ក្មេង​កំព្រា​ធ្លាប់​នៅ​មណ្ឌល ក្លាយ​ជា​ម្ចាស់​អាជីវកម្ម​ ៣ រក​ចំណូល​សន្ធឹក​សន្ធាប់

  • 2015-05-11 16:55:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក កុយ ស៊ី​ឌឿន ​​ក្មេង​កំព្រា​ធ្លាប់​រស់​នៅ​ក្នុង​ជីវភាព​ខ្សត់​ខ្សោយ រក​តែ​អង្ករ​ច្រក​ឆ្នាំង​ពុំបាន​ តែ​ពេល​នេះ​ជីវិត​លោក​បាន​ប្រែ​ក្លាយ​ទាំង​ស្រុង មក​រស់​ក្នុង​​វិឡា​ស្កឹមស្កៃ មាន​រថយន្ត​ទំនើប និង​ ថែម​ទាំង​ជា​ម្ចាស់​អាជីវកម្ម ​៣ ដែល​រក​ប្រាក់​បាន​រាប់​ពាន់​ដុល្លារ។

 

ភាព​ជោគ​ជ័យ​របស់​ម្ចាស់​អាជីវកម្ម​ស្ថានីយវិទ្យុ ក្លឹប​សិល្បៈ និង​ ហាង​កែសម្ផស្ស​​​រូប​នេះ បាន​ប្រាប់ Sabay ថា បាន​ហែ​ឆ្លង​គ្រប់​ឧបសគ្គ​ទម្រាំ​មាន​ថ្ងៃ​នេះ សូម្បី​រឿង​ដែល​អ្នក​ដទៃ​គិត​ថា ​ជា​រឿង​គួរ​ឲ្យ​ខ្មាស​គេ ក៏​លោក​ជម្នះ​ពុះ​ពារ​ដែរ ។​

 

 

 

ចេញ​ពី​ផ្ទះ​មក​រស់​នៅ​មណ្ឌល ជួន​គ្មាន​បាយ​ហូប រក​ពេល​សម្រាក​គ្មាន

 

ដោយសារ​ម្ដាយ​ជា​ស្ត្រី​មេម៉ាយ ក្រី​ក្រ រក​ព្រឹក​ខ្វះ​ល្ងាច មិន​អាច​រ៉ាប់រង​ចិញ្ចឹម​បី​បាច់​កូន​ៗ​ទាំង​អស់​បាន ម្ដាយ​របស់​លោក​ក៏​សម្រេច​ចិត្ត​បញ្ជូន​លោក​មក​រស់​នៅ​មជ្ឈមណ្ឌល​មួយ​ឈ្មោះ​ថា ​កៀន​ឃ្លាំង។

 

ពេល​មក​រស់​នៅ​ទីនេះ ខាង​មជ្ឈមណ្ឌល​បាន​ផ្ដល់​ឲ្យ​លោក​នូវ​ការ​សិក្សា​​ក្នុង​សាលា​វិចិត្រ​សិល្បៈ​ដោយ​រៀន​ផ្នែក​ល្ខោន​និយាយ​នៅ​ពេល​ព្រឹក ពេល​រសៀល​រៀន​ចំណេះដឹង​ទូទៅ និង​ពេល​ល្ងាច​រៀន​បំពេញវិជ្ជា​នៅ​ឫស្សីកែវ។

 

កូន​ពៅ​ក្នុង​ចំណោម​បង​ប្អូន ​៩​ នាក់ ​រូប​នេះ ត្រូវ​ងើប​ពី​ព្រលឹម​ដើម្បី​ធាក់​កង់​ទៅ​សាលា​ ដែល​មាន​ចម្ងាយ​រាប់​សិប​គីឡូម៉ែត្រ ដោយ​ឆ្លង​ដរ​ទៅ​មក ​ជួន​កាល​ពេល​ត្រលប់​ពី​រៀន​វិញ​មិន​ទាន់ គេ​ហូប​បាយ​ម្ហូប​អស់​ក៏​មាន​ដែរ។ ក្រោយ​មក នៅ​មណ្ឌល​គេ​មាន​បើក​សិប្បកម្ម​ដេរ​មុង លោក ស៊ី​ឌឿន ​ក៏​ឆ្លៀត​ដេរ​មុង​ឲ្យ​គេ។ បើ​ទោះ​ជា​លោក​ខ្លួន​ឯង​សឹង​តែ​គ្មាន​ពេល​ទំនេរ​ស្រាប់​ទៅ​ហើយ​ក្ដី ព្រោះ​រៀន​ដល់​ទៅ​បី​វេន តែ​ដោយសារ​ចង់​យក​ប្រាក់​បន្តិច​បន្តួច​នេះ ​គ្រាន់​សន្សំ​ផ្ញើ​ទៅ​គ្រួសារ​ ក៏​ឆ្លៀត​ពេល​ដេរ​រហូត​ដល់​យប់​ជ្រៅ​ម៉ោង ១ ម៉ោង​២ ទើប​ឈប់ ដោយ​មុង​មួយ​គេ​ឲ្យ​ថ្លៃ​ឈ្នួល​ ៤​ កាក់​។

 

បន្ទាប់​មក​លោក​ក៏​ទៅ​ដេរ​ខោអាវ​ទាហាន​ទៀត។ ដោយ​ម្ចាស់​គេ​​​អាណិត​ស្រលាញ់ គេ​ក៏​សុំ​ក្មេង​កំព្រា​ឪពុក​រូប​នេះ​ឲ្យ​ទៅ​រស់​នៅ​ជាមួយ ព្រោះ​រស់​នៅ​មណ្ឌល​ពិបាក​រឿង​បាយ​ទឹក​ពេក។ ​តែ​រស់​នៅ​បាន​ប្រហែល ​៥ ​ឆ្នាំ លោក​ក៏​ត្រលប់​មក​មណ្ឌល​វិញ។

 

ឈប់​រៀន​ចេញ​ច្រៀង ​តែ​ប៉ះ​ការងារ​ល្អ ក្រោយ​មក​មណ្ឌល​សុំ​ឲ្យ​ចេញ

 

អ្នក​មាន​ស្រុក​កំណើត​នៅ​ភូមិ​ដើម​ជ្រៃ ឃុំ​រកាកោង ២ ស្រុក​មុខ​កំពូល ខេត្ត​កណ្ដាល​រូប​នេះ បាន​បន្ត​ការ​សិក្សា​របស់​ខ្លួន​ត្រឹម​ឆ្នាំ​ទី​ ១ ផ្នែក​អក្សរសាស្ត្រ​​ខ្មែរ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ព្រោះ​គ្មាន​ថវិកា​គ្រប់​គ្រាន់។ ដូច្នេះ​ហើយ លោក​ក៏​ទៅ​សុំ​គេ​ធ្វើ​ការ​នៅ​មណ្ឌល​អូស្ត្រាលី​មួយ​ ផ្នែក​សិល្បៈ​សម្រាប់​ក្មេង​ពិការ​ គរ ថ្លង់​នៅ​ពេល​ថ្ងៃ ឯ​ពេល​យប់​លោក​ចេញ​ច្រៀង​តាម​ហាង​ដល់​ពាក់​កណ្ដាល​អាធ្រាត្រ។​

 

 

មួយ​ឆ្នាំ​ក្រោយ​មក គាប់​ជួន​នៅ​មណ្ឌល​ដែល​លោក​ស្នាក់​នៅ ខាង​ម្ចាស់​ស្ថានីយ​វិទ្យុ​មួយ​គេ​បាន​មក​លេង ហើយ​ប្រាប់​ថា​ ខាង​គេ​នឹង​បើក​ឱកាស​ការងារ​​សម្រាប់​អ្នក​រស់​នៅ​មណ្ឌល​ជា​ពិធី​ករ​វិទ្យុ។ លឺ​ដូច​នេះ លោក ស៊ី​ឌឿន រំភើប​ជា​ខ្លាំង ព្រោះ​ជា​ក្ដី​ប្រាថ្នា​តាំង​ពី​តូច​ៗ​មក ដោយសារ​ឲ្យ​តែ​ពេល​ទំនេរ​ពី​ឃ្វាល​គោ​ម្ដង​ៗ លោក​តែង​និយាយ​ធ្វើ​ជា​ពិធី​ករ​វិទ្យុ​ត្រាប់​លេង​ជាមួយ​ក្មេង​ៗ​ដទៃ​ទៀត។

 

ពេល​ចូល​ដំបូង លោក​បាន​ត្រឹម​ជា​យន្តការី (Operator) ប៉ុណ្ណោះ លុះ​ក្រោយ​ៗ​មក​ពិធី​ករ​វិទ្យុ​ម្នាក់​រវល់​ឧស្សាហ៍​សុំ​ច្បាប់​ពេក លោក​ស៊ី​ឌឿន​ក៏​សុំ​គេ​សាក​ល្បង។ ពេល​ជំនួស​ ស្រាប់​តែ​ខាង​ម្ចាស់​ស្ថានីយ​ភ្ញាក់​ផ្អើល ​មិន​នឹក​ស្មាន​ថា ​លោក​អាច​ធ្វើ​បាន​ល្អ​យ៉ាង​នេះ​ គេ​ក៏​យក​លោក​ជា​ពិធី​ករ​តែ​ម្ដង។

 

ដោយសារ​មាន​ទេពកោសល្យ​ពី​កំណើត បូក​រួម​ធ្លាប់​បាន​ហាត់​រៀន​នៅ​សាលា​វិចិត្រ​សិល្បៈ​ផង ពិធី​ករ​រូប​នេះ​ទទួល​បាន​ការ​ចូល​ចិត្ត​ពី​សំណាក់​អ្នក​ស្ដាប់​យ៉ាង​ខ្លាំង។ លោក​បាន​ទាក់​ទាញ​ឲ្យ​ខាង​ក្រុម​ហ៊ុន​ផ្សេង​ៗ​​ឧបត្ថម្ភ (Sponsor) កម្មវិធី​វិទ្យុ ដែល​ធ្វើ​ឲ្យ​លោក​ទទួល​បាន​ចំណូល​ច្រើន​គួរ​សម។ ដោយ​ឡែក ក្នុង​ឆ្នាំ​ ២០០២ ខាង​មណ្ឌល​ដែល​លោក​ស្នាក់នៅ​គេ​តម្រូវ​ឲ្យ​លោក​ចាក​ចេញ​ព្រោះ​គេ​យល់​ថា​ លោក​មាន​ការងារ​ និង ​រស់​នៅ​មណ្ឌល​យូរ​ហើយ។

 

ធ្លាក់​ខ្លួន​ក្រ សូម្បី​ប្រពន្ធ​ឆ្លង​ទន្លេ​ក៏​គ្មាន​ប្រាក់

 

 

​ដោយសារ​គ្មាន​ទី​ជម្រក​ស្នាក់​នៅ​ដូច​មុន លោក​ក៏​ទៅ​ជួល​ផ្ទះ​គេ​តម្លៃ​ ២៥$​ ក្នុង​ ១​ ខែ ហើយ​ការងារ​​ជា​ពិធី​ករ​វិទ្យុ​នៅ​បន្ត​ធ្វើ​ដ​ដែរ។ ២​ឆ្នាំ​ក្រោយ​មក លោក ស៊ី​ឌឿន​ ក៏​រៀប​អាពាហ៍ពិពាហ៍ ដោយ​បង្កើត​របរ​លក់ដូរ​មួយ​នៅ​ផ្សារ​នាគ​មាស​ជាមួយ​ប្រពន្ធ។ តែ​ជា​អកុសល លោក​ត្រូវ​ខាត​លុង​ចុង​អស់​ប្រាក់​ពី​ខ្លួន ដោយសារ​ការ​លក់​ដូរ​នោះ​មិន​ទៅ​មុខ​និង​គ្មាន​បទ​ពិសោធន៍ ។

 

គ្រា​នោះ​សូម្បី​​ភរិយា​ជិត​ឆ្លង​ទន្លេ​ក៏​គ្មាន​ប្រាក់​ រហូត​ដាច់​ចិត្ត​ទៅ​ខ្ចី​បុល​គេ។ ភាព​ធ្លាក់​ខ្លួន​ក្រ​ម្ដង​នេះ លោក​ស្ទើរ​តែ​គ្មាន​អ្វី​សេស​សល់​ជា​ដុំ​កំភួន ម្ល៉េះ​ហើយ​លោក​ប្រឹង​ប្រែង​បន្ថែម​ការងារ​ជា​ពីរ​ជា​បី​ទៀត​ដើម្បី​ផ្គត់​ផ្គង់​គ្រួសារ។ លោក​ចាប់​ផ្ដើម​ចេញ​ច្រៀង​នៅ​ពេល​យប់​ឡើង​វិញ  ងើប​ពី​ព្រឹក​ម៉ោង​៥ ទៅ​អាន​ព័ត៌មាន​នៅ​វិទ្យុ សន្សំ​ប្រាក់​ល្អិត​ៗ ហើយ​ទិញ​ខោអាវ​ជជុះ​ឲ្យ​ប្រពន្ធ​អង្គុយ​លក់​នៅ​តាម​ចិញ្ចើម​ថ្នល់។ កាល​ពេល​នោះ ប្រពន្ធ​លោក​មិន​ចង់​លក់​ឡើយ​ព្រោះ​ខ្មាស​គេ តែ​លោក​ពន្យល់​ណែ​នាំ​ថា ៖ "យើង​ត្រូវ​តែ​ធ្វើ ព្រោះ​គ្មាន​អ្នកណា​មក​ជួយ​យើង​ក្រៅ​ពី​យើង​ខ្លួន​ឯង​នោះ​ឡើយ" ទើប​ប្រពន្ធ​លោក​យល់​ព្រម​ទៅ​លក់​តាម​ប្ដី។

 

ចាប់​ផ្ដើម​មាន​ប្រាក់​រាប់​ពាន់​ដុល្លារ​ដោយសារ​ប្រព័ន្ធ​ផ្សព្វផ្សាយ

 

មិន​យូរ​ប៉ុន្មាន ហាក់​បី​ដូច​ជា​មាន​អ្វី​មក​ជួយ។ លោក​ចេះ​តែ​រក​ចំណូល​បាន​ពី​ការ​ដើរ​រក​ម្ចាស់​ឧបត្ថម្ភ​ផ្សាយ​ពាណិជ្ជកម្ម​វិទ្យុ​បាន​ច្រើន​ហូរហែ រហូត​មាន​ប្រាក់​សល់​បើក​បាន​ក្លឹប​បណ្ដុះបណ្ដាល​ផ្នែក​សិល្បៈ​មួយ។ លុយ​ដែល​បាន​ពី​ការ​បង្រៀន និង​ ចំណូល​ពី​ការ​រក​បាន​នៃ​ការ​ផ្សាយ​ពាណិជ្ជកម្ម​នៅ​វិទ្យុ លោក​យក​ទៅ​ទិញ​ម៉ោង​ទូរទស្សន៍​មួយ ​ដែល​អាច​រក​ចំណេញ​ពី​ការ​ផ្សាយ​ពាណិជ្ជកម្ម​នោះ​បាន​ថែម​ទៀត ។

 

លោក ស៊ី ឌឿន ​បញ្ជាក់​ថា ភាព​មាន​បាន​នៅ​ពេល​នោះ​ជា​ការ​ប្រថុយប្រថាន​ខ្ពស់ តែ​ជោគ​ជ័យ ធ្វើ​ឲ្យ​លោក​ត្រូវ​ប៉ាន់​មាន​ប្រាក់​ចូល​ហូរហៀរ​ស្ទើរ​មិន​នឹក​ស្មាន​ដល់ រហូត​សល់​ប្រាក់​ទិញ​បាន​រថយន្ត​មួយ​គ្រឿង​ទៀត​ផង។

 

 

ចេះ​តែ​ត្រូវ​ប៉ាន់​នេះ​នោះ​មិន​ដាច់ រហូត​ក្លាយ​ជា​ម្ចាស់​អាជីវកម្ម​៣ 

 

ក្រោយ​ពី​សល់​ប្រាក់​ពី​ការ​ចំណេញ​នៃ​ការ​បើក​ក្លឹប​សិល្បៈ លោក​ក៏​បែក​គំនិត​ពង្រីក​ខ្ទង់​ចំណូល​បន្ថែម​ទៀត ដោយ​បើក​ហាង​កែ​សម្ផស្ស​មួយ​ដាក់​ថា DP Beauty ។ មិន​យូរ​ប៉ុន្មាន លោក​មាន​គេ​មក​ទាក់​ទង​ធ្វើ​អាវ​យឺត ចំណេញ​ប្រាក់​កប់​ក្ដោង ព្រម​ទាំង​ត្រូវ​ប៉ាន់​ដី​ និង ​អចលនទ្រព្យ​ផ្សេង​ៗ​ទៀត​ថែម​ទៀត រហូត​មាន​លុយ​ទិញ​វិឡា ដូរ​រថយន្ត និង​ ពង្រីក​សាខា​បាន​ ២ ​កន្លែង​បន្ថែម ព្រម​ទាំង​បង្កើត​ស្ថានីយ​វិទ្យុ​ផង​ដែរ។ មិត្តភ័ក្ដិ គ្រួសារ និង​ សូម្បី​តែ​ខ្លួន​លោក​ផ្ទាល់​ក៏​សឹង​មិន​ជឿ​ថា លោក​​មាន​បាន​យ៉ាង​លឿន​បែប​នេះ​ដែរ។

 

នៅ​​ពេល Sabay សួរ​ថា​អ្វី​ជា​គន្លឹះ​សំខាន់​នៅ​ពី​ក្រោយ​ដែល​ចេះ​តែ​នាំ​លោក​ឲ្យ​ជោគជ័យ​មាន​ប្រាក់​បង្កើត​​អាជីវកម្ម​បន្តបន្ទាប់​ដូច​នេះ?

 

បុរស​វ័យ​៤៧ ឆ្នាំ ​បាន​ប្រាប់ Sabay ថា ដោយសារ​បាន​ផល​ពី​វិទ្យុ​។ លោក​បន្ត​ថា ជំនាន់​នោះ វិទ្យុ​​ពេញ​និយម​ណាស់​ មនុស្ស​ម្នាល​ចូល​ចិត្ត​បើក​វិទ្យុ​ស្ដាប់ តេ​ចូល​ច្រៀង​ខារ៉ាអូខេ សំណូមពរ​បទ​ចម្រៀង​ជា​ដើម​។ ណា​មួយ​លោក​ជា​ពិធី​ករ​វិទ្យុ នៅ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ស្រាប់ គួប​​ផ្សំ​នឹង​លោក​ពាណិជ្ជកម្ម​លើ​វិទ្យុ​ផង លោក​ផ្សព្វផ្សាយ​ខ្លួន​ឯង​ផង ធ្វើ​ឲ្យ​អ្នក​ស្ដាប់​​ គេ​លឺ​រាល់​ថ្ងៃ​ នាំ​ឲ្យ​អាជីវកម្ម​របស់​លោក​អ្នក​ណា​ក៏​ស្គាល់ បូករួម​ទាំង​អ្នក​ស្ដាប់​​ពេញ​ចិត្ត​សំឡេង ហើយ​មាន​ហាង​ខ្លួន​ឯង​ទៀត គេ​មក​ជួយ​គាំ​ទ្រ ។ លោក​បន្ត​ថា ពេល​បើក​ក្លឹប​សិល្បៈ មនុស្ស​ចូល​មក​ហាត់​ច្រើន​ណាស់ ធ្វើ​ឲ្យ​លោក​សល់​ប្រាក់​រាប់​ពាន់ មិន​​ខុស​ពី​សាលា​កែ​សម្ផស្ស​ដែរ នេះ​ក៏​ដោយ​សារ​ប្រព័ន្ធ​ផ្សព្វផ្សាយ។

 

 

 

 

“ឲ្យ​តែ​ចូល​វិទ្យុ​ពេល​ណា ខ្ញុំ​មិន​ភ្លេច​និយាយ​ផ្សព្វផ្សាយ​ពី​ហាង​ខ្ញុំ​ឡើយ ម្ល៉េះ​ហើយ គេ​លឺ​គ្រប់​ពេល ។ អ្នក​ស្ដាប់​ពេញ​ចិត្ត​ទឹកដមសំឡេង​​​​ពេល​ធ្វើ​អត្ថាធិប្បាយ​ គេ​ចង់​មក​ឃើញ​មុខ​ផ្ទាល់​ គួប​ផ្សំ​គេ​លឺ​ឈ្មោះ​ហាង​យើង​ផ្សាយ​ទៀត  គេ​​មក​​ជួយ​គាំ​ទ្រ ។ អ្នក​ភ្នំពេញ​មិន​ប៉ុន្មាន​ទេ ភាគ​ច្រើន​អ្នក​តាម​ខេត្ត គេ​ចូលចិត្ត​យើង ដែល​ធ្វើ​ឲ្យ​របរ​រក​ស៊ី​លូត​លាស់​ឆាប់​រហ័ស​ដូច​នេះ។ ដោយសារ​ឃើញ​បាន​ផ្លែផ្កា​ពី​វិទ្យុ​អ៊ីចឹង​ហើយ ទើប​ខ្ញុំ​សម្រេច​បើក​ស្ថានីយ​វិទ្យុ​ខ្លួន​ឯង​តែ​ម្ដង។ ”។ លោក បន្ថែម។

 

អតីត​ក្មេង​ក្រីក្រ ក្លាយ​ជា​ម្ចាស់​អាជីវកម្ម​ ៣ និយាយ​ថា​ ទម្រាំ​​មាន​​ថ្ងៃនេះ លោក​ក៏​ហែ​ឆ្លង​នូវ​រឿង​កាត់​ខ្មាស​ជាច្រើន​មិន​តិច​ដែរ ដូច​​ជា​គេ​ថា​ លោក​ជា​ប្រុស​តែ​បែរ​ជា​រៀន​កែ​សម្ផស្ស ចាស់​ហើយ​នៅ​ធ្វើ​កម្មវិធី​ច្រៀង​ខារ៉ាអូខេ ស្រែក​ឡូឡា​សប្បាយ។ ប៉ុន្តែ​លោក​តែង​គិត​ថា មាន​តែ​ខ្លួន​យើង​ផ្ទាល់​ទេ ទើប​អាច​ជួយ​ខ្លួន​ឯង​បាន សុខ​ចិត្ត​ធ្វើ​ល្ងង់ ធ្វើ​ថោក​ជោគជ័យ ជា​ជាង​ឆ្លាត​តែ​បរាជ័យ។

 

មួយ​វិញ​ទៀត ប្រពន្ធ​លោក​តែង​ផ្ដល់​កម្លាំង​ចិត្ត​ជួយ​ជ្រោមជ្រែង​តាំង​​ពី​ដើម​រៀង​មក តាំង​ពី​ក្រ​មិន​មាន​អ្វី​សោះ រហូត​ដល់​មាន​បាន ​ហើយ​លោក​មិន​ដែល​ភ្លេច​កំណើត​ខ្លួនឯង​ដែល​ធ្លាប់​ជា​ក្មេង​នៅ​មណ្ឌល គ្មាន​លុយ​ទិញ​បាយ​ហូប ពេល​ប្រពន្ធ​ជិត​ឆ្លង​ទន្លេ​ក៏​គ្មាន​ប្រាក់ ដែល​ទាំង​អស់​នោះ​ចេះ​តែ​ក្រើន​រំលឹក​លោក​ឲ្យ​ប្រឹង​ប្រែង រហូត​មាន​បាន​ដល់​សព្វថ្ងៃ៕

វីដេអូ

 

 

 

អត្ថបទ៖ លឹម សុ​នា

អត្ថបទពេញនិយម