មុនជិះម៉ូតូធំចេញដំណើរឆ្ងាយ ត្រូវត្រៀមអីខ្លះ?
- 2015-04-25 17:40:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុនជិះម៉ូតូធំចេញដំណើរឆ្ងាយ ត្រូវត្រៀមអីខ្លះ?
ចន្លោះមិនឃើញ
ការធ្វើដំណើរឆ្ងាយៗដោយម៉ូតូមិនមែនជាការលេងសើចទេ ដូចនេះអ្នកជិះម៉ូតូធំត្រូវត្រៀមលក្ខណៈសម្បត្តិគ្រប់បែបយ៉ាងដើម្បីសុវត្ថិភាពក្នុងពេលធ្វើដំណើរ។
ប្រធានក្រុមម៉ូតូធំ MSB លោក ណៃ ម៉ូរ៉ាន់ បានលើកឡើងថា មុនចេញដំណើរផ្លូវឆ្ងាយលោកតែងតែប្រាប់សមាជិកក្រុមឲ្យពិនិត្យម៉ូតូមុន ១ ថ្ងៃដូចជា កង់ ច្រវាក់ និង ធុងទឹក ដែលអាចនាំបញ្ហាក្នុងពេលបើកបរ។
លោកបន្តថា អ្វីដែលចាំបាច់ទៀតនោះគឺមួកសុវត្ថិភាព បន្ទាប់មកអាវការពារ និង ស្បែកជើងការពារ ដែលត្រូវមានជាប់ជានិច្ច។ ប្រធានក្រុមរូបនេះបន្ថែមថា ការធ្វើដំណើរទៅតាមបណ្ដាខេត្តគឺត្រូវប្រុងប្រយ័ត្នទៅលើប្រជាជននិងសត្វពាហនៈផ្សេងៗឆ្លងកាត់ ព្រោះការបើកបរក្នុងល្បឿនលឿន បើខ្វះការប្រុងប្រយ័ត្ននឹងអាចមានការប៉ះពារកើតឡើងជាមិនខាន។
បែរមកលោក ដេត សុភ័ក្រ្តា អ្នកជិះម៉ូតូធំមួយរូបទៀតបានឲ្យដឹងថា មុននឹងចេញដំណើរលោកបានត្រៀមដូចជាមួកសុវត្ថិភាពទាំងលោកផ្ទាល់និងអ្នករួមដំណើរជាមួយ។ ក្រៅពីនេះ ក៏បានត្រួតពិនិត្យមើលធុងទឹក កង់ មីញ៉ុង រួមទាំងបានដូរប្រេងម៉ាស៊ីនថ្មីផងដែរ។ លោកបន្តថា ក្រៅពីមួកសុវត្ថិភាព លោកបានពាក់នូវរបាំងការពារជើង ស្រោមដៃ និង អាវការពារ ដើម្បីសុខសុវត្ថិភាព។
កាលពីព្រឹកមិញនេះ ក្រុមហ៊ុន Yamaha បានរៀបចំដំណើរកម្សាន្តរួមគ្នាមួយឆ្ពោះទៅខេត្តកែប ដែលមានក្រុមអ្នកបើកបរម៉ូតូធំប្រមាណ ១០០ គ្រឿងបានចូលរួម។ ក្នុងការធ្វើដំណើរកម្សាន្តផ្លូវដ៏វែងឆ្ងាយនេះ អ្នករៀបចំតម្រូវឲ្យអ្នកចូលរួមត្រូវមានមួកសុវត្ថិភាព ប្រដាប់ការពារក្នុងពេលបើកបរ និងមានការត្រួតពិនិត្យបច្ចេកទេសម៉ូតូបានត្រឹមត្រូវមុនពេលចេញដំណើរ។
ចុចអាន៖ ក្រុមម៉ូតូធំ MSB មិនព្រងើយកន្តើយលើកម្មវិធីសប្បុរសធម៌
អត្ថបទ៖ ដារ៉ាឆានី