តើ​មជ្ឈមណ្ឌល ធនធានសោតទស្សន៍ បុប្ផាណា ​​បង្កើត​ឡើង​ដើម្បី​អ្វី?

  • 2015-10-16 21:02:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មជ្ឈមណ្ឌល បុប្ផាណា បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០០៦ ក្រោម​គំនិត​ផ្ដួចផ្ដើម​របស់​សមិទ្ធិករ​ភាពយន្ត  រិទ្ធី ប៉ាន ជាមួយ​នឹង​សមិទ្ធិករ​ល្បីល្បាញ​ម្នាក់​ទៀត​ឈ្មោះ អ៊ី ប៉ាណ្ណាកា ដែល​ជា​មនុស្ស​មាន​ទស្សនវិស័យ​ស្រឡាញ់​ភាពយន្ត​ដូច​គ្នា និង​មាន​ការ​ឧបត្ថម្ភ​ជា​ទីតាំង​ដោយ​រាជរដ្ឋាភិបាល។

 

ការ​តាំង​ពិព័រណ៌​រូប​ចាស់​ៗ

 

អនុប្រធាន​មជ្ឈមណ្ឌល ជា សុភាព បាន​ឱ្យ​ដឹង​ថា "បុប្ផាណា" មាន​បេសកកម្ម​សំខាន់ ៣ ចំណុច។ បេសកកម្ម​ទី១ ធ្វើការ​ប្រមែប្រមូល​រាល់​បណ្ណាសារ​សោតទស្សន៍​ទាំង​អស់​ទាក់ទង​ទៅ​នឹង​ប្រទេស​កម្ពុជា និង​ថែរក្សា​ឱ្យ​បាន​គង់វង្ស ដូច​ជា​ភាពយន្ត​ចាស់ៗ រូបថត ខ្សែ​អាត់​សំឡេង និង​វីដេអូ​ឯកសារ​ជា​ដើម។ បណ្ណាសារ​ទាំង​នោះ​ នៅ​សេសសល់​តាំង​ពី​ឆ្នាំ ១៨៤៩ ខណៈ​បារាំង​មក​ថត​នៅ​ក្នុង​ដែនដី​ឥណ្ឌូចិន ជា​ពិសេស​ថត​ប្រទេស​កម្ពុជា​តែ​ម្ដង។

 

ទី​នោះ​ ក៏​បាន​រក្សា​ទុក​នូវ​ឯក​សារ​ជា​ច្រើន​ទាក់ទង​ទៅ​នឹង​សម័យ​ទទួល​បាន​ឯករាជ្យ និង​សង្គម​រាស្ត្រ​និយម សម្រាប់​អ្នក​ជំនាន់​ក្រោយ​ស្វែងយល់។ បន្ទាប់​ពី​នេះ​ ក៏​មាន​ឯកសារ​ពី​ការ​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​ព្រះករុណា ដែល​ផលិត​ឡើង​ដោយ​រដ្ឋាភិបាល លន់ ណុល និង​ឯកសារ​ផលិត​ឡើង​ដោយ​ជន​បរទេស។

 

អ្វី​ដែល​កាន់​តែ​ចាប់​អារម្មណ៍ "បុប្ផាណា" ក៏​មាន​ឯកសារ​ស្ដី​ពី​របប​ខ្មែរ​ក្រហម​ជា​ច្រើន​ផង​ដែរ ព្រោះ​ខ្មែរ​ក្រហម​មិន​ដែល​អនុញ្ញាត​ឱ្យ​អ្នក​ក្រៅ​ណា​មក​ថត​ពី​សកម្មភាព​ធ្វើ​ទារុណកម្ម ឬ​កាប់​សម្លាប់​ប្រជាពលរដ្ឋ​ឡើយ។ ប៉ុន្តែ​មាន​មនុស្ស​មួយ​ចំនួន​ដូចជា អ្នក​កាសែត​ឆេកូស្លូវ៉ាគី និង​អ្នក​កាសែត​ស៊ុយអែត​អាច​មក​កម្ពុជា ៣ ដង​ក្នុង​សម័យ​នោះ និង​បាន​ថត​រូប​ភាព​មួយ​ចំនួន ហើយ​ថត​បាន​ត្រឹម​តែ​សកម្មភាព​លើក​ទំនប់ ជីក​ប្រឡាយ ឬ​ធ្វើ​កសិកម្ម ប៉ុណ្ណោះ។

 

 

បេសកកម្មទី២ លោក​បាន​បន្ថែម​ថា មជ្ឈមណ្ឌល​មួយ​នេះ បាន​ប្រើ​គ្រប់​មធ្យោបាយ​ក្នុង​ការ​ផ្សព្វផ្សាយ​សមរម្យ ដើម្បី​ផ្សព្វផ្សាយ​ដល់​សាធារណជន​រួម​មាន​បណ្ណាល័យ​វីដេអូ ដែល​ផ្ដល់​ឱកាស​សម្រាប់​មហាជន​ទូទៅ​ចូល​ទស្សនា​ដោយ​មិន​គិត​កម្រៃ។ ក្រៅ​ពី​នេះ​ក៏​មាន​សកម្មភាព​ភាពយន្ត​ចល័ត ដោយ​យក​ភាពយន្ត​ចាស់ៗ​ទាំង​នោះ​ទៅ​ចាក់​បញ្ចាំង​តាម​បណ្ដា​ខេត្ត​ជា​ដើម។

 

អនុប្រធាន​រូប​នេះ​បន្ត​ថា កន្លង​មក មាន​វីដេអូ​ឯកសារ និង​ភាពយន្ត​ប្រមាណ​ជាង ២០០០ ចំណង​ជើង​ហើយ ត្រូវ​បាន​ចាក់​បញ្ចាំង​ដល់​សាធារណជន​បាន​ទស្សនា ដែល​ភាគ​ច្រើន​សល់​ពី​សម័យ​ខ្មែរ​ក្រហម។ ក្នុង​នោះ​ក៏​មាន​កុន​របស់​លោក អ៊ីវ៉ុង ហែម លោក​គ្រូ លី ប៊ុនយីម អ្នក​ស្រី ឌី សាវ៉េត ជា​ដើម។ ជា​ពិសេស កុន​ជា​ស្នាព្រះហស្ត​របស់​ព្រះ​បរម​រតន​កោដ្ឋ នៅ​សេសសល់​ច្រើន​ជាង​គេ។

 

បេសកកម្មទី៣ លើក​ស្ទួយ​វិស័យ​សោតទស្សន៍​កម្ពុជា ពោល​គឺ​វិស័យ​ភាពយន្ត​តែ​ម្ដង ដោយ​បាន​បណ្ដុះបណ្ដាល​យុវជន​ជំនាន់​ក្រោយ ឱ្យ​ចេះ​ធ្វើ​ការងារ​ក្នុង​វិស័យ​នេះ ដែល​មាន​ការ​បង្ហាត់បង្ហាញ​ពី​ប្រធាន​មជ្ឈមណ្ឌល  រិទ្ធី ប៉ាន និង​បាន​អញ្ជើញ​ផលិតករ​ភាពយន្ត​បរទេស​មួយ​ចំនួន​ទៀត ដែល​លោក​បាន​ស្គាល់​រាប់​អាន​គ្នា ដើម្បី​ចូលរួម​បង្រៀន​ពី​បច្ចេកទេស​ផលិត​កុន​ផង​ដែរ។ ជាក់​ស្ដែង​ថ្មី​នេះ មជ្ឈមណ្ឌល ទើប​តែ​បញ្ចប់​វគ្គ​បណ្ដុះបណ្ដាល​ជំនាញ​ផលិត​ភាពយន្ត​ឯកសារ​ផង​ដែរ៕

 

រូបថតខាង​មុខ មជ្ឈមណ្ឌល បុប្ផាណា

 

អត្ថបទ៖ សំ ជំនាញ

អត្ថបទថ្មី