សុះ ម៉ាច៖ វីរ​សិល្បករ​ជើង​ចាស់​សល់​តែ​កេរ្តិ៍​ឈ្មោះ​ ខុស​ស្រលះ​ពី​អ្នក​សិល្បៈ​ថ្មីៗ​មាន​ឡាន​វីឡា

  • 2015-08-09 21:40:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក សុះ ម៉ាច ចង់​ឲ្យ​មាន​ការ​ចូល​រួម​យក​ចិត្ត​ទុក​ដាក់​ដល់​វីរ​សិល្បករ​ចាស់ៗ​ដែល​បាត់​បង់​សមត្ថភាព និង​កំពុង​មាន​ជំងឺ​ ខណៈ​ដែល​សិល្បករ​ចាស់ៗ​ទាំង​នេះ​បាន​បូជា​ស្ទើរ​តែ​ពេញ​មួយ​ជីវិត​ក្នុង​វិថី​សិល្បៈ ប៉ុន្តែ​ចុង​ក្រោយ​បែរ​ជា​គ្មាន​អ្វី​ជា​ដុំ​កំភួន សូម្បី​ប្រាក់​មើល​ថែ​ជំងឺ​ក៏​គ្មាន​ ដែល​ខុស​ស្រលះ​ពី​សិល្បករ​ទើប​ចូល​ថ្មីៗ តែ​គេ​មាន​ប្រាក់ វីឡា​ទៅ​វិញ។

 

 

ប្រធាន​សមាគម​សិល្បករ​ខ្មែរ​​រូប​នេះ បាន​និយាយ​ក្នុង​ព្រឹត្តិការណ៍ “វប្បធម៌ អប់រំ​និង​សិល្បៈ​ យើង​រួម​គ្នា​តែ​មួយ” នៅ​សាកល​វិទ្យាល័យ​ហ្សាម៉ាន់​ ថា៖ “ខ្ញុំ​មាន​ក្តី​អាណិត​ខ្លោច​ចិត្ត​នៅ​ពេល​ពួក​គាត់​ភាគ​ច្រើន​សឹង​តែ​មួយ​ជីវិត​បូជា​លើ​វិស័យ​សិល្បៈ​ ប៉ុន្តែ​អ្វី​ដែល​នៅ​សល់​មាន​តែ​កេរ្តិ៍​ឈ្មោះ​និង​ភាព​ល្បាញ​ល្បី តែ​ជីវភាព​របស់​គាត់​ខុស​ស្រលះ​ឆ្ងាយ​ពី​កិត្តិយស​និង​កេរ្តិ៍​ឈ្មោះ​របស់​គាត់​ដែល​មាន​ ដោយ​សិល្បករ​ខ្លះ​សូម្បី​ផ្ទះ​ខ្លួន​ឯង​ក៏​គ្មាន ពេល​ខ្លះ​ឈឺ​ថ្កាត់​ក៏​គ្មាន​លុយ​ព្យាបាល​ជំងឺ​ថែម​ទៀត ខុស​ប្លែក​ពី​ប្អូន​សិល្បករ​សម័យ​ថ្មី​នេះ​គេ​ល្បី​ឈ្មោះ​បន្តិច គេ​មាន​ឡាន វីឡា​ទំនើប”។

 

លោក តា យិន សា រិន ហៅស្វាសរអាយុ៩០ឆ្នាំជាវីរសិល្បករជើងចាស់កំពុងមានជំងឺប្រចាំកាយ

 

លោក​បញ្ជាក់​បន្ថែម​ថា នេះ​មិន​មែន​ជា​ការ​ច្រណែន​អ្វី​ទេ តែ​នេះ​ជា​ការ​ពិត។ សិល្បករ​ថ្មីៗ​គេ​មាន​ចំណូល​រក​បាន​ច្រើន​សម​នឹង​កិត្តិយស​របស់​គាត់។ ចំណែក​សិល្បករ​ខ្លះ​តស៊ូ​ប្រឡូក​តាំង​ពី​ទស្សវត្ស​៦០ តែ​គ្មាន​បាន​សល់​អ្វី​ជា​ដុំ​កំភួន​សម្រាប់​ខ្លួន​ឡើយ សល់​តែ​កេរ្តិ៍​ឈ្មោះ​ប៉ុណ្ណោះ។

 

លោក​ចង់​ឃើញ​ពី​បណ្តា​កូន​ខ្មែរ និង​ស្ថាប័ន​នានា​យក​ចិត្ត​ទុក​ដាក់​ដល់​វីរ​សិល្បករ​ចាស់ៗ​ដែល​ជា​មរតក​រស់។ ដូច្នេះ​លោក​នៅ​តែ​បន្ត​អំពាវនាវ​សូម​ឲ្យ​សប្បុរសជន​ទាំងអស់​យក​ចិត្ត​ទុក​ដាក់​ដល់​វីរ​សិល្បករ​ចាស់ៗ​ដែល​បាត់បង់​សមត្ថភាព និង​កំពុង​តែ​មាន​ជំងឺ​ផង​ដែរ។

 

សម្រាប់​លោក​សាស្ត្រាចារ្យ​បណ្ឌិត ចិន្ត ច័ន្ទរតនា ប្រធាន​ក្រុម​ស្ថាបនិក​មូលនិធិ​កេរ​ដំណែល​ខ្មែរ​ ប្រមូល​យុវជន​សំដែង​សិល្បៈ អ្នក​ផ្ដួចផ្ដើម​កម្មវិធី “វប្បធម៌ អប់រំ​និង​សិល្បៈ យើង​រួមគ្នា​តែ​មួយ” ដើម្បី​ស្វែង​រក​មូលនិធិ​ជួយ​ដល់​វីរ​សិល្បករ​ចាស់ៗ បាន​ប្រាប់​ថា ​សព្វថ្ងៃ​វីរ​សិល្បករ​ចាស់ៗ​អាយុ​៧០- ៨០​ឆ្នាំ មាន​ជីវិត​រស់​នៅ​មិន​ច្រើន​ទេ មាន​ត្រឹម​២០​រូប​ប៉ុណ្ណោះ។

 

 

​លោក​សាស្ត្រាចារ្យ​បណ្ឌិត ចិន្ត ច័ន្ទរតនា 

 

កន្លងមក លោក​តែង​បង្កើត​កម្មវិធី​នានា​ដើម្បី​រក​ថវិកា​ជួយ​វីរ​សិល្បករ​ចាស់ៗ​ ប៉ុន្តែ​លោក​សង្កេត​ឃើញ​ថា​អ្នក​ស្រលាញ់​វប្បធម៌​មាន​ច្រើន តែ​អ្នក​ធ្វើ​ដើម្បី​វប្បធម៌​គឺ​តិច​តួច​ណាស់​ គឺ​ការ​យក​ចិត្ត​ទុក​ដាក់​នៅ​មាន​កម្រិត។

 

លោក​បន្ត​ថា ចំណេះដឹង​ដែល​បាន​ពី​បទពិសោធន៍​នៃ​វីរ​សិល្បករ​គឺ​ជា​ទ្រព្យសម្បត្តិ​ដ៏​មាន​តម្លៃ​ តែ​ចាស់​ព្រឹទ្ធាចារ្យ​មួយ​ចំនួន​បាន​លាចាក​លោក ហើយ​ចំណេះដឹង​ព្រម​ទាំង​បទ​ពិសោធន៍​ដែល​គាត់​មាន​ក៏​បាន​រលត់​ទៅ​ក្នុង​ពេល​ជាមួយ​នេះ​ដែរ។ ហេតុ​នេះ​ គឺ​មាន​តែ​យុវជន​ជំនាន់​ក្រោយ​ដែល​ជា​ទំពាំង​ស្នង​ឫស្សី​ត្រូវ​តែ​រួមគ្នា​លើក​ទឹក​ចិត្ត​និង​ថែរក្សា​ដល់​សម្បត្តិ​បេតិកភណ្ឌ​មនុស្ស​រស់​នេះ៕

 

 

 

 

អត្ថបទ៖ លឹម សុនា

អត្ថបទថ្មី