តារាស្រី កម្ពុជា៣នាក់ ត្រៀមចេញទៅបញ្ចេញឈុតប៊ីគីនី នៅម៉ាឡេស៊ី
- 2015-09-23 14:31:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាស្រី កម្ពុជា៣នាក់ ត្រៀមចេញទៅបញ្ចេញឈុតប៊ីគីនី នៅម៉ាឡេស៊ី
ចន្លោះមិនឃើញ
កញ្ញា ផាន់ ផាត់ណា កញ្ញា វ៉ាន់ ស្រីល័ក្ខ និង កញ្ញា ម៉ឹង សេរីរ័ត្ន ហៅ ជា សិលា គ្រោងចេញទៅប្រកួត កម្មវិធី២ នៅប្រទេស ម៉ាឡេស៊ី នាចុងខែ កញ្ញា ខាងមុខនេះ ដោយការប្រកួតតម្រូវឲ្យតារាទាំងអស់ស្លៀកឈុតប៊ីគីនី។
តាមការបញ្ជាក់លោក ម៉ែន និមលរតន៍ ប្រធានក្រុមបង្ហាញម៉ូដ Sun Super Models Cambodia កម្មវិធីប្រកួតដែលតារាម៉ូដែលកម្ពុជា គ្រោងចេញទៅប្រកួតមាន Miss Southeast Asia Tourism Ambassadress 2015 និង Miss Cosmopolitan World 2015 ដោយកម្មវិធីហ្នឹងធ្វើឡើងនៅប្រទេសម៉ាឡេស៊ីទាំងអស់ គ្រាន់តែពេលវេលាប្រព្រឹត្តទៅខុសគ្នាប៉ុណ្ណោះ។
ប្រធានម៉ូដែលខាងលើបានរៀបរាប់ឲ្យដឹងថា Miss Southeast Asia Tourism Ambassadress 2015 គ្រោងធ្វើចាប់ពីថ្ងៃទី២៤ ខែ កញ្ញា រហូតដល់ថ្ងៃទី៣ តុលា ឆ្នាំ ២០១៥ ក្នុងនោះ តារាម៉ូដែលតំណាងឲ្យប្រទេសកម្ពុជាមាន២នាក់ចូលរួម គឺ កញ្ញា ផាន់ ផាត់ណា និង កញ្ញា វ៉ាន់ ស្រីល័ក្ខ ។ មានប្រទេស១០ ក្នុងតំបន់អាស៊ានចូលរួម កម្មវិធីមួយនេះ ដោយប្រទេសមួយអាចបញ្ជូនតារា២នាក់។
កញ្ញា ម៉ឹង សេរីរ័ត្ន ហៅ ជា សិលា
ចំណែកឯកម្មវិធីប្រកួតមួយទៀតគឺ Miss Cosmopolitan World 2015 ដែលចាប់ផ្ដើមពីថ្ងៃទី ២៥ ខែកញ្ញា រហូតដល់ថ្ងៃទី១២ តុលា ឆ្នាំ ២០១៥ ។ តារាម៉ូដែលតំណាងឲ្យប្រទេសកម្ពុជាមានតែម្នាក់ប៉ុណ្ណោះ គឺកញ្ញា ម៉ឹង សេរីរ័ត្ន ហៅ ជា សិលា ។ Miss Cosmopolitan World 2015 មាន៣០ប្រទេសចូលរួម។ ការប្រកួតនៃកម្មវិធីទាំងពីរ គឺមានបញ្ចូលវិញ្ញាសាស្លៀកឈុតប៊ីគីនី ទាំងអស់។
លោក ម៉ែន និមលរតន៍ បានថ្លែងថា មុនសម្រេចបញ្ជូនតារាម៉ូដែលទាំង៣ខាងលើទៅចូលរួមប្រកួតនេះ អ្នកទាំង៣ សុទ្ធតែត្រូវបានជ្រើសដោយ អ្នករៀបចំកម្មវិធីទាំងអស់។ បច្ចុប្បន្នពួកគេត្រៀមខ្លួនរួចរាល់អស់ហើយ ដើម្បីចូលរួមប្រកួត។ ក្រៅពីឈុតប៊ីគីនី ក៏មានឈុត សំលៀកបំពាក់ប្រពៃណីខ្មែរ និង របាំ ផងដែរ។
ការស្លៀកឈុតប៊ីគីនីនេះ ផាត់ណា ស្រីល័ក្ខ ក៏ដូចជា សិលា មិនខ្លាចនិងការបញ្ចេញឡើយ ត្បិតអីកម្មវិធីបានតម្រូវ។ អ្នកទាំង៣ ប្រាប់ថា បានត្រៀមឈុតប៊ីគីនី ម្នាក់២ ឈុត ដើម្បីចូលរួមប្រកួត ជាមួយគ្នានោះពួកគេសុទ្ធតែបានប្ដេជ្ញាចិត្តថា និងខំប្រឹងឲ្យអស់ពីសមត្ថភាព ដើម្បីយកកិត្តិយសជួន ប្រទេសជាតិឲ្យបាន។ ចំពោះ រង្វាន់នៃការប្រកួត នៅមិនទាន់ដឹងថា ទទួលបានអ្វីនៅឡើយទេ។
លោក ម៉ែន និមលរតន៍ បានលើកឡើងថា នេះជាមោទនភាពថ្មីមួយទៀតរបស់ក្រុមម៉ូដែលរបស់លោក ដែលបានទៅចូលរួមប្រកួតកម្មវិធីនេះ។ លោករំពឹងថា ម៉ូដែលទាំង៣នាក់នេះ នឹងអាចមានសមត្ថភាពដណ្ដើមបានពានអ្វីមួយពីកម្មវិធី មកជួនក្រុមក៏ដូចប្រទេសជាតិ ជាក់ជាមិនខាន៕
អត្ថបទ៖ ខុត សីហា រូបថត៖ ផ្ដល់ឲ្យ