បាក់ឌុបព្រឹកថ្ងៃទី ២ អ្នកខ្យល់គរ និងសន្លប់មានច្រើនករណី
- 2015-08-25 16:18:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បាក់ឌុបព្រឹកថ្ងៃទី ២ អ្នកខ្យល់គរ និងសន្លប់មានច្រើនករណី
ចន្លោះមិនឃើញ
ប្រឡងបាក់ឌុបថ្ងៃទីពីរ និងជាថ្ងៃចុងក្រោយសម្រាប់ឆ្នាំ ២០១៥ នេះ ករណីសិស្សខ្យល់គរ និងសន្លប់មានច្រើននៅតាមមណ្ឌលប្រឡងនានាទូទាំងប្រទេស។
នៅម៉ោង៧:២០នាទី ព្រឹកនេះនៅមណ្ឌលវិទ្យាល័យហ៊ុន សែនបល្ល័ង្ក ខេត្តកំពង់ធំបេក្ខជនម្នាក់មានអាការៈមិនស្រួលខ្លួនមុនចែកវិញ្ញាសា តែត្រូវបានលោកគ្រូ អ្នកគ្រូ អនុរក្ស និងអ្នកស្ម័គ្រចិត្តជួយសម្រួលឲ្យប្រសើរវិញហើយ។
នៅមណ្ឌលស៊ីសុវត្ថិខាងលិច សិស្សស្រីម្នាក់ដែលសន្លប់កាលពីថ្ងៃទី ២៤ ម្សិលមិញ បានសន្លប់ម្ដងទៀតនៅថ្ងៃនេះ។ ឥលូវប្រធានមណ្ឌលបានរៀបចំឲ្យសិស្សម្នាក់នេះអង្គុយប្រឡងនៅក្រៅបន្ទប់។
វិទ្យាល័យ ១០ មករាខាងត្បូង ខេត្តសៀមរាប បេក្ខនារីដែលមានបញ្ហាសុខភាពដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យម្សិលមិញបានធូរស្រាល និងមកប្រឡងបានវិញហើយថ្ងៃនេះ។
បេក្ខជនម្នាក់ក្នុងមណ្ឌលវិទ្យាល័យអូរអំបិល ខេត្តបន្ទាយមានជ័យ ខ្យល់គរកំពុងត្រូវបានយកចិត្តទុកដាក់ព្យាបាលដោយគ្រូពេទ្យ។
នៅមណ្ឌលវត្តកោះខាងជើង រាជធានីភ្នំពេញ បេក្ខនារីម្នាក់ដួលសន្លប់នៅពេលកំពុងប្រឡង និងត្រូវបានជួយសង្គ្រោះដោយក្រុមគ្រូពេទ្យ។
ខេត្តព្រៃវែង នៅមជ្ឈមណ្ឌលភូមិភាគហ៊ុន សែនព្រៃវែង បេក្ខនារីម្នាក់មានអាការៈ វិលមុខ ក្អួត ឈឺក្បាលងងឹតមុខ។ ដោយសារអាការៈមិនសូវធូរស្បើយ គាត់ត្រូវប្រធានមណ្ឌលរៀបចំឲ្យប្រឡងនៅក្រៅបន្ទប់។
នៅមានករណីជាច្រើនទៀតដែល Sabay មិនអាចលំអិតអស់។ ចំពោះមូលហេតុនៃការដួលសន្លប់ដ៏ច្រើននេះ ត្រូវបានលោក រស់ សាលីន អ្នកនាំពាក្យ ក្រសួងអប់រំ យុវជន និងកីឡា ឲ្យដឹងថា មកពីពួកគាត់ភាគច្រើនមិនបានញ៉ាំអាហារពេលព្រឹក ព្រោះងើបយឺត ប្រញាប់មកមណ្ឌលប្រឡងឲ្យទាន់ពេលវេលា៕
អត្ថបទ៖ ប្រាក់ ចាន់សីហា ប្រភព៖ អង្គភាពប្រឆាំងអំពើពុករលួយ