ផ្ទះ​នៅ​ទេ គេ​​រស់​នៅ​តាម​ចិញ្ចើម​​ថ្នល់។ ខ្ញុំ​​​ខ្លោច​ចិត្តយ៉ាង​ខ្លាំង រក​អី​និយាយ​មិន​ចេញ​​ទេ...​ ខ្ញុំ​សួរ​គេថា​ ប្អូន​ចង់​បាន​អី គេ​ប្រាប់​ថា គេ​ចង់​បានបាល់»។

 

ភាសា​របស់​ក្មេង​ប្រុស​ខាង​លើ​បាន​ដិត​ជាប់​​ក្នុង​ខួរ​ក្បាល​របស់​លោក​ជា​និច្ច​ ហើយ​​​​​​តែង​តែ​គិត​ថា ​ថ្ងៃ​ណា​មួយ​​​មាន​ឱកាស​ លោក​នឹង​មក​ធ្វើ​សកម្មភាព​​​​បាល់ទាត់​នៅ​​​កម្ពុជា​ និង​អាច​ផ្តល់​បាល់​ឲ្យ​ក្មេង​កម្ពុជា​បាន​លេង​កម្សាន្ត។ ដូច្នេះ​ហើយ​ទើប​បាន​ជា​លោក​សម្រេច​ទិញ​យក​ក្លិប​ត្រាយ​អាស៊ី​ភ្នំពេញ​នៅ​ពេល​នេះ។

 

ពាក់​ព័ន្ធ​នឹង​តម្លៃ​នៃ​ការ​ទិញ​យក​ក្លិប​ត្រាយ​អាស៊ី លោក​ Akihiro Kato មិន​បាន​បញ្ជាក់​ឲ្យ​ដឹង​នោះ​ទេ ប៉ុន្តែ​លោក​បាន​បង្ហើប​ឲ្យ​ដឹង​ពី​គម្រោង​សម្រាប់​រយៈ​ពេល​៣​ឆ្នាំ​ចាប់​ពី​ឆ្នាំ​២០១៥​ដល់​២០១៧។ លោក​បាន​និយាយ​ថា ៖«សម្រាប់​រយៈ​ពេល​៣​ឆ្នាំ​គឺ​ពី​ឆ្នាំ​២០១៥​នេះ ខ្ញុំ​គ្រោង​ចំណាយ​ប្រាក់​ប្រហែល​ជា​២៨​ម៉ឺន​ដុល្លារ​អាមេរិក​​ក្នុង​មួយ​ឆ្នាំ​។ គោលដៅ​សំខាន់​របស់​ខ្ញុំ​មាន​ពីរ​គឺ​ទី​មួយ​ត្រូវ​យក​ពាន​រង្វាន់​បាល់ទាត់​លីក​កំពូល​កម្ពុជា​ឲ្យ​បាន​ក្នុង​រយៈ​ពេល​​៣​ឆ្នាំ​ខាង​មុខ​ ហើយ​ទី​ពីរ ធ្វើ​សកម្មភាព​នានា​ដើម្បី​ផ្តល់​ឱកាស​ដល់​ក្មេង​កម្ពុជា​បាន​លេង​បាល់​គ្រប់​បណ្ដា​ខេត្ត​ក្រុង»។

 

 

ទោះ​បី​ជា​យ៉ាង​ណា​ថវិកា​របស់​លោក​មិន​មែន​មក​ពី​ក្រុម​ហ៊ុន​ទាំង​ស្រុង​នោះ​ទេ​គឺ​បាន​មក​ពី​ប្រជា​ជន​ជប៉ុន​មួយ​ចំនួន​ដែល​នាំ​គ្នា​បរិច្ចាគ​ដើម្បី​ទិញ​យក​ក្លិប​ត្រាយ​អាស៊ី​ភ្នំពេញ​នេះ។ លោក​បញ្ជាក់​ថា ៖«ខ្ញុំ​បាន​ដើរ​ប្រមូល​​ថវិកា​ពី​ប្រជា​ជន​ជប៉ុន​​ពី​នេះ​បន្តិច​ ពី​នោះ​បន្តិច​​ដើម្បី​យក​មក​ធ្វើ​សកម្មភាព​បាល់ទាត់​នៅ​ស្រុក​ខ្មែរ​នេះ។ ខ្ញុំ​នឹង​ព្យាយាម​រក​ប្រាក់​បន្ថែម​ទៀត​ដើម្បី​យក​មក​ធ្វើ​សកម្មភាព​ឲ្យ​បាន​ច្រើន​នៅ​កម្ពុជា​ ជា​ពិសេស​ខ្ញុំ​នឹង​រៀបចំ​គម្រោង​មួយ​តាម​បណ្ដា​ខេត្ត​ដើម្បី​ចែក​បាល់​ដល់​ក្មេង​កម្ពុជា»។

 

ចំពោះ​កីឡដ្ឋាន​ផ្ទាល់​ខ្លួន​សម្រាប់​រៀប​ចំ​ការ​ប្រកួត​ក្នុង​ដី និង​ក្រៅ​ដី​វិញ ក្លិប​របស់​លោក​មិន​ទាន់​បាន​គិត​គូរ​នៅ​ឡើយ​ទេ ប៉ុន្តែ​នៅ​ពេល​ខាង​មុខ​លោក​នឹង​ព្យាយាម​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ទី​លាន​ផ្ទាល់​ខ្លួន ពី​ព្រោះ​ទី​លាន​ជា​​កន្លែង​ដ៏​សំខាន់​សម្រាប់​ស្វែង​រក​ប្រាក់​ចំណូល ខណៈ​ពេល​នេះ​ក្លិប​របស់​លោក​គ្មាន​​អ្វី​សម្រាប់​រក​ប្រាក់​ចំណូល​បន្តិច​ឡើយ។

 

ទន្ទឹម​ជា​មួួ​យ​នេះ លោក​គ្រោង​ដូរ​ឈ្មោះ​ក្លិប​ថ្មី ប៉ុន្តែ​មិន​ទាន់​សម្រេច​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ​ដោយ​ស្ថិត​នៅ​ក្នុង​ការ​ពិភាក្សា។

 

ក្លិប​ត្រាយ​អាស៊ី​ដែល​ដឹក​នាំ​ដោយ​ម្ចាស់​ក្លិប​លោក Kenji Yoshida បាន​ចាប់​កំណើត​នៅ​លើ​ទឹក​ដី​ប្រទេស​កម្ពុជា​បាន​រយៈ​ពេល​៣​ឆ្នាំ​ហើយ​​គិត​ត្រឹម​​ឆ្នាំ​២០១៥​នេះ។ កាល​ពី​ឆ្នាំ​២០១៣​​ក្លិប​មួយ​នេះ​បាន​ក្លាយ​ជា​ជើង​ឯក​សម្រាប់​បាល់ទាត់​ក្រប​ខណ្ឌ​ក១​របស់​កម្ពុជា ហើយ​ក៏​បាន​ចូល​លេង​នៅ​លីក​កំពូល​កម្ពុជា​កាល​ពី​ឆ្នាំ​២០១៤​ដោយ​បញ្ចប់​ទៅ​ក្នុង​ចំណាត់​លេខ​៥។ សម្រាប់​ដើម​ឆ្នាំ​២០១៥​នេះ​ត្រាយ​អាស៊ី​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣​នៃ​ពាន​សម្តេច​ ហ៊ុន សែន មុន​ពេល​ធ្លាក់​ទៅ​លើ​ដៃ​ម្ចាស់​ក្លិប​ថ្មី៕

 

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទថ្មី