ប្រវត្តិ​មជ្ឈមណ្ឌល ធនធាន​សោតទស្សន៍ "បុប្ផាណា"

  • 2015-11-06 16:10:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ជា សុភាព អនុ​ប្រធាន​មជ្ឈមណ្ឌល បាន​រៀបរាប់​ប្រាប់ Sabay ថា មជ្ឈមណ្ឌល​សោតទស្សន៍ បុប្ផាណា ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ឆ្នាំ ២០០៦ ក្រោម​គំនិត​ផ្ដួចផ្ដើម​របស់​សមិទ្ធិករ​ភាពយន្ត ប៉ាន រិទ្ធី ជាមួយ​នឹង​សមិទ្ធិករ​ល្បីល្បាញ​ម្នាក់​ទៀត​ឈ្មោះ អ៊ី ប៉ាណ្ណាកា ដែល​ជា​មនុស្ស​មាននិស័្សយ​ស្រឡាញ់​ភាពយន្ត​ដូច​គ្នា និង​មាន​ការ​គាំទ្រ​ដោយក្រសួង​​វប្បធម៌ និង​វិចិត្រ​សិល្បៈ ព្រម​ទាំង​​រាជរដ្ឋាភិបាល។ មជ្ឈមណ្ឌល ធនធាន​សោតទស្សន៍ បុប្ផាណា មាន​អាសយដ្ឋាន​អាគារ ៦៤ ផ្លូវ ២០០ សង្កាត់​បឹងរាំង ខណ្ឌ​ដូន​ពេញ។

 

 

លោក​បាន​បន្ត​ទៀត​ថា​ការ​បង្កើត បុប្ផាណា នេះ​ឡើង​គឺ​ដើម្បី​ប្រមែប្រមូល​បណ្ណាសារ​សោតទស្សន៍​ទាំង​អស់​ទាក់ទង​ទៅ​នឹង​ប្រទេស​កម្ពុជា​ ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ ដូចជា បារាំង សហរដ្ឋអាមេរិក ជប៉ុន និង​អូស្ត្រាលី។ ដោយ​ដាក់​នៅ​ក្នុង​កន្លែង​មួយ ដើម្បី​ឲ្យ​សាធារណជន​ទូទៅ ជាពិសេស​យុវជន​ជំនាន់​ក្រោយ​ បាន​ស្វែងយល់​ពី​បេតិកភណ្ឌ​ភាពយន្ត​ទាំងអស់​នោះ។ បុប្ផា​ណា ​មាន​ដៃគូ​ធំ​នៅ​ក្នុង​ស្រុក​ខ្មែរ​គឺ​នាយកដ្ឋាន​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌ ហើយ​នៅ​បារាំង​មាន​ឈ្មោះ​ថា INA ឬ​ក្រសួង​ការបរទេស​បារាំង និង ECPAD ដែល​មាន​ឈ្មោះ​ល្បីល្បាញ​នៅ​បារាំង។

 

"តាំងពី​បង្កើត​មក ​មជ្ឈមណ្ឌល ធនធាន​សោតទស្សន៍ នេះ​បាន​ប្រមែប្រមូល​ទាក់ទង​នឹង​ប្រទេស​កម្ពុជា​ច្រើន​មែនទែន​ដែល​រួមមាន​បណ្ណាសារ​វីដេអូ​ជាង ២០០០ ចំណងជើង​ដែល​ទស្សនិកជន​អាច​ទស្សនា​បាន​ដោយ​សេរី ហើយ​យើង​មាន​បណ្ណាសារ​ជា​រូបថត​រាប់​ម៉ឺន​សន្លឹក​ដែល​ខ្ញុំ​មិន​អាច​ចាំ​ចំនួន​បាន និង​មាន​បណ្ណាសារ​ជា​ខ្សែអាត់​សំឡេង​រាប់​រយ​ម៉ោង​ទៀត​។”

 

 

បច្ចុប្បន្ន​មាន​កំណើន​បណ្ណាសារ​ជាច្រើន ដែល​បង្ក​ភាព​ងាយស្រួល​ដល់​និស្សិត ក៏​ដូចជា​យុវវ័យ​ដែល​ចង់​សិក្សា​អាច​មក​ទី​នេះ​ស្វែងរក​បាន នេះ​ជា​សមិទ្ធផល​ដែល​យើង​សម្រេច​បាន ហើយ​អ្នក​សិក្សា​នេះ​ទៀត​សោត​ មិន​ត្រឹមតែ​ជា​ជនជាតិ​ខ្មែរ​ប៉ុណ្ណោះ​ទេ មាន​ទាំង​អ្នក​ស្រាវជ្រាវ​មកពី​បរទេស​ទៀត។

 

សម្រាប់​ផល​លំបាក​លោក  ជា សុភាព បាន​បញ្ជាក់​ថា "ជា​ធម្មតា​ទេ​កន្លែង​ណា​ក៏​ដូច​កន្លែង​ណា​ពេល​បង្កើត​ដំបូង​តែង​ជួប​បញ្ហា​តិចតួច​ហើយ ដោយ​កន្លែង​សោតទស្សន៍​នោះ​ដំបូង​ត្រូវ​ជួប​បញ្ហា​ហិរញ្ញវត្ថុ​ ព្រោះ​​មិន​សូវ​មាន​កា​គាំទ្រ​ច្រើន​ទេ ថ្វីត្បិត​វា​មាន​សារសំខាន់​ក៏​ដោយ តែ​ពួក​យើង​អាច​ជម្នះ​​ការ​លំបាក​នេះ​បាន។”

 

បុរស​វ័យ ៣០ ឆ្នាំ​រូប​នេះ​បាន​បន្ត​ទៀត​ថា ​បញ្ហា​លំបាក​មួយ​ទៀត​គឺ​បង្កើត​ទំនុក​ចិត្ត​ដល់​សាធារណជន​ថា ​កន្លែង​នេះ​គឺ​សម្រាប់​តម្កល់ និង​ថែរក្សា​បណ្ណាសារ​សោតទស្សន៍​សម្រាប់​ប្រទេស​កម្ពុជា ហើយ​បណ្ដា​ស្ថាប័ន​មួយ​ចំនួន​មិន​ទាន់​ទុកចិត្ត​ថា​ អាច​មិន​ធ្វើឲ្យ​បែក​ធ្លាយ​វីដេអូ ឬ​អ្វី​ផ្សេង​ទៀត តែ​ឥឡូវ​នេះ​គាត់​ទុក​ចិត្ត​ហើយ។

 

 

អនុ​ប្រធាន​មជ្ឈមណ្ឌល ខាង​លើ​បាន​សង្កត់​ធ្ងន់​ថា បុប្ផាណា ជា​កន្លែង​ប្រមូល​ផ្ដុំ​បណ្ដាសារ​ទាំងឡាយ​ដោយ​អាច​ឲ្យ​ទស្សនិកជន​មក​ទស្សនា​នៅ​ទីនេះ​ផ្ទាល់ មិន​អាច​ថតចម្លង​បាន​ទេ ព្រោះ​ដែល​ពិសេស​ គឺ​មជ្ឈមណ្ឌល​លោក​មាន​គោលការណ៍​មួយ​គឺ​គោរព​កម្មសិទ្ធិ​បញ្ញា៕

 

អត្ថបទ៖ទ្រី រ៉ាវី

អត្ថបទថ្មី