ក្រុមហ៊ុន អេសស៊ីជី ឧបត្ថម្ភ​បង់​អង្គុយ​ដល់​វិទ្យាល័យ​ក្នុង​រាជធានី​ភ្នំពេញ​ចំនួន ២០ សាលា​សរុប ១០០ បង់

  • 2015-09-01 18:19:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ ក្រុមហ៊ុន អេសស៊ីជី ខនគ្រីត រូហ្វ (ខេមបូឌា) ខូ អិលធីឌី (SCG Concrete Roof (Cambodia) Co., Ltd) ដែល​ជា​បុត្រ​សម្ព័ន្ធ​មួយ​របស់​ក្រុមហ៊ុន អេសសីជី មក​ពី​ប្រទេស​ថៃ ដែល​ក្រុមហ៊ុន​ឈាន​មុខ​គេ​នៅ​ក្នុង​តំបន់​អាស៊ាន​ក្នុង​ការ​ផ្គត់ផ្គង់​ស៊ីម៉ងត៍​និង​សម្ភារ​សំណង់ បាន​ឧបត្ថម្ភ​បង់​អង្គុយ​ចំនួន ១០០ បង់​ដល់​សាលា​ចំនួន ២០ វិទ្យាល័យ​ក្នុង​រាជធានី​ភ្នំពេញ។ វិទ្យាល័យ​ទាំងនោះ​​រួមមាន វិទ្យាល័យ ហ៊ុន សែន ភ្នំពេញថ្មី វិទ្យាល័យ ឥន្ទ្រទេវី វិទ្យាល័យ ជា ស៊ីម ឈូក វ៉ា វិទ្យាល័យ ទួល​ប្រាសាទ សែនសុខ វិទ្យាល័យ ទួល​ស្វាយព្រៃ វិទ្យាល័យ ជា ស៊ីម សាមគ្គី វិទ្យាល័យ ហ៊ុន សែន ជម្ពូរវ័ន វិទ្យាល័យ បាក់ទូក វិទ្យាល័យ ជា ស៊ីម បឹងកេងកង វិទ្យាល័យ វត្តកោះ វិទ្យាល័យ អនុវត្ត វិទ្យាល័យ ព្រះស៊ីសុវត្ថិ វិទ្យាល័យ បឹងត្របែក វិទ្យាល័យ ទួលទំពូង វិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី ផ្សារដើមថ្កូវ វិទ្យាល័យ ច្បារអំពៅ វិទ្យាល័យ ព្រែកលៀប វិទ្យាល័យ ឫស្សីកែវ វិទ្យាល័យ វត្តភ្នំ និង​វិទ្យាល័យ ជ្រោយចង្វារ។

 

 

តំណាង​ក្រុមហ៊ុន​បាន​ឱ្យ​ដឹង​ថា ការ​ឧបត្ថម្ភ​បង់​អង្គុយ​រហូត​ដល់​ទៅ ១០០ បង់​នា​ពេល​នេះ​គឺ​ដើម្បី​ជួយ​លើក​កម្ពស់​សោភ័ណភាព និង​បរិស្ថាន​នៅ​តាម​សាលា​នីមួយៗ ​និង​ដើម្បី​បង្កើត​ភាព​ងាយ​ស្រួល​ដល់​ប្អូនៗ​សិស្សានុសិស្ស​អង្គុយ​ពិភាក្សា​គ្នា​អំពី​កិច្ចការ​សាលា និង​មេរៀន​ផ្សេងៗ។

 

ក្រុមហ៊ុន​ អេសស៊ីជី ខនគ្រីត រូហ្វ (ខេមបូឌា) ខូ អិលធីឌី កំពុង​ផ្គត់ផ្គង់​ផលិតផល​ក្បឿង​ស៊ីម៉ងត៍ ​អេសស៊ីជី គុណភាព​ខ្ពស់​ស្តង់ដារ​តែ​មួយ​ក្នុង​តំបន់​អាស៊ាន ​និង​ជា​ក្រុមហ៊ុន​ដំបូង​គេ​បង្អស់​ដែល​ឧបត្ថម្ភ​បង់​អង្គុយ​ក្នុង​ចំនួន​ដ៏​ច្រើន​បែប​នេះ​ដល់​សាលា​ចំនួន ២០ ក្នុង​រាជ​ធានី​ភ្នំពេញ។ គួរ​រំលឹក​ផង​ដែរ​ថា​ក្នុង​កំឡុង​ពេល​ពីរ​ឆ្នាំ​កន្លង​មក​នេះ អេសស៊ីជី ​ក៏​កំពុង​បង្កើត​កម្មវិធី​អាហារូបករណ៍​មួយ​ដែល​មាន​ឈ្មោះ​ថា "អេសស៊ីជី ចែក​រំលែក​ក្តី​សុបិន” ដើម្បី​ជួយ​ដល់​សិស្សានុសិស្ស​ក្នុង​តំបន់​អាស៊ាន​ដូចជា​ប្រទេស កម្ពុជា មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ហ្វីលីពីន ឡាវ វៀតណាម និង​ថៃ។

 

 

កាល​ពី​ឆ្នាំ ២០១៤ កម្មវិធី​នេះ​បាន​នាំ​យក​អាហារូបករណ៍​ចំនួន ១០០ កន្លែង​រួចមក​ហើយ​សម្រាប់​សិស្សានុសិស្ស​ក្នុង​ប្រទេស​កម្ពុជា​ដែល​មាន​អត្តចរិត និង​ក្រមសីលធម៌​ល្អ ហើយ​អាហារូបករណ៍​ចំនួន ១៥០ កន្លែង​ផ្សេង​ទៀត​ក៏​ទើប​ផ្តល់​ឱ្យ​សិស្សានុសិស្ស​ក្នុង​រាជធានី​ភ្នំពេញ ​និង​ខេត្ត​កំពត​កាល​ពី​ពេល​ថ្មីៗ​នេះ​ផង​ដែរ​សម្រាប់​ឆ្នាំ ២០១៥៕

 

អត្ថបទ៖ ពាណិជ្ជកម្ម

 

អត្ថបទថ្មី