គួច ដានី ទៅ​ធ្វើ​តេស្ដ​លេង​​ហ៊្វូតសាល នៅ​លីក​អាជីព​ជប៉ុន

  • 2015-02-23 16:13:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​កូនខ្មែរ-បារាំង គួច ដានី របស់​ក្រុម​ត្រាយអាស៊ី បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​តូក្យូ​កាល​ពី​​សប្ដាហ៍​មុន​ដើម្បី​ធ្វើ​តេស្ដ​សមត្ថភាព​ជាមួយ​ក្រុម​បាល់ទាត់​​ហ៊្វូតសាល​ដែល​ជា​សមាជិក​លីក​​អាជីព​ជប៉ុន ក្រោយកិច្ចសន្យា​របស់​ខ្លួន​ជាមួយ​ក្លិប​​នឹង​ត្រូវ​ផុត​កំណត់​​ចុង​ខែ​ កុម្ភៈ នេះ។

 

 

គួច​ ដានី (ក្រហម) បង្ហាញ​ខ្លួន​ចុង​ក្រោយ​ឱ្យ​ក្រុម​ត្រាយអាស៊ី​ក្នុង​វគ្គ​ដណ្ដើម​លេខ ៣ ពាន Hun Sen Cup 2015

 

ប្រាប់ Sabay តាម​រយៈ​បណ្ដាញ​សង្គម ហ្វេសប៊ុក គួច ដានី ឆ្លើយ​ថា​រូប​គេ​​បាន​ធ្វើ​ដំណើរ​ទៅ​ជប៉ុន តាំង​ពី​ថ្ងៃ​សុក្រ សប្ដាហ៍​មុន​មក​ម៉្លេះ ខណៈ​​ក្លិប​ត្រាយអាស៊ី ទើប​តែ​ជូន​ដំណឹង​ដល់​អ្នក​គាំទ្រ​នៅ​ថ្ងៃ​សៅរ៍ ពោល​គឺ​ក្រោយ​មួយ​ថ្ងៃ។ សាមី​ខ្លួន​សុំ​មិន​ឆ្លើយ​ចំពោះ​ដំណើរ​ទៅ​កាន់​ទឹក​ដី​​ប្រទេស​​ជើង​ខ្លាំង​បាល់ទាត់​ប្រចាំ​ទ្វីប​អាស៊ី មួយ​នេះ​ទេ​ដោយ​​ទុក​សិទ្ធិ​ឱ្យ អ្នកចាត់ការ​ទូទៅ​ក្រុម​ត្រាយអាស៊ី ជា​អ្នក​ឆ្លើយ​ជំនួស។

  លោក Kenji Yoshida អ្នក​ចាត់ការទូទៅ​របស់​ក្រុម​ត្រាយអាស៊ី បាន​​ប្រាប់​ថា គួច ដានី ពិត​ជា​ទៅ​ប្រទេស​ជប៉ុន ដើម្បី​ធ្វើ​តេស្ដ​សមត្ថភាព​លេង​ហ៊្វូតសាល​មែន ជាមួយ​ក្លិប​ល្បីៗ ដូចជា Bardral Urayasu, Fugador Sumida ជាដើម។

 

លោក​ថា​សមត្ថភាព​របស់ ដានី នៅ​​ត្រូវ​ការ​កែប្រែ​បន្ថែម​ទៀត​ជា​ច្រើន ដើម្បី​អាច​ចាប់​អាជីព​នៅ​ជប៉ុន​បាន​ ប៉ុន្ដែ​​លោក​ជឿជាក់​លើ​បច្ចេកទេស​ និង ឆន្ទៈ​របស់​កីឡាករ​ខ្មែរ-បារាំង​រូប​នេះ​​អាច​នឹង​ធ្វើ​ឱ្យ​ជោគជ័យ​បាន​នៅ​ទីនោះ។

 

គួច ដានី ជា​កីឡាករ​ខ្មែរ​​ម្នាក់​ក្នុង​ចំណោម ៣ នាក់​មក​ពី​ស្រុក​បារាំង ​ដែល​បាន​ធ្វើ​ដំណើរ​មក​​ប្រកប​របប​ជា​កីឡាករ​បាល់ទាត់​នៅ​កម្ពុជា ដំណាល​គ្នា​នៅ​ឆ្នាំ ២០១២ ក្រោម​ការ​បណ្ដុះបណ្ដាល​ពី​លោក ប៉ែន ផាត អតីត​​សមាជិក​ជម្រើស​ជាតិ​កម្ពុជា អំឡុង​ទសវត្ស​ទី ៦០ ដោយ​ក្នុង​នោះ​មាន ធារី ចន្ថាប៊ីន និង កុក បូរីស នៅ​ក្លិប​ភ្នំពេញក្រោន រួម​ទាំង​កីឡាករ ប៉ែន ស្ទេហ្វេន អតីត​កីឡាករ​ណាហ្គាខប (ត្រឡប់​ទៅ​បារាំង​វិញ)។

 

កីឡាករ​រូប​នេះ​​ចេះ​លេង​បាល់ទាត់​ដំបូង​ចេញ​ពី​ប្រភព​​បាល់ទាត់​ហ្វូតសាល រហូត​អាច​ឱ្យ​រូប​គេ​ជាប់​ក្នុង​ឈុត​​ក្រុម​ជម្រើស​ជាតិ​ហ៊្វូតសាល​​របស់​បារាំង​អាយុ​ក្រោម​២១​ឆ្នាំ (U-21) ថែម​ទៀត​ផង មុន​ធ្វើ​ដំណើរ​មក​​កាន់​ប្រទេស​កម្ពុជា។

 

តើ​ដានី អាច​ក្លាយ​ជា​កីឡាករ​ខ្មែរ​ដំបូង​អាច​ប្រកប​អាជីព​នៅ​លើ​ទឹកដី​ប្រទេស​ជប៉ុន​បាន​ដែរ​ឬទេ?

 

អត្ថបទ៖ ម៉ឺន រស្មី

អត្ថបទថ្មី