១២ ក្រុម​ត្រៀម​ចូល​ប្រកួត​លីក​បាល់បោះ​រដូវកាល ២០១៥

  • 2015-03-06 18:30:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាងហ៊ោច​ណាស់​មាន​​ក្រុម​បាល់បោះ​លក្ខណៈ​អាជីព​ចំនួន ១២ ក្រុម​ត្រៀម​ខ្លួន​បង្ហាញ​សមត្ថភាព​នៅ​ក្នុង​លីក​បាល់បោះ​កម្ពុជា ឆ្នាំ​ទី៣ Angkor Beer Basketball League 2015 ដែល​គ្រោង​ចាប់​ផ្ដើម​នៅ​ចុង​ខែ​មីនា នេះ ឆ្នាំ ២០១៥ នេះ។

 

 

សកម្មភាព​ប្រកួត​បាល់បោះ​នៅ​លីក​កម្ពុជា រដូវកាល​មុន

  នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​​ព្រឹក​មិញ​​ថ្ងៃ​ទី ៦ ខែ មីនា នេះ លោក អ៊ុង ខែននិត អគ្គលេខាធិការ​សហព័ន្ធ​កីឡា​បាល់បោះ​បាន​ស្វាគមន៍​ក្រុម​ទាំង​អស់​ដែល​បាន​ធ្វើ​ជា​ផ្នែក​មួយ​ជួយ​ជម្រុះ​បាល់បោះ​ជាតិ​ឱ្យ​រីក​ចំរើន។

  ដំណាល​គ្នា​នេះ​ឯកឧត្ដម អ៊ុក សិទ្ធិជាតិ អគ្គនាយក​​​​នាយកដ្ឋាន​កីឡា​នៃ​ក្រសួងអប់រំយុវជន​និង​កីឡា​ លើក​ឡើង​ថា ការ​ប្រកួត​នេះ​ជា​ការ​កម្ដៅ​សាច់ដុំ​សម្រាប់​ក្រុម​បាល់បោះ​ជម្រើស​ជាតិ​កម្ពុជា ដើម្បី​ត្រៀម​ទៅ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ ២០១៥ ខាង​មុខ។

  លោក វ៉ាត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា រំពឹង​ថា​​ប្រសិន​ការ​រៀបចំ​នៅ​ឆ្នាំ​នេះ​ជោគជ័យ នោះ​កម្ពុជា អាច​នឹង​បង្កើត​លីក​បាល់បោះ សម្រាប់​ឈុត​យុវជន​វិញ​ម្ដង (ក្រោម​អាយុ ១៨ ឆ្នាំ)។

 

គណៈកម្មការ​រៀបចំ​ការ​ប្រកួត​​បាន​កំណត់​ថា​​ក្រុម​នីមួយ​អាច​​សុំ​ធ្វើការ​ចុះឈ្មោះ​កីឡាករ​បាន​ចំនួន​ ១៦​ នាក់ ហើយ​នៅ​គ្រប់​​ពេល​ប្រកួត​ត្រូវ​បំពេញ​ឈ្មោះ​កីឡាករ​ ក្នុង​បញ្ជី​រាយ​នាម​ចំនួន​ ១២ នាក់​ផ្ដល់​ឲ្យ​​គណៈកម្មការ​ប្រកួត​ សម្រាប់​ក្រុម​កីឡាបាល់បោះ​បរទេស​ត្រូវ​មាន​កីឡាករ​កម្ពុជា​យ៉ាង​តិច​ ០៣ នាក់​ហើយ​ម្នាក់​ត្រូវ​លេង​នៅ​លើ​ទីលាន​ប្រកួត​គ្រប់​វគ្គ​ទាំង​អស់​។

  សហព័ន្ធ​ត្រៀម​​ប្រាក់​រង្វាន់​​​ចំនួន​ ៣០០០$ ពាន ១ និង​មេដៃ​មាស ១៥​ គ្រឿង ដល់​ក្រុម​ដែល​ដណ្ដើម​បាន​ជើង​ឯក​នៅ​រដូវកាល​ថ្មី​នេះ។ ចំពោះ​ក្រុម​ចំណាត់ថ្នាក់​លេខ ២ បាន​ទឹក​ប្រាក់​ ២០០០$​ មេដៃ​ប្រាក់​ ១៥ គ្រឿង​ និង​ក្រុម​ចំណាត់​ថ្នាក់​លេខ ៣ ត្រូវ​ទទួល​បាន​​ប្រាក់ ១០០០$ និង​មេដៃ​សំរឹទ្ធ១៥ គ្រឿង​។

 

ការ​ប្រកួត​ចាប់​ពី​ថ្ងៃ​ទី ២១ ខែ មីនា ដល់ ២៦ ខែ កញ្ញា ឆ្នាំ ២០១៥ នៅ​ពហុកីឡដ្ឋាន​ជាតិ រៀងរាល់​ចុង​សប្ដាហ៍  ព្រម​ទាំង​បើក​ឱ្យ​ចូល​ទស្សនា​ដោយ​សេរី៕

 

អត្ថបទ៖ ម៉ឺន រស្មី

អត្ថបទពេញនិយម