ចង្វាក់​ម៉ាឌីហ្សុន​ ដែល​កម្ពុជា​ ទើប​បំបែក​កំណត់ត្រា មាន​ប្រភព​ពី​ណា?

  • 2015-04-21 18:22:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ាឌីហ្សុន ​គឺជា ​ចង្វាក់​រាំ​មួយ​ប្រភេទ​ដែល​ទទួល​បាន​ការ​ពេញ​និយម​ណាស់​តាំងពី​ទសវត្សរ៍ ៥០-៦០ នៅ​អឺរ៉ុប។ តែ​មិនមែន​មាន​តែ​អឺរ៉ុប​ទេ​ ដែល​ចូលចិត្ត​រាំ​នោះ ប្រជាជន​កម្ពុជា​ក៏​ចូលចិត្ត​រាំ​លេង​ចង្វាក់​នេះដែរ ​នៅ​តាម​កម្មវិធី​ផ្សេង​ៗ រហូត​ដល់​កាលពី​ថ្ងៃ​ទី១៥ ខែ​មេសា ឆ្នាំ ២០១៥ កន្លង​ទៅ​ថ្មីៗ​នេះ មនុស្ស​ចំនួន ២០១៥​ នាក់ បាន​ចូលរួម​រាំ​ចង្វាក់​ម៉ាឌីហ្សុន​ក្នុង​​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ នា​ខេត្ត​សៀមរាប ដើម្បី​បំបែក​កំណត់​ត្រា​ពិភព​លោក​ចាស់ ​ដែល​កាន់​កាប់​ដោយ​ប្រទេស​អូស្ត្រាលី​កាល ​ពី​ឆ្នាំ​មុន​ក្នុង​ចំនួន​អ្នក​ចូល​រួម ១១៥០​នាក់។ ប៉ុន្តែ​មនុស្ស​ភាគច្រើន​មិន​បាន​ដឹង​​ថា ​ក្បាច់​នេះមាន​ប្រភព​មកពី​ណា​ទេ?

 

សូមចុចអាន៖ ជយោ! កម្ពុជា​ជាប់​ម៉ាឌីហ្សុន ២០១៥ ក្នុង​កំណត់​ត្រា​ពិភព​លោក​ Guinness World Records ហើយ

 

 

 

ដើម្បី​ស្រាយ​ចម្ងល់​ថ្ងៃនេះ Sabay សូម​បង្ហាញ​ពី​ដើម​កំណើត​របស់​នៃ​ចង្វាក់​ម៉ាឌីហ្សុន​នេះ។ ​យោង​តាម​ឯកសារ​របស់ ​ឯកឧត្ដម​ ជា ច័ន្ទបរិបូរណ៍​ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង ​សម្ដីរបស់បណ្ឌិត សម សំអាង ទីប្រឹក្សា​អម​ក្រសួង​វប្បធម៌​ បាន​ឲ្យ​ដឹង​ដូចគ្នា​ថា​ ម៉ាឌីហ្សុន ​គឺជា​ ក្បាច់​រាំ​ថ្មី​មួយ​ដែល​មាន​ការ​ពេញ​និយម​ណាស់​នៅ​ចុង​ទសវត្ស​ឆ្នាំ ១៩៥០ ដល់​ពាក់​កណ្ដាល​ទសវត្ស​ឆ្នាំ ១៩៦០ ។ វា​ត្រូវ​បាន​បង្កើត​ឡើង និង ​រាំ​លើក​ដំបូង​នៅ​ទីក្រុង Columbus រដ្ឋ Ohio សហរដ្ឋអាមេរិក​នៅ​ឆ្នាំ ១៩៥៧។

 

 

 

បណ្ឌិត សម សំអាង​ បាន​មាន​ប្រសាសន៍​ប្រាប់ Sabay ថា​ ដំបូង​ឡើយ​ គឺ​មាន​ផ្លូវ​មួយ​ក្នុង​សហរដ្ឋអាមេរិក​មាន​ឈ្មោះ " ម៉ាឌីហ្សុន" ហើយ​អ្នក​រុករក​ផ្លូវ​នេះ​ឃើញ ​គឺ​មាន​ពីរ​នាក់​ជា​មិត្តភ័ក្ដិ​នឹងគ្នា ដោយ​ម្នាក់​ទៀត​សួរ​ថា ​ផ្លូវ​នោះ​នៅ​ខាង​ណា ហើយ​ម្នាក់​ទៀត​បាន​ប្រាប់​ថា ​នៅ​ខាងឆ្វេង។ ដូចនេះ​ហើយ​ទើប​របាំ​មួយ​នេះ​ ពេល​ចាប់ផ្ដើម​ដំបូង​ត្រូវ​បោះ​ជើង​ឆ្វេង និង ​ត្រូវ​រាំ​ជា​ជួរ។

 

សំណួរ​មួយ​ទៀត​ថា​ តើ​ចង្វាក់​នេះ​ បាន​នាំចូល​មក​ប្រទេស​កម្ពុជា​តាំងពី​ឆ្នាំ​ណា​នោះ លោក​បណ្ឌិត បាន​ឆ្លើយ​ថា ​មិន​ដឹង​ពី​ពេល​វេលា​ច្បាស់លាស់​ទេ គ្រាន់តែ​គាត់​ដឹង​ថា​ មុន​សម័យ ​ប៉ុល ពត ​គឺ​មាន​ការ​រាំ​​ចង្វាក់​នេះ​ហើយ និង ​លោក​ដាក់​ការ​សន្និដ្ឋាន​ជា​ជំហាន​ដំបូង​ថា ​ប្រហែល​ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ ១៩៦០។ លោក សំអាង បន្ថែម​ទៀត​ថា ​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​នេះ​ មាន​ការ​ពេញ​និយម​ណាស់ ជាពិសេស ​គឺ​ប្រទេស​កម្ពុជា ឡាវ និង​ ថៃ។

 

ទាក់ទង​ទៅ​នឹង​ ម៉ាឌីហ្សុន ២០១៥ ដែល​បាន​ជាប់​​​ក្នុង​កំណត់​ត្រា​ពិភពលោក​ Guinness World Record នៅ​ក្នុង​ព្រឹត្តិការណ៍​អង្គរសង្ក្រាន្ដ នា​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី ១៥ ខែ មេសា កន្លង​ទៅ​នេះ​ លោក បណ្ឌិត សម សំអាង បាន​បញ្ជាក់​​ថា "ខ្ញុំ​យល់​ថា វាជារឿង​ដ៏​ល្អ​សម្រាប់​ប្រទេស ក៏ដូចជា ប្រជាជន​កម្ពុជា"៕

 

អត្ថបទ៖ទ្រី រ៉ាវី