ក្លិប ត្រាយ​អាស៊ី​ ដូរ​ឈ្មោះ​ជា​ Cambodian Tiger FC

  • 2015-03-24 13:08:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លិប​បាល់ទាត់​ត្រាយ​អាស៊ី​ភ្នំពេញ​បាន​សម្រេច​ដូរ​ឈ្មោះ​ជា​ផ្លូវ​ការ​ថា «Cambodian Tiger Football Club»​ហើយ​ បន្ទាប់​ពី​ទទួល​បាន​ម្ចាស់​គ្រប់​គ្រង​ថ្មី​ និង​ក្រោយ​ពេល​ចូល​លេង​នៅ​លីក​បាល់ទាត់​កំពូល​កម្ពុជា​បាន​មួយ​រដូវ​កាល។

 

លោក Akihiro Kato ប្រធាន​ក្រុម​ហ៊ុន Forward និង​ជា​ម្ចាស់​ក្លិប​ថ្មី​របស់​ត្រាយ​អាស៊ី​បាន​​ផ្ដល់​បទ​សម្ភាសន៍​ដល់​ Sabay​ ថា ក្លិប​ត្រាយ​អាស៊ី​ភ្នំពេញ​បាន​សម្រេច​ដូរ​ឈ្មោះ​ជា Cambodian Tiger FC ហើយ​បន្ទប់​ពី​លោក​បាន​ចូល​មក​ដឹក​នាំ​ក្រោយ​ពាន​រង្វាន់​សម្តេច​ ហ៊ុន សែន ចប់​កាល​ពី​ពេល​នេះ​ថ្មី​ៗ​នេះ។

 

 

លោក​ពន្យល់​ថា ៖«ខ្លា​ជា​សត្វ​មាន​អំណាច​ដែល​​មាន​កម្លាំង​ខ្លាំង​ ហើយ​សត្វ​ដទៃ​ខ្លាច​សត្វ​ខ្លា​ អីចឹង​​យើង​ចង់​ឲ្យ​ក្លិប​របស់​យើង​ខ្លាំង​ដូច​ខ្លា​ដែរ​។ គោល​ដៅ​របស់​យើង​គឺ​ចង់​ឲ្យ​ក្លិប​របស់​យើង​ឈាន​មុខ​គេ​ និង​ជាប់​លេខ​១​នៅ​អាស៊ី។ នៅ​លើ​​ឡូហ្គោ​ យើង​បាន​បង្ហាញ​ពី​​ទង់​ជាតិ​ខ្មែរ​ និង​បង្ហាញ​ពី​ភាព​ស្មោះ​ត្រង់​ ស្លូត​បូត​របស់​ប្រជា​ជន​ខ្មែរ»។

 

លោក​បាន​បន្ថែម​ថា​ ក្លិប​របស់​លោក​នឹង​មិន​ដូច​ក្លិប​ Albirex Niigata ភ្នំពេញ​ដែល​បាន​​ដក​ខ្លួន​ចេញ​ពី​​លីក​បាល់​ទាត់​កំពូល​កម្ពុជា​ឡើយ។ Albirex Niigata ភ្នំពេញ​បាន​ដក​ខ្លួន​ចេញ​ពី​លីក​បាល់ទាត់​កម្ពុជា​ដោយ​សារ​ក្លិប​មួយ​នេះ​មាន​វិបត្តិ​ហិរញ្ញវត្ថុ​ ប៉ុន្តែ​ក្លិប​របស់​លោក​​មាន​ប្រាក់​គ្រប់​គ្រាន់​សម្រាប់​ទ្រទ្រង់​បាន​យូរ​អង្វែង។ លោក​បាន​និយាយ​ថា ៖«​កីឡាករ​ទាំង​អស់​នៅ​ក្លិប​ Cambodian Tiger FC កុំ​​​បារម្ភ​ ក្លិប​យើង​គ្មាន​បញ្ហា​អ្វី​ឡើយ​ ហើយ​ពេល​នេះ​យើង​ទទួល​បាន​ក្រុម​ហ៊ុន​ឧបត្ថម្ភ​មក​ពី​ជប៉ុន​មួយ​ទៀត​ហើយ»។

 

លោក​ Akihiro Kato ធ្លាប់​បាន​ប្រាប់ Sabay ថា សម្រាប់​រយៈ​ពេល​៣​ឆ្នាំ​គឺ​ពី​ឆ្នាំ​២០១៥​​ដល់​ឆ្នាំ​​២០១៧​​ ក្លិប​របស់​លោក​គ្រោង​ចំណាយ​ប្រាក់​ប្រហែល​ជា​២៨​ម៉ឺន​ដុល្លារ​អាមេរិក​​ក្នុង​មួយ​ឆ្នាំ​។ គោលដៅ​សំខាន់​របស់​លោក​មាន​ពីរ​គឺ​ទី​មួយ​ត្រូវ​យក​ពាន​រង្វាន់​បាល់ទាត់​លីក​កំពូល​កម្ពុជា​ឲ្យ​បាន​ក្នុង​រយៈ​ពេល​​៣​ឆ្នាំ​ខាង​មុខ​ និង​ទី​ពីរ​ធ្វើ​សកម្មភាព​នានា​ដើម្បី​ផ្តល់​ឱកាស​ដល់​ក្មេង​កម្ពុជា​បាន​លេង​បាល់​ គ្រប់​បណ្ដា​ខេត្ត​ក្រុង៕

 

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទថ្មី