និស្សិតគិលានុបដ្ឋាយិកា តំណាងកម្ពុជាទៅប្រកួត Miss Grand International
- 2015-10-06 18:16:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
និស្សិតគិលានុបដ្ឋាយិកា តំណាងកម្ពុជាទៅប្រកួត Miss Grand International
ចន្លោះមិនឃើញ
និស្សិតគិលានុបដ្ឋាយិកាឆ្នាំទី៣ វ័យ ២២ឆ្នាំ កញ្ញា សេង ប៉ូលវិថាវី បានធ្វើជាបេក្ខនារីតំណាងកម្ពុជាទៅរួមប្រកួតក្នុងកម្មវិធី Miss Grand International នៅប្រទេសថៃដែលនឹងប្រព្រឹត្តទៅនាចុងខែនេះ។
សេង ប៉ូលវិថាវី ទទួលបានសិទ្ធិចូលរួមប្រកួតក្នុងកម្មវិធីខាងលើ បន្ទាប់ពីនាងបានទទួលជយលាភីលេខ១ក្នុងកម្មវិធី Miss Grand Cambodia ប្រចាំឆ្នាំ ២០១៥រៀបចំដោយ BKA Entertainment ដោយនាងបានយកឈ្នះបេក្ខនារី២៤រូបផ្សេងទៀត កាលពីពាក់កណ្ដាលខែមិថុនាកន្លងទៅ។
កញ្ញា សេង ប៉ូលវិថាវី (រូបថតផ្ដល់សិទ្ធិដោយ៖ Miss Grand International)
ទទួលបានសិទ្ធិប្រកួតកម្មវិធីខាងលើ និស្សិតស្រីវ័យ ២២ឆ្នាំរូបនេះ បានទៅដល់ប្រទេសថៃនាថ្ងៃម្សិលមិញ។ នេះបើតាមការរាយការណ៍ផ្ទាល់ដោយទំព័រហ្វេសប៊ុកផ្លូវការរបស់ Miss Grand International ខណៈបេក្ខនារីតំណាងប្រទេសនានាក៏បានទៅដល់បន្តបន្ទាប់គ្នាដែរ។
បេក្ខនារីរបស់កម្ពុជា នឹងស្លៀកសំលៀកបំពាក់តំណាងជាតិដែលជាលក្ខខណ្ឌមួយរបស់កម្មវិធី។ តាមអ្នករៀបចំដំណើររបស់ វិថាវី ទៅចូលរួមការងារប្រកួតនេះ ក្រុមការងារបានត្រៀមរួចរាល់ហើយ នោះគឺសំលៀកបំពាក់បូរាណពាក់ប្រចាំជាតិ ជាសំលៀកបំពាក់នៃ ខត្តិយៈកញ្ញាខ្មែរដើមសម័យចតុមុខ ព្រមជាមួយគ្រឿងអលង្ការដែលរំលេចដោយក្បាច់នៃសម័យអង្គរ។
សំលៀកបំពាក់ប្រពៃណីដែល សេង ប៉ូលវិថាវី គ្រោងយកទៅបង្ហាញក្នុងកម្មវិធី (រូបភាពផ្ដល់ដោយ៖ BKA)
តាមទំព័ររបស់ Miss Grand International ដដែល បានឲ្យដឹងថា សេង ប៉ូលវិថាវី នឹងត្រូវប្រជែងជាមួយបេក្ខនារីមកពីប្រទេសចំនួនជាង ១០០ ប្រទេសផ្សេងទៀត ដើម្បីទទួលជយលាភីលើផ្នែកនានារបស់កម្មវិធី។ Miss Grand International នឹងចាប់សកម្មភាពចាប់ពីស្អែកនេះតទៅ តាមកម្មវិធីផ្សេងៗដែលបានគ្រោង មុនពេល Show ទី១របស់ខ្លួននឹងមកដល់នាថ្ងៃទី ២៣ តុលា ២០១៥ និងកម្មវិធីប្រកួតចុងក្រោយ នឹងធ្វើនៅ២ថ្ងៃបន្ទាប់ គឺថ្ងៃទី ២៥ ខែឆ្នាំដដែល។ កញ្ញា សេង ប៉ូលវិថាវី វ័យ ២២ឆ្នាំ កម្ពស់ ១,៧៣ម៉ែត្រ មកពីខេត្តតាកែវ នាងគឺជាបេក្ខនារីតំណាងកម្ពុជាទី២ ដែលបានទៅចូលរួមប្រកួតក្នុងកម្មវិធីខាងលើ បន្ទាប់ពីឆ្នាំមុន កញ្ញា នូ ទឹមស្រីនៀត ក៏ត្រូវបាន BKA Entertainment បញ្ជូនទៅចូលរួមប្រកួតដែរ ដែលកាលណោះ ស្រីនៀត បានទទួលជយលាភីផ្នែក "ប្រជាប្រិយ" ពីកម្មវិធី។
កញ្ញា សេង ប៉ូលវិថាវី (រូបថតផ្ដល់សិទ្ធិដោយ៖ Miss Grand International)
លោក ប៊ុនកើដ អគ្គនាយកក្រុមហ៊ុនខាងលើ បានមានប្រសាសន៍ថា មិនខុសពីឆ្នាំមុន គឺឆ្នាំនេះ បេក្ខនារីរបស់ប្រទេសនានាសុទ្ធតែមានសម្រស់ស្រស់ស្អាត និងមានសមត្ថភាពរៀងខ្លួន។ យ៉ាងណា លោកសង្ឃឹមថា ប៉ូលវិថាវី អាចនឹងឈ្នះជយលាភីលើផ្នែកណាមួយក្នុងកម្មវិធី។
ផ្ទុយទៅវិញ បើទោះជាលទ្ធផលយ៉ាងណា ក៏លោកនៅតែមានមោទនភាព ព្រោះហោចណាស់ ក៏បានបង្ហាញពីតម្លៃនៃសម្រស់របស់នារីខ្មែរ និងផ្សព្វផ្សាយទេសចរណ៍ពីកម្ពុជាទៅកាន់ពិភពលោកដែរ។ ដូច្នេះហើយ លោកស្នើឲ្យប្រិយមិត្តចូលរួមបោះឆ្នោតគាំទ្រ បេក្ខនារីយើងទាំងអស់គ្នា។
លោកថា "តាមលក្ខខណ្ឌរបស់គេ បើបេក្ខនារីណាទទួលបានជយលាភីផ្នែកប្រជាប្រិយ មានសិទ្ធិឆ្លងទៅវគ្គ១០នាក់ចុងក្រោយ។ ដូច្នេះកុំភ្លេចបោះឆ្នោតឲ្យគាត់ទាំងអស់គ្នា"។ របៀបបោះឆ្នោត គឺខុសពីឆ្នាំមុនដែលការបោះឆ្នោតធ្វើតាមរយៈ Facebook ប៉ុន្តែឆ្នាំនេះគឺធ្វើទៅតាម App របស់កម្មវិធីឈ្មោះ Miss Grand ។ ដូច្នេះដើម្បីបោះឆ្នោតគាំទ្របេក្ខនារីយើងបាន តម្រូវឲ្យប្រិយមិត្តចូលទៅដោនឡូន App រួចមកដំឡើងលើទូរសព្ទដៃ(ទាំង Android & IOS) ជាមុនសិន៕
អត្ថបទ៖ ទារិកា