Phnom Penh Fashion Week ប្រមូលផ្ដុំអ្នកច្នៃម៉ូដវ័យក្មេងអាស៊ាន
- 2015-04-24 17:40:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Phnom Penh Fashion Week ប្រមូលផ្ដុំអ្នកច្នៃម៉ូដវ័យក្មេងអាស៊ាន
ចន្លោះមិនឃើញ
កម្មវិធីបង្ហាញម៉ូដ Phmom Penh Fashion Week ដែលគ្រោងនឹងធ្វើរយៈពេល២ថ្ងៃនៅនាដើមខែឧសភាខាងមុខ នឹងប្រមូលផ្ដុំដោយអ្នកច្នៃម៉ូដវ័យក្មេងជាច្រើនមកពីប្រទេសក្នុងតំបន់អាស៊ាន។នេះបើតាមអ្នករៀបចំ។
អ្នកស្រី សាន សាវត្តី តំណាងក្រសួងវប្បធម៌
“នេះជាកម្មវិធីដ៏ធំមួយ ក្នុងនោះ Designer សំលៀកបំពាក់ក្មេងៗមកពីប្រទេសជាច្រើនក្នុងតំបន់អាស៊ាន ដូចជាកម្ពុជា ថៃ វៀតណាម ម៉ាឡេស៊ី និងភីលីពីនជាដើមនឹងវត្តមាន"។ លោក មែ វិចិត្របុត្រ ជួសមុខឲ្យអគ្គនាយកក្រុមហ៊ុន BKA Entertainment ដែលជាអ្នករៀបចំកម្មវិធីថ្លែង។
មិនមានតួលេខពិតប្រាកដពីចំនួននៃអ្នករចនាម៉ូដវ័យក្មេងអាស៊ានទាំងនោះទេ ប៉ុន្តែអ្នកតំណាងរូបនេះ បង្ហើបដូច្នេះវិញថា ម៉ូដសំលៀកដល់ជាង ៥០០ម៉ូដច្នៃដោយអ្នកច្នៃម៉ូដទាំងនោះ នឹងត្រូវបង្ហាញជូន។ ដូច្នេះលោកស្នើឲ្យប្រិយមិត្តចូលទស្សនា និងជួយជាវទំនិញផ្នែក Fashion ទាំងអស់គ្នា ទុកជាការលើកទឹកចិត្តពួកគេ ទាំងអ្នករចនាម៉ូដវ័យក្មេងជាតិ និងអន្តរជាតិ។
Phmom Penh Fashion Week ២០១៥ នឹងប្រារព្ធធ្វើឡើងនាថ្ងៃទី ០៣-០៤ ឧសភាចាប់ពីម៉ោង១រសៀលតទៅ។ កម្មវិធីនេះឡើងជាមួយគោលបំណងសំខាន់មួយចំនួនមានដូចជា ទី១គាំទ្រស្នាដៃបង្កើតថ្មីៗដែលពោរពេញដោយទេពកោសល្យរបស់បណ្ដាអ្នកច្នៃម៉ូដសំលៀកបំពាក់ ASEAN។ ទី២ ផ្ដល់ជាវេទិកាពិសេស សម្រាប់យុវជន យុវតីជាអ្នកច្នៃម៉ូដសំលៀកបំពាក់ជំនាន់ថ្មីនៃផ្នែក Fashion Design ដែលកំពុងសិក្សានៅមហាវិទ្យាល័យ បានតាំងបង្ហាញស្នាដៃ ក៏ដូចជាផលិតផលរបស់ខ្លួន។
លោក មែ វិចិត្របុត្រ តំណាង BKA Entertainment
ទី៣ បង្កើតឡើងនូវកន្លែងសម្រាប់អ្នកច្នៃម៉ូដវ័យក្មេង បានជួបដកស្រង់បទពិសោធន៍ និងមេរៀនពិតៗពីរៀមច្បងអ្នកច្នៃម៉ូដជាតិ និងអន្តរជាតិ។ និងទី៤ កម្មវិធីនេះធ្វើឡើងដើម្បីរួមចំណែកលើកកម្ពស់ និងផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជាទៅកាន់ឆាកជាតិ និងអន្តរជាតិ។
តាមទស្សនវិស័យគាំទ្រស្នាដៃបង្កើតថ្មីរបស់អ្នកច្នៃម៉ូដវ័យក្មេង កម្មវិធីបានផ្ដល់ឱកាសដល់អ្នកច្នៃម៉ូដវ័យក្មេងកម្ពុជាបានដាក់តាំងផលិតផលរបស់ខ្លួននៅក្នុងសន្និសីទសារព័ត៌មានម្សិលមិញ។ ង៉ែត វិទ្យា អ្នកច្នៃម៉ូដម្នាក់ដែលកំពុងសិក្សាជំនាញរចនានៅសាកលវិទ្យាល័យលីមកុកវីង ក្នុងចំណោមអ្នកច្នៃវ័យក្មេងកម្ពុជាចំនួន៥រូប បានបញ្ចេញទស្សនៈថា វេទិកានេះបានផ្ដល់សារៈប្រយោជន៍ច្រើនដល់អ្នកច្នៃម៉ូដក្មេងខ្ចីដូចជារូបគេ។
វិទ្យា ថ្លែងថា "នេះជាលើកទី១សម្រាប់ខ្ញុំដែលបានចូលរួមតាំងបង្ហាញស្នាដៃដំបូង ហើយរឹតតែល្អខណៈខ្ញុំទើបតែសិក្សាឆ្នាំទី២នៅឡើយបានចូលរួមកម្មវិធីដែលមានអ្នកច្នៃម៉ូដអន្តរជាតិជាតិដូច្នេះ។ ខ្ញុំជឿថាមានប្រយោជន៍ច្រើនដល់ពួកខ្ញុំ ក្នុងនោះក្រៅពីការដកស្រង់បទពិសោធន៍ មានចាប់តាំងពីទំនាក់ទំនងឡើង ព្រោះអ្នកច្នៃម៉ូដច្បាស់ត្រូវចេញទៅបរទេស អីចឹងជួបស្គាល់ពួកគេគឺជារឿងល្អ"។
ម្សិលមិញនេះ វិទ្យា បានតាំងបង្ហាញសំលៀកបំពាក់ប្រភេទរ៉ូបមួយដែលជាស្នាដៃដំបូងបំផុតរបស់ខ្លួន។ ម៉ូដនេះ ច្នៃពីក្រដាសអាលុយមីញ៉ូម និងសំណាញ់ដែក ដែលរូបគេប្រាប់បានចំណាយពេលធ្វើប្រមាណជា ១០០ម៉ោង។
គម្រោងរបស់ Phnom Penh Fashion Week ២០១៥ ទទួលបានចូលរួមឧបត្ថម្ភរបស់ក្រុមហ៊ុនជាច្រើនដូចជា ក្រុមហ៊ុន CAMBREW នៃស្រាបៀអង្គរ ស្រាបៀ BLANC ទឹកបរិសុទ្ធ Angkor Puro ក្រុមហ៊ុនភេសជ្ជៈ Pepsi សណ្ឋាគារថ្នាក់ផ្កាយ ៥ Naga World ក្រុមហ៊ុនអាកាសចរណ៍ Bangkok Airway និងស្ថានីយទូរទស្សន៍ MyTV។
ក្រៅពីនេះ ក្រសួងវប្បធម៌ក៏បានគាំទ្រកម្មវិធីខាងលើដែរ។ អ្នកស្រី សាន សាវត្តី តំណាងក្រសួងវប្បធម៌ថ្លែងថា ក្រសួងគាំទ្រដោយសារមើលឃើញថា កម្មវិធីខាងលើលើកកម្ពស់ស្នាដៃយុវជន។ ដូច្នេះហើយជាមួយគ្នានេះ ស្នើឲ្យមហាជនគាំទ្រស្នាដៃយុវវ័យតាមរយៈកម្មវិធីនេះទាំងអស់គ្នា។
សំបុត្រសម្រាប់ទស្សនាកម្មវិធី Phmom Penh Fashion Week ២០១៥ រកបាននៅផ្សារទំនើប Paragon ចាប់ពីថ្ងៃទី ២៥-៣០ មេសា ២០១៥។ សន្លឹកឆ្នោត១សន្លឹក អាចប្ដូរភេសជ្ជៈមួយកំប៉ុង៕
លោក ង៉ែត វិទ្យា និស្សិតផ្នែក Fashion Design ឆ្នាំទី២នៅសាលវិទ្យាល័យ លីមកុកវីង និងរ៉ូបដែលជាស្នាដៃច្នៃម៉ូដរបស់ខ្លួន
បេក្ខភាពជយលាភីកម្មវិធី Freshie Girls & Boy 2015
សំលៀកបំពាក់ច្នៃដោយ អ្នកច្នៃម៉ូដវ័យក្មេងរបស់កម្ពុជា
អត្ថបទ៖ ទារិកា