ការទាមទារតម្លៃខ្លួនរបស់ ឡុង សុភី ធ្វើឲ្យលុបចោលប្រកួតជាមួយ Rareung
- 2015-10-07 14:06:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការទាមទារតម្លៃខ្លួនរបស់ ឡុង សុភី ធ្វើឲ្យលុបចោលប្រកួតជាមួយ Rareung
ចន្លោះមិនឃើញ
កាលពីពេលកន្លងទៅអ្នកប្រដាល់ជំនាញជង្គង់ ឡុង សុភី បានទាមទារប្រាក់តម្លៃខ្លួនចន្លោះចំនួន ៥ពាន់ដល់ ១ម៉ឺនដុល្លារអាមេរិកសម្រាប់ការប្រកួតការពារខ្សែក្រវាត់ខារ៉ាបាវរដូវកាលទី១ ជាមួយអ្នកប្រដាល់ថៃ Rareung Lukchampachai ប៉ុន្តែជំនួបនេះមិនអាចកើតឡើងបានឡើយ ដោយសារការចចារតម្លៃខ្លួនមិនត្រូវគ្នារវាងភាគីទាំងសងខាង។
សកម្មភាពប្រកួតរវាង ឡុង សុភី និង Rareung Lukchampachai កាលពេលកន្លងទៅ
លោក នាង ស៊ីវុត្ថា ប្រធានកម្មវិធីប្រកួតប្រដាល់របស់ស្ថានីយទូរទស្សន៍បាយ័នបានឲ្យដឹងថា ការប្រកួតការពារខ្សែក្រវាត់រវាង ឡុង សុភី និង Rareung Lukchampachai ត្រូវបានលុបចោលវិញ ពីព្រោះការទាមទារប្រាក់តម្លៃខ្លួនរបស់អ្នកប្រដាល់កម្ពុជារូបនេះខ្ពស់ជាងការប្រកួតការពារខ្សែក្រវាត់នាពេលកន្លងទៅ ដែលក្រុមហ៊ុនអ្នកឧបត្ថម្ភមិនអាចផ្ដល់ជួនបាន។ សម្រាប់ស្ថានីយវិញ រៀបចំកម្មវិធីប្រកួតម្ដងៗមិនបានលក់សំបុត្រដល់អ្នកចូលទស្សនាទេ ហេតុនេះប្រាក់តម្លៃខ្លួនខ្ពស់បែបនេះមិនទាន់អាចទៅរួចឡើយ។
ចំណែកអ្នកប្រដាល់ ឡុង សុភី វិញបានប្រាប់ឲ្យដឹងថា រូបគេបានដាក់លិខិតស្នើទាមទារតម្លៃខ្លួននេះដល់សហព័ន្ធកីឡាប្រដាល់កាលពីព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៥ ប៉ុន្តែមិនទាន់បានទទួលចម្លើយវិញឡើយ។ ម្ចាស់ខ្សែក្រវាត់៦ រូបនេះបានអះអាងថា រូបគេនឹងមិនព្រមឡើងប្រកួតការពារខ្សែក្រវាត់ជាមួយអ្នកប្រដាល់ថៃ Rareung Lukchampachai ឡើយ ប្រសិនបើខាងស្ថានីយទូរទស្សន៍ផ្ដល់ប្រាក់តម្លៃខ្លួនត្រឹមតែ១ពាន់ដុល្លារនោះ៕
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា