Lee Joon ដើរ​ចេញ​ពី​ក្រុម MBLAQ ក្រោយ​ចប់​កុងត្រា

  • 2014-10-13 18:21:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង Lee Joon សមាជិក​ក្រុម​ចម្រៀង​កូរ៉េ MBLAQ នឹង​ដើរ​ចេញ​ពី​ក្រុម​របស់​ខ្លួន ក្រោយ​ពី​ចប់​កុងត្រា​ជាមួយ​ផលិតកម្ម ដើម្បី​ចង់​ផ្ដោត​លើ​អាជីព​សម្ដែង​វិញ។ នេះ​បើ​យោង​តាម​សារព័ត៌មាន​កូរ៉េ​ជា​ច្រើន​ ចុះ​ផ្សាយ​នៅ​ព្រឹក​នេះ។

 

កិច្ចសន្យា​រវាង​ Lee និង​ផលិតកម្ម J. Tune Camp ត្រូវ​បាន​បញ្ចប់​ហើយ​ នៅ​ពេល​ថ្មី​ៗ​នេះ ហើយ​តារា​រូប​នេះ​បាន​សម្រេច​ចិត្ត​មិន​បន្ត​កុងត្រា​ទៀត​ទេ ដើម្បី​ទុក​ពេល​សម្រាប់​អាជីព​សម្ដែង​វិញ​ម្ដង។

 

បើ​ទោះ​ជា​បាន​បញ្ចប់​កិច្ចសន្យា​ហើយ​ក៏​ដោយ ប៉ុន្តែ Lee នឹង​ចូល​រួម​ក្នុង​ការ​ប្រគំ​តន្ត្រី​ “Curtain Call” របស់​ក្រុម MBLAQ ដែល​នឹង​រៀប​ចំ​នៅ​ថ្ងៃ​ទី​២៩ និង​៣០ ខែ​វិច្ឆិកា ខាង​មុខ​នេះ។ ក្រោយ​ការ​ប្រគំ​តន្ត្រី​នេះ Lee នឹង​លែង​ចូលរួម​ក្នុង​សកម្មភាព​របស់​ក្រុម MBLAQ ទៀត​ហើយ។

 

កន្លង​មក តារា​ចម្រៀង Lee Joon ដែល​បាន​លេច​មុខ​ក្នុង​អាល់ប៊ុម​ដំបូង​របស់ MBLAQ “JUST BLAQ” កាល​ពី​ឆ្នាំ​២០០៩ ធ្លាប់​បញ្ចេញ​ទេពកោសល្យ​សម្ដែង​របស់​ខ្លួន​ក្នុង​ខ្សែ​ភាពយន្ត​ជា​ច្រើន​ដូច​ជា “Jungle Fish 2”, “Iris 2”, “Ninja Assassin” និង “Rough Play”។

 

ថ្មីៗ​នេះ Lee បាន​ទទួល​ការ​កោតសរសើរ​ជា​ច្រើន​សម្រាប់​ការ​សម្ដែង​ដ៏​ប៉ិន​ប្រសប់​​ក្នុង​រឿង “Gap-dong” ដែល​ជា​រឿង​ភាគ​ថ្មី​បំផុត​របស់​គេ​លើ​កញ្ចក់​ទូរទស្សន៍ tvN។ ឆាប់​ៗ​នេះ​ដែរ តារា​វ័យ ២៦​ឆ្នាំ​រូប​នេះ ​នឹង​សម្ដែង​ក្នុង​រឿង “Mr. Baek” របស់​ទូរទស្សន៍ MBC ជា​បន្ត។

 

(Updated) បន្ទាប់​ពី​ធ្លាយ​ព័ត៌មាន​អំពី​ការ​ចាកចេញ​របស់ Lee Joon ចុង​ក្រោយ​នេះ សមាជិក Thunder ក៏​ត្រូវ​បាន​គេ​ដឹង​ថា នឹង​ដើរ​ចេញ​ពី​ក្រុម MBLAQ ដូច​គ្នា​​ដែរ ក្រោយ​ពី​ចប់​កុង​ត្រា ៕

 

Lee Joon និង​ក្រុម MBLAQ

អានអត្ថបទ៖ ទម្លាយ​មូលហេតុ​នាំ​ឲ្យ Luhan ឆ្អែត​ចិត្ត ​សុំ​ដើរ​ចេញ​ពី​ SM និង​ក្រុម EXO

 

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ koreaherald

អត្ថបទថ្មី