លាង ឧត្ដម តូច​ចិត្ត​ឡង់គ្រីស័រ​បុក​ឡិចស៊ីស​របស់​លោក​វិល​មួយ​ជុំ​ដាច់​កង់​បង់​តែ ៥០០ដុល្លារ

  • 2015-08-21 14:11:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង លាង ឧត្ដម បាន​ត្អូញត្អែរ​ថា លោក​មាន​ការ​តូច​ចិត្ត​ណាស់ ព្រោះ​ក្រោយ​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍ ដោយ​រថយន្ត​ឡិចស៊ីស​របស់​លោក ត្រូវ​រថយន្ត​ឡង់គ្រីស័រ​មួយ​គ្រឿង​បើក​មក​បុក​ដាច់​កង់​ក្រោយ​អស់​មួយ ហើយ​ភាគី​បង្ក​ឲ្យ​ក្រុម​ហ៊ុន​ធានា​រ៉ាប់រង​មក​ដោះ​ស្រាយ​សង​តែ ៥០០ដុល្លារ។

 

 

តារា​សម្ដែង​និយម​ដើរ​តួ​ឪពុក​រូប​នេះ​ថ្លែង​ថា សំណង​ដែល​ភាគី​បង្ក​ស្នើ​សង គឺ​តិច​តួច​ពេក​មិន​អាច​ស៊ីសង​នឹង​ការ​ខូច​ខាត​របស់​លោក​ឡើយ។ ឧត្ដម ថ្លែង​ថា "ពួក​គេ​ធ្វើ​អីចឹង​ដូច​ជា​មើល​ងាយ​ជីវិត​មនុស្ស​ណាស់ បង​គិត​មើល​សំណង​ប៉ុណ្ណឹង ធ្វើ​អី​កើត បើ​ខ្ញុំ​សួរ​ជាង គេ​ថា អស់ ៦០០-៧០០​ដុល្លារ​​ទៅ​ហើយ មិន​ទាន់​គិត​អ្នក​របួស​រួម​ដំណើរ​ជាមួយ​ខ្ញុំ និង​ខាត​ពេល​វេលា​ធ្វើ​ការ​ផង"។

 

លាង ឧត្តម បាន​ជួប​ឧប្បត្តិហេតុ​ខាង​លើ​កាល​ពី​រាត្រី​ថ្ងៃ​ទី​១៦ សីហា នៅ​ភ្លើង​ស្តុប​សាលា​សន្ធរ​មុខ។ តារា​រូប​នេះ​រៀប​រាប់​ថា ថ្ងៃ​នោះ​វេលា​ម៉ោង​ប្រមាណ​ជា ១១​យប់ ក្រោយ​ថត​រឿង​រួច លោក និង​បង​ប្រុស​របស់​លោក​រួម​ដំណើរ​ជាមួយ​គ្នា​តាម​រថយន្ត​ចុះ​ពី​ស្ពាន​៧​មករា​តាម​បណ្ដោយ​ផ្លូវ​កម្ពុជា​ក្រោម ក្នុង​បំណង​​ទៅ​តំបន់​ជ្រោយ​ចង្វា តែ​ពេល​មក​ដល់​ភ្លើង​ស្ដុប​ក៏​ជួប​ឧប្បត្តិ​ហេតុ​តែ​ម្ដង។

 

តារា​ចម្រៀង​ដែល​វិវត្តន៍​ខ្លួន​មក​ជា​តារា​សម្ដែង​រូប​នេះ បន្ត​ថា ពេល​នោះ​ដោយ​សារ​យប់​ជ្រៅ​ភ្លើង​ចរាចរណ៍​លែង​មាន​ទៅ​ហើយ លោក​ក៏​បើក​ឆ្លង​ស្តុប​ទៅ​មិន​បាន​ឈប់​ទេ ហើយ​ពេល​កំពុង​ឆ្លង​ស្រាប់​តែ​មាន​រថយន្ត​ឡង់គ្រីស័រ​ស៊េរី​០៨​មួយ​គ្រឿង​បើក​យ៉ាង​លឿន​ក្នុង​ទិសដៅ​ពី​ផ្សារ​ឃ្លាំង​រំសេវ​មក​បុក​ផ្នែក​ខាង​ក្រោយ​រថយន្ត​របស់​លោក​ធ្វើ​ឲ្យ​ដាច់​កង់​មួយ​ផ្នែក​ខាង​ក្រោយ និង​ក្រពឹត​ជញ្ជាំង​ក្រោយ។

 

"លោក​ខាង​ធានា​រ៉ាប់រង​អ្ហើយ បុក​ឡាន​ខ្ទេច​ប៉ុណ្ណឹង​ហើយ ចេញ​មុខ​មក​ដោះ​ស្រាយ​សង 500$ ធ្វើ​តែ​ឡាន​មិន​គ្រាន់​ផង ពួក​នេះ​ប្រមាថ​ជីវិត​គេ​គ្រប់​គ្នា​ហ្មង។ ល្បឿន​ឡាន​មិន​ធម្មតា បុក​ឡាន​ខ្ញុំ​ឡើង​វិល​ម៉ា​ជុំ និង​ដាច់​កង់ បើ​ម៉ូតូ​វិញ​ចប់ តែ​សំណាង​បាន​ឡាន​ខ្ញុំ​ពាំង កុំ​អី​អាយុ​ជីវិត​ចំនួន៤​នាក់​ទៀត​ដែល​ជិះ​ម៉ូតូ​ត្រូវ​ឡាន​ឆក់​យក​ទៅ​បាត់​ជា​មិន​ខាន"។ លាង ឧត្ដម ថ្លែង។

 

 រូបភាព ៖ FB ឧត្តម

 

បង​ប្រុស​របស់​លោក​ដែល​រួម​ដំណើរ បាន​រង​របួស​ដោយ​បោក​ក្បាល​នឹង​ជញ្ជាំង​ឡាន ហើយ​អ្នក​រង​គ្រោះ​ក៏​បាន​ដាក់​ពាក្យ​បណ្ដឹង​ទារ​យក​សំណង​ព្យាបាល​ខ្លួន​ដែរ។ ដំបូង​លោក​មិន​ចង់​ឲ្យ​បែក​ចេញ​មក​ក្រៅ​ទេ សុខ​ចិត្ត​ទុក​ពេល​ដោះ​ស្រាយ​ជាមួយ​គ្នា។ ប៉ុន្តែ​ដោយ​ការ​ដោះ​ស្រាយ​សំណង​មាន​ចំនួន​តិច​តូច​ពេក ទើប​ទប់​ចិត្ត​លែង​បាន​បញ្ចេញ​ព័ត៌មាន​លើ​ហ្វេសប៊ុក​ចែក​ប្រិយមិត្ត​ពិចារណា​តែ​ម្ដង។

 

តារា​សម្ដែង លាង ឧត្ដម គឺ​ជា​សិល្បករ​ទី​២​ដែល​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​គិត​ត្រឹម​រយៈ​ពេល​តែ​១​ខែ។ មុន​នេះ​នៅ​ថ្ងៃ​ទី ៣១ កក្កដា អេនឌី ក៏​បាន​ជួប​គ្រោះ​ថ្នាក់​នេះ​ដែរ​នៅ​ផ្ដុំ​ផ្សារ​ស៊ីលិប ដោយ​ត្រូវ​ម៉ូតូ​មួយ​គ្រឿង​ជិះ​មក​បុក​រថយន្ត​លោក​ដែល​បើក​បញ្ច្រាស​ទិស​បន្ទាប់​ពី​លោក​ចេញ​ពី​ហាង​កាត់​ដេរ​សំលៀក​បំពាក់​មិត្ត​ភក្ដិ​ម្នាក់​នៅ​ក្បែរ​កន្លែង​កើត​ហេតុ។ មក​ទល់​នឹង​ពេល​នេះ មិន​ទាន់​ដោះ​ស្រាយ​ចប់​ផង។

 

ងាក​មក​តារា​សម្ដែង លាង ឧត្ដម ឯណេះ​វិញ ក្រោយ​ពី​ចរចា​ដោះ​ស្រាយ​លើក​ទី​១​មិន​ទាន់​ត្រូវ​គ្នា លោក​បញ្ជាក់​ថា ភាគី​ទាំង​ពីរ​នឹង​ជួប​ដោះស្រាយ​គ្នា​ម្ដង​ទៀត​នៅ​ថ្ងៃ​ទី​២១ សីហា នេះ៕

 

អត្ថបទ៖ ទារិកា

អត្ថបទថ្មី