Suzuki យី​ហោ​ម៉ូតូ​ជប៉ុន​​​ដំបូង​ ដែល​​​​បង្កើត​រោងចក្រ​ដំឡើង​ម៉ូតូ​​មុន​គេ​នៅ​កម្ពុជា

  • 2015-06-24 15:55:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Suzuki ជា​ក្រុមហ៊ុន​ជប៉ុន​ដំបូង​គេ ដែល​បាន​បោះ​ទុន​វិនិយោគ​លើ​វិស័យ​ផលិត​យានយន្ត​ក្នុង​ប្រទេស​កម្ពុជា ដោយ​បាន​សហការ​ជា​មួយ​ដៃគូ​ក្នុង​ស្រុក​បង្កើត​រោងចក្រ​ដំឡើង​ម៉ូតូ​កាល​ពី ១៥ ឆ្នាំ​មុន។

 

 

លោក Nobuo Kidokuro នាយក​រោងចក្រ Cambodia Suzuki Motor បាន​ឲ្យ​ដឹង​ថា អស់​រយៈ​ពេល ១៥ ឆ្នាំ​ចាប់​តាំង​ពី​ឆ្នាំ ១៩៩៩ ដែល​ក្រុមហ៊ុន Suzuki បាន​សម្រេច​ចិត្ត​បណ្ដាក់​ទុន​រួម​គ្នា​ជាមួយ​ក្រុមហ៊ុន​ដៃគូ​ក្នុង​ស្រុក OMC ដើម្បី​បង្កើត​រោងចក្រ​ដំឡើង​ម៉ូតូ Cambodia Suzuki Motor ជា​រោងចក្រ​ដំឡើង​ម៉ូតូ​ដំបូង​បង្អស់​របស់​ជប៉ុន ដែល​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​កម្ពុជា។

 

លោក​ថា ការ​វិនិយោគ​រោងចក្រ​ដំឡើង​ម៉ូតូ Cambodia Suzuki Motor ដោយសារក្រុមហ៊ុន​ចង់​ពង្រីក​អាជីវកម្ម​​និង​ស្រប​ពេល​ដែល​ក្រុមហ៊ុនមើលឃើញ​ពី​​​សក្តានុពល​និង​តម្រូវការ​ប្រើប្រាស់​ម៉ូតូ​របស់​ពលរដ្ឋ​កម្ពុជា​មាន​សន្ទុះ​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។

 

គិត​មក​ទល់​ពេល​នេះ រោងចក្រ Cambodia Suzuki Motor បាន​ដំឡើង​ម៉ូតូ​បាន​ចំនួន ១៧ ម៉ូដែល​ដើម្បី​បម្រើ​ទីផ្សារ​ក្នុង​ស្រុក។ ផលិតផល​ម៉ូតូ​ដំបូង​ដែល​ដំឡើង​ចេញ​ពី​រោងចក្រ​​នេះ​គឺ​ Suzuki Viva និង​ម៉ូដែល​ចុងក្រោយ​គឺ Suzuki Address។

 

លោក Nobuo Kidokuro បាន​បញ្ជាក់​ថា Suzuki Viva ជា​ស៊េរី​ម៉ូតូ​ដំបូង​ដែល​ដំឡើង​ចេញ​ពី​រោងចក្រ​និង​​ម៉ូតូ​នេះ​ក៏​ទទួល​បាន​ការ​ពេញនិយម​ប្រើប្រាស់​ពី​ពលរដ្ឋ​កម្ពុជា​ជា​ច្រើន​ជំនាន់។ ទាក់ទង​គុណភាព​ម៉ូតូ​ដែល​ដំឡើង​ពី​រោងចក្រ​និង​នាំ​ចូល​លោក​ថា ម៉ូតូ​ដែល​ដំឡើង​ដោយ​រោងចក្រ​មាន​ការ​ត្រួតពិនិត្យ​បច្ចេកទេស​យ៉ាង​ត្រឹមត្រូវ​មុន​បញ្ចេញ​លក់​លើ​ទីផ្សារ ហើយ​កន្លង​មក​ក៏​មិន​ដែល​មាន​បញ្ហា​ការ​ប្រើប្រាស់​ដែរ។

 

លោក​ថា ​Cambodia Suzuki Motor ផលិត​ផ្តោត​លើ​គោលការណ៍​តូច តិច ស្រាល ខ្លី​និង​​សោភណភាព។ លោក​ថា Suzuki ​ជា​​យីហោ​​ម៉ូតូ​ដែល​ទទួល​ការ​ពេញនិយម​និង​​​ដែល​ឈរ​នៅ​​ចំណាត់​ថ្នាក់​ទី​ពីរ​​ដែល​មាន​​ទីផ្សារ​ប្រើប្រាស់ច្រើន​ជាង​គេ​​នៅ​​កម្ពុជា។ ជា​ទិសដៅ​នៅ​ពេល​ខាង​មុខ លោក​បញ្ជាក់​ថា ក្រុមហ៊ុន​​នឹង​ខិតខំ​​​ពង្រឹង​ផលិតផល​​ម៉ូតូ Suzuki ជាមួយ​ការ​រចនា​​ម៉ូតូ​ដែល​ស្រប​តាម​ការ​ស្រមើស្រមៃ​និង​ការ​ចង់​បាន​របស់​អតិថិជន។

 

បច្ចុប្បន្ន​ប្រភេទ​ម៉ូតូ Suzuki ដែល​ដំឡើង​ចេញ​ពី​រោងចក្រ Cambodia Suzuki Motor ​មាន​ដូចជា​ Suzuki Viva 110CC, Suzuki Smash V 110cc , Suzuki Nex 125cc , Suzuki Let's 125cc, Suzuki Address 125cc , Suzuki impulse 125cc , Suzuki Raider 150cc, Suzuki Gixxer 125cc។

 

អត្ថបទ៖ ប៊ុណ្ណារ៉ា

អត្ថបទថ្មី