Dar រៃអង្គាសបាន៣៧០ដុល្លារដើម្បីជួយបាល់បោះខ្មែរនៅស៊ីហ្គេម
- 2015-04-21 17:12:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Dar រៃអង្គាសបាន៣៧០ដុល្លារដើម្បីជួយបាល់បោះខ្មែរនៅស៊ីហ្គេម
ចន្លោះមិនឃើញ
បន្ទាប់ពីប្រកាសស្វែងរកជំនួយកាលពីជាង១០ថ្ងៃមុន កីឡាករបាល់បោះកូនកាត់ខ្មែរ-អាមេរិក Dominic Anthony Dar ទទួលបានប្រាក់ឧបត្ថម្ភ៣៧០ដុល្លារអាមេរិកហើយសម្រាប់ថ្លៃយន្តហោះក្នុងការធ្វើដំណើរមកជួយក្រុមបាល់បោះជម្រើសជាតិកម្ពុជានៅព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍(ស៊ីហ្គេម)នៅប្រទេសសិង្ហបុរីនាខែមិថុនាខាងមុខនេះ។
គិតត្រឹមថ្ងៃនេះ មានសប្បុរសជន៤នាក់ហើយដែលបានជួយឧបត្ថម្ភដែលសរុបទឹកប្រាក់បានចំនួន៣៧០ដុល្លារអាមេរិក។ សប្បុរជនទីមួយបរិច្ចាក៥០ដុល្លារ ទីពីរបរិច្ចាគ២៥ដុល្លារ ទីបីបរិច្ចាគ២០០ដុល្លារ និងទីបួនបរិច្ចាគ១០០ដុល្លារ។ តាមការកំណត់របស់ Dar គឺចំនួន២០០០ដុល្លារអាមេរិក។
ជុំវិញការប្រកាសរកជំនួយនេះ Dominic Anthony Dar បានរៀបរាប់ថា ៖«ដូចលោកអ្នកដឹងស្រាប់ហើយ ឬមិនបានដឹងថា កាលពីឆ្នាំ២០១៣ ខ្ញុំបានលេងបាល់បោះនៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ហើយខ្ញុំតំណាងឲ្យប្រទេសកម្ពុជា។ វាជាបទពិសោធម៍មួយដ៏ល្អ និងធំធេងជាអ្វីដែលខ្ញុំលេងកីឡាដែលខ្ញុំស្រលាញ់។ ខ្ញុំមិនត្រឹមតែលេងសម្រាប់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ខ្ញុំលេងសម្រាប់គ្រួសារខ្ញុំ មិត្តភ័ក្តិខ្ញុំ និងអ្នកទាំងអស់គ្នាដែលគាំទ្រខ្ញុំ»។
Dar បានបន្តថា ៖«វាបង្ហាញខ្ញុំនូវអ្វីៗជាច្រើន ហើយថា អ្នកអាចជឿជាក់លើខ្លួនឯងចំពោះអ្វីដែលអាចធ្វើបាន។ ខ្ញុំសង្ឃឹមមានឱកាសបានលេងឲ្យក្រុមបាល់បោះកម្ពុជាទៀតសម្រាប់ស៊ីហ្គេមខែមិថុនាខាងមុខនេះ។ បញ្ហាតែម្យ៉ាងគត់ដែលខ្ញុំប្រឈមគឺលុយសម្រាប់ថ្លៃយន្តហោះ។ ដើមឡើយខ្ញុំមានលុយហើយ តែរថយន្តចាស់របស់ខ្ញុំខូច ដូច្នេះខ្ញុំបានយកលុយនោះទិញរថយន្តថ្មីសម្រាប់ទៅរៀន និងធ្វើការ»។
«ឥឡូវនេះស្ថានភាពរបស់ខ្ញុំកំពុងជួបការលំបាកចំពោះការទៅរៀន ធ្វើការក្រៅម៉ោង ចំណាយលើការជួល និងចំណាយផ្សេងៗទៀត។ វាជាផ្នែកមួយនៃមនុស្សធំ។ ខ្ញុំសូមស្នើសុំអ្នកទាំងអស់គ្នា ប្រសិនបើអាចជួយខ្ញុំបាន សូមជួយតាមលទ្ធភាព។ អរគុណចំពោះការចំណាយពេលអានសារនេះ និងសូមឲ្យព្រះជាម្ចាស់ជូនពរអ្នក។ សូមជួយចែករំលែកផង»៕
អត្ថបទ៖ ជាន ចាន់រ៉ា