​ចាន់ ពិចិត្រ កំពូល​​និទ្ទេស A ​ឆ្នាំ​មុន​​​ចែក​រំលែក​​បទពិសោធន៍​​រៀន​សម្រាប់​អ្នក​ត្រៀម​បាក់​ឌុប

  • 2015-04-09 19:02:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​ចាប់​ផ្ដើម​​​បន្តឹង​​ការ​ប្រលង​បាក់​ឌុប​ឆ្នាំ​ដំបូង​​​ឆ្នាំ​មុន​ គឺ​មាន​តែ​បេក្ខជន​ ២៥,៧២% ប៉ុណ្ណោះ​​​ ចំណោម​​​សិស្ស​​ប្រលង​សរុប​ ៨៩៩៣៧ ​នាក់​ ដែល​​រួច​ផុត​ពី​​​ធ្លាក់​​​ក្នុង​ការ​ប្រលង​លើក​ទី​១​​។ ឆ្នាំ​នេះ​វិញ​​សិស្សានុសិស្ស​​ខ្លះ​កាន់​តែ​​ខ្វល់​​​ ព្រោះ​ក្រសួង​​បាន​ប្រកាស​ថា​នឹង​ពុំ​ផ្ដល់​ឱកាស​​​ឲ្យ​មាន​ការ​ប្រលង​លើក​ទី​២​ដូច​ឆ្នាំ​មុន​ឡើយ អីចឹង​ហើយ​តាម​រយៈ Sabay អតីត​សិស្ស​និទ្ទេស​A លេខ​លំដាប់​ពិន្ទុ​កំពូល​គេ​កាល​ឆ្នាំ​មុន​ (១០០,០០) ចាន់​ ពិចិត្រ ​បាន​ចូល​​ខ្លួន​មក​ចែក​រំលែក​​​បទពិសោធន៍​រៀន​ខ្លះ​​ៗ​ ​សម្រាប់​អ្នក​​​ត្រៀម​​​បាក់​ឌុប។

 

ចែក​ពេល​អនុវត្ត​មេរៀន ​​

អតីត​សិស្ស​​វិទ្យាល័យ​​​ព្រះបាទ​ព្រះសុរាម្រិត​ ក្រុង​កំពង់​ឆ្នាំង​ ចាន់ ពិចិត្រ ថា​ការ​បែក​ចែក​​ពេល​វេលា​អនុវត្ត​និង​ទន្ទេញ​មេរៀន​នៅ​ផ្ទះ​ ជា​រឿ​ង​សំខាន់។ ពិចិត្រ តែ​ង​ចំណាយ​ពេល​​ជាង​១​ម៉ោង​​ពេល​ទៀប​ភ្លឺ​ដើម្បី​ទន្ទេញ និង​រំលឹក​មេរៀន​។ ពិចិត្រ​ថា នៅ​ពេល​ព្រឹក​ខួ​ក្បាល​ស្រលះ​ល្អ អាច​ចងចាំ​បាន​ច្រើន​ជាង​ពេល​ណា​ទាំង​អស់។

 

ឯ​ពេល​យប់​វិញ​​ក្រោយ​ញ៉ាំ​បាយ និង​សម្រាក យុវជន​វ័យ​១៨​ឆ្នាំ​ ចំណាយ​ពេល​រាប់​ម៉ោង​ដើម្បី​ស្រាវជ្រាវ និង​អនុវត្ត​លំហាត់​​នានា​​។ «​យើង​រៀន​ពេញ​មួយ​ថ្ងៃ​ហើយ​ អីចឹង​បើ​ទន្ទេញ​មេរៀន​គឺ​មិន​ចាំ​ឡើយ ដូច្នេះ​ការ​ធ្វើ​លំហាត់​​​​គឺ​ល្អ​បំផុត វា​មិន​ចាំបាច់​ផ្ដោត​​យក​ចាំ​​​»។

 

ទប់ទល់​ស្ត្រេស្ត​

 

ជា​សិស្ស​លេច​ធ្លោ​ម្នាក់ ពិចិត្រ​ដែល​បច្ចុប្បន្ន​កំពុង​រៀន​ថ្នាក់​មូលដ្ឋាន​ត្រៀម​ចូល​សាកលវិទ្យាល័យ​​វិទ្យាសាស្ត្រ​សុខាភិបាល​ ថា​ពុំ​សូវ​ជួប​ស្ត្រេស​ខ្លាំង​ទេ​កាល​នៅ​ទី​១២​ ទោះ​ដឹង​ថា​នឹង​ប្រឈម​​​​ការ​ប្រលង​គ្មាន​ការ​បើក​ចាក់ ដែល​សិស្ស​​រាប់​ម៉ឺន​នាក់​ទូទាំង​ប្រទេស​ភ័យ​បុក​ពោះ​​។ ​យុវជន​មុខ​កូន​កាត់​ចិន​រៀប​រាប់​ថា​៖​ «​ម្ដង​​​ម្កាល​​​​តិច​តួច​ទេ​បង បើ​ថា​ស្ត្រេស្ត​ ខ្ញុំ​ចេញ​ក្រៅ​ញ៉ាំអី ជជែក​ជាមួយ​ពួក​ម៉ាក ស្ដាប់​ភ្លេង​​ គឺ​ធ្វើ​នេះ​ធ្វើ​នោះ​មិន​រៀន​ទេ ព្រោះ​​ស្ត្រេស្ត​រៀន​ម៉េច​ក៏​មិន​ចូល កុំ​ចង់​ឈ្នះ​​កុំ​គិត​តែ​ពី​រៀន​»។​

 

 

កុំ​ទុក​ចោល​នូវ​មេរៀន​ដែល​មិន​យល់

 

មិន​​ថា​ម៉ោង​គួរ​ ឬ​ម៉ោង​រដ្ឋ​ទេ ពិចិត្រ ​ត្រូវ​ចេះ​ច្បិច​យក​នូវ​អ្វី​ដែល​ជា​ចំណុច​ខ្លឹម​​ៗ កុំ​ព្យាយាម​​ចងចាំ​​ប៉ាតណា​ប៉ាត​ណី។ ​ការ​រៀន​មុខ​វិជ្ជា​វិទ្យាសាស្ត្រ​​ដាច់​ខាត​ត្រូវ​​ចេះចាំ​និង​​យល់​ឲ្យ​ច្បាស់​​ នូវ​​ធាតុ​ស្នូល​រួម​មាន រូបមន្ត ការ​ស្រង់​​សម្មតិកម្ម និង​​យល់​ឲ្យ​ច្បាស់​ថា​សំនួរ​​ត្រូវ​ការ​អី​។​​​  ​​​ម្យ៉ាង​ទៀត​ ទៅ​រៀន​សាលា​ដាច់​ខាត​កុំ​​​ទុក​ចោល​​រាល់​​​​ចំណុច​ ឬ​មេរៀន​ណា​ដែល​មិន​យល់​ឲ្យ​សោះ។ «​បើ​ខ្ញុំ​ចាប់​វា​មិន​បាន​​ មក​ដល់​ផ្ទះ​​ខ្ញុំ​ស្រាវជ្រាវ​និង​រក​ដោយ​ខ្លួន​ឯង។ បើ​​នៅ​តែ​មិន​កើត ទៅ​រៀន​វិញ​ខ្ញុំ​ពិភាក្សា​ជាមួយ​មិត្តភ័ក្តិ​​​​ស្វែង​​យល់​ពី​វា តែ​​​បើ​ថា​យើង​ធ្វើ​មិន​កើត​ទៀត​​​អា​ហ្នឹង​បាន​ទៅ​រក​គ្រូ គឺ​មិន​ត្រូវ​​ទៅ​រក​គ្រូ​ភ្លាម​ៗ​ទេ យើង​ធ្វើ​វា​ឲ្យ​អស់​សមត្ថភាព​យើង​សិន​​»។

 

ការ​​ជ្រើសរើស​មិត្តភ័ក្តិ​​ខុស​​ក្លាយ​ជា​អ្នក​ដើរ​ ត្រូវ​ក្លាយ​ជា​អ្នក​រៀន​​​

 

​ការ​​បង្កើត​ក្រុម​ដើម្បី​ជជែក​​មេរៀម​ ជា​​វិធី​​​ធ្វើ​ឲ្យ​រៀន​ពូកែ។ ការ​វែកញែក​គ្នា​ជា​ក្រុម​ អាច​ទទួល​បាន​បទពិសោធន៍​ល្អ​ៗ​ច្រើន​​ របៀប​​​រៀន​ល្អៗ​ទៅ​វិញ​ទៅ​មក ពិសេស​​ការ​រៀន​បែប​នេះ​ងាយ​ចងចាំ​ ជា​ជាង​រៀន​តែ​ឯង​ ឬ​​​ស្ដាប់​គ្រូ​​​​​​។ ប៉ុន្តែ​​ការ​ជ្រើសរើស​មិត្តភ័ក្ដិ​​​ត្រូវ​ពិចារណា​ដើម្បី​​​​ការ​សិក្សា​​ជោគជ័យ​។ បើ​រើស​យក​អ្នក​រៀន​ជា​គ្នា​ នឹង​ក្លាយ​សា​សិស្ស​ពូកែ ​តែ​​​បើ​រើស​អ្នក​ពូកែ​ដើរ​នឹង​ក្លាយ​ជា​អ្នក​លេង។  «រើស​មិត្ត​ក៏​ត្រូវ​រើស​អ្នក​រៀន​ បើ​គេ​មាន​សមត្ថភាព​ប្រកួត​ប្រជែង​នឹង​យើង​ គឺ​យើង​អាច​​ចែក​រំលែក​គ្នា រៀន​ប្រកួត​គ្នា​ រីក​ចម្រើន​ទាំង​អស់​គ្នា​​»។

 

ការ​ប្រលង​​​​សញ្ញាប័ត្រ​​​មធ្យមសិក្សា​​ទុតិយភូមិ​​​​ទូទាំង​ប្រទេស​​​​​​​នឹង​ចាប់​ផ្ដើម​នៅ​ខែ​​២៤​​សីហា​ ដែល​ក្រសួង​បាន​​ប្រកាស​ថា​គ្មាន​ទេ​ការ​ប្រលង​លើក​ទី​២​ដូច​ឆ្នាំ​មុន សម្រាប់​អ្នក​ធ្លាក់​ពី​​ការ​ប្រលង​គ្មាន​ការ​​បើក​ចម្លង​​ឬ​សូក​ប៉ាន់​នេះ​​​​ ដរាប​ណា​​​​​មិន​​​មាន​រឿង​​​​​ដែល​មិន​អាច​គិត​ទុក​មុន​បាន​កើត​ឡើង​​ [ប្រធាន​សក្តិ]។

 

អត្ថបទ៖ ប៉ែន សុផាន់ណា​