Sabay​ប្រកាស​ជួយ​​អង្គការ​ខ្មែរ​ដែល​មាន​សកម្មភាព​​ល្អៗ តែ​​ការ​​​ផ្សព្វផ្សាយ​​នៅ​​មាន​​កម្រិត

  • 2016-02-13 15:51:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនSabay ឌីជីថល​ថ្មីៗនេះ បាន​ប្រកាស​ចេញ​នូវ​ជំហរ​របស់​ខ្លួន​ បង្កើន​ការ​គាំទ្រ​ដល់​បណ្ដា​​អង្គការ​មិនមែន​​រដ្ឋាភិបាល​ដែល​កំពុង​ដើរ​តួនាទី​​ក្នុង​ការ​រួមចំណែក​លើក​កម្ពស់​វិស័យ​ ​​អប់រំ ផ្នែក​សុវត្ថិភាព​តាម​ដង​ផ្លូវ​និង ​សុខភាព​សាធារណៈ តាមរយៈ​ការ​ផ្ដល់​ជូន​ដោយ​ឥត​គិត​ថ្លៃ នូវ​កិច្ច​សហប្រតិបត្តិការ ឃោសនា​ផ្សព្វផ្សាយ​គ្រប់​យុទ្ធនាការ ក៏ដូចជា​​ផលិតផល​អប់រំ​នានា ។

 

ឆ្លើយ​តប​នឹង​ការ​ផ្សាយ​ជូន​ដោយ​មិន​គិត​ថ្លៃ​សម្រាប់​​បណ្ដា​អង្គការ​ចាប់​តាំងពី​ថ្នាក់​សហគមន៍​រហូត​ដល់ អង្គការ​ជាតិ​និង​អន្តរជាតិ គឺSabayនិង​ប្រើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន​ឡាញ​ធំ​ជាង​គេ​របស់​ខ្លួន​ (sabay.com) ដែល​មាន​យុវវ័យ​ចូល​អាន​​ប្រមាណ​ជា​ ១លាន​ដង​​​រៀង​រាល់​ថ្ងៃ

 

ការ​ផ្ដល់​ជូន​នេះ​ រួមមាន​​ការ​សរសេរ​អត្ថបទ ​ផលិត​បទ​សម្ភាសន៍ ឬ​ដាក់​ជា​ផ្ទាំង​ផ្សព្វផ្សាយ​(Banner) អប់រំ​ស្រប​តាម​ប្រធាន​បទ​ខាងដើម។ល។

 

 

ខាង​ក្រោម​ជា​ប្រសាសន៍​ខ្លីៗ​ដែល​លោក នាយក​ប្រតិបត្តិ​ ជី សិលា​​លើកឡើង៖

 

សំនួរ៖ តើ​សកម្មភាព​សង្គម​ណា​ខ្លះ ដែល​Sabay មាន​គម្រោង​​ជួយ​គាំទ្រ​និង​ផ្សព្វផ្សាយ? ជី សិលា៖ ការអប់រំ!ខ្ញុំ​ចង់​សំដៅ​ដល់​ឱកាស​រៀន​សូត្រ​និង​ការ​ជំរុញ​ឲ្យ​គ្រប់គ្នា​បាន​ទទួលការ​អប់រំ​ព្រម​ទាំង​​មិន​បោះបង់​ចោល​ការ​សិក្សា​មុន​បញ្ចប់​ថ្នាក់ទី១២។ ​សម្រាប់​ខ្ញុំ​ នេះ​គឺ​នៅ​តែ​ជា​ការងារ​​អាទិភាព។ នៅ​ពេល​ដែល​មនុស្ស​ចេះ​អាន ​មនុស្ស​រមែង​​ចេះ​គិត​ច្រើន​ជាង​មុន មាន​ប្រភព​ចំណេះដឹង​កាន់​តែ​សម្បូរ​ ​ចេះ​គិត​ថ្លឹងថ្លែង ចេះ​សម្រេច​ចិត្ត​ហើយ​នៅ​ពេល​ដែល​គាត់​សម្រេច​ចិត្ត​ត្រូវ ​វា​នឹង​ជះឥទ្ធិពល​ល្អ​ដល់​ទាំង​សេដ្ឋកិច្ច​គ្រួសារ និង​សេដ្ឋកិច្ច​ជាតិ។ តែ​បើ​គាត់​អត់​ចេះ​អក្សរ គាត់​នឹង​សម្រេច​ចិត្ត​ពេលខ្លះ​ទាំង​ងងឹត​ងងល់...ចឹង​លទ្ធផល​ក៏​ទៅ​តាម​ហ្នឹង​ដែរ។ ​រឿង​បន្ទាប់​គឺ​ការ​យល់​ដឹង​ចំពោះ​សុខភាព។

 

សំនួរ៖ តើ​Sabay ​​ជួយ​ដល់​NGO ទាំង​នោះ​ដោយ​របៀប​ណា? ជី សិលា៖ វ៉ិបសាយ Sabay ជា​វ៉ិបសាយ​ក្នុង​ស្រុក​ធំ​ជាង​គេ មាន​អ្នក​អាន​ច្រើន​បំផុត​ក្នុង​មួយ​ថ្ងៃៗ។ ចឹង​បើ​យើង​ជួយ​ផ្សាយ​បន្ត រឿង​វិជ្ជមាន ដើម្បី​កែលំអ​ដូចជា បញ្ហា​ចរាចរណ៍ មិន​ថា​ការ​កក​ស្ទះ​ឬ​ការ​កាត់​បន្ថយ​គ្រោះថ្នាក់​លើ​ដង​ផ្លូវ... ផ្ដល់​ការ​អប់រំ​ផ្នែក​សុខភាព​បន្ត​ពូជ​ ឬ​អនាម័យ​នៃ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​អី​ជាដើម​ខ្ញុំ​យល់​ថា​នឹង​រួម​ចំណែក​បាន​ខ្លះ ​​ក្នុង​ការ​ផ្លាស់​ប្ដូរ ឥរិយាបថ​អវិជ្ជមាន​ប្រចាំ​ថ្ងៃ ដូចជា​ដឹង​ច្បាប់​​​ តែ​នៅ​តែ​បំពាន​ច្បាប់ អត់​ពាក់​មួក​សុវត្ថិភាព ជិះ​បញ្ច្រាស​អី​ជា​ដើម ​របស់​មនុស្ស​មួយ​ចំនួន​តូច។ ខ្ញុំ​ដឹង​ថា​អង្គការ​ខ្មែរ​ច្រើន​ណាស់​គាត់​​មាន​សកម្មភាព​ល្អៗ​ច្រើន តែ​មិន​មាន​ឱកាស​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​នៅ​ក្នុង​បណ្ដាញ​ផ្សព្វផ្សាយ​ដែល​ពេញ​និយម​ទេ ព្រោះ​ឧបសគ្គ​រឿង​តម្លៃ ដូច្នេះ​Banner និង​ ផលិតផល​ឃោសនា​ទំាង​នោះ​ត្រូវ​បាន​កប់​ទុក​ក្នុង​ដែន​កំណត់​មួយ​គួរ​ឲ្យ​សោកស្ដាយ។ ចំពោះ​រឿង​នេះ​ខ្ញុំ​យល់​ថា មនុស្ស​ជា​ច្រើន​បាន​ពលិកម្ម ការងារ​ប្រចាំថ្ងៃ​គាត់​សម្រាប់​ការងារ​សង្គម ដែល​ទទួល​បាន​កម្រៃ​តិច​តួច ហើយ​ហត់​នឿយ​ច្រើន ​ចុះ​ហេតុអ្វី​យើង​ជា​អ្នក​សារព័ត៌មាន​មិន​អាច​រួម​ចំណែក​យក​ស្នាដៃ​គាត់​ទៅ​ផ្សាយ​បន្ត​ឲ្យ​ទៅដល់​ក្រុម​គោលដៅ?

 

សំនួរ៖ ជា​ទស្សនៈ​លោក​ផ្ទាល់ តើ​​យល់​យ៉ាង​ណា​ចំពោះ​សកម្មភាព​សង្គម​​​នានា​​​កន្លង​មក​នៅ​ក្នុង​ប្រទេស​យើង? ជី សិលា៖ ខ្ញុំ​កោត​សរសើរ។ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​ចង់​ឃើញ​បន្ត​ទៀត​នោះ​គឺ ពួក​គាត់​នៅ​តែ​បន្ត​ធ្វើ និង​ធ្វើ​ឲ្យ​កាន់​តែ​សកម្ម​លើ វិស័យ​អាទិភាព។ ​វិនិយោគិន ដែល​មានMediaធំ​នៅ​ក្នុង​ដៃ ខ្ញុំ​ដឹង​ថា​មិនមែន​គាត់​មិន​ចង់​ផ្សាយ​ពី​ការ​អប់រំ​ទេ តែ​បើ​គេ​មិន​មក​រក​យើង យើង​ទៅ​រកគេ​!ចំណែកSabayយើង​ស្វាគមន៍​​អោយ​តែ​ស្រប​ទៅ​នឹង​ប្រធានបទ​ខាង​ដើម។

 

សំនួរ៖ ​​សព្វ​ថ្ងៃ​បើ​ទោះ​ជា​មមាញឹក​ច្រើន​ជាមួយ​ជំនួញ​បែប​ណា​ក្ដី​ក៏​លោក​ឆ្លៀត​​​ចូលរួម​ការងារ​សង្គម ចុះ​ប្រសិន​បើ​ថ្ងៃ​ណាមួយ លោក​ចូល​និវត្ត​រឺ​ស្កប់​ស្កល់​ពី​របរ​រកស៊ី​ដ៏​ប្រកួត​ប្រជែង​ទាំង​នោះ​ ហើយ​មាន​ពេល​វេលា​គ្រប់គ្រាន់​ក្នុង​ការ​ធ្វើ​ការងារ​សង្គម​​ តើ​វិស័យ​ណាមួយ​ដែល​លោក​ចង់​ធ្វើ​បំផុត? ជី សិលា៖ ​ដូច​ខ្ញុំ​និយាយ​តាំង​ពីដើម​អ៊ីចឹង គឺ​ការ​អប់រំ។ ការ​បំបាត់​អនក្ខរភាព​ជា​កត្តា​ចម្បង​ដែល​មិន​អាច​មើល​រំលង​បាន ព្រោះ​គុណភាព​ជីវិត​កើត​ចេញ​ពី​ការ​ចេះ​អក្សរ ចេះ​អាន ទទួល​ព័ត៌មាន ​ចេះ​ថ្លឹងថ្លែង និង​ការ​សម្រេច​ចិត្ត ទាំង​នេះ​មិន​មែន​ផ្ដោត​សំខាន់​លើ​ថា​តើ​គាត់​រៀន​សូត្រ​បាន​ខ្ពស់ ឬ​ទាប​កម្រិត​ណា​ទេ ប៉ុន្តែ​យ៉ាង​ហោច​ណាស់​រុញ​ច្រាន​ឲ្យ​ពួក​គេ​ចេញ​ផុត​ពី​អនក្ខរកម្ម​កាន់​តែ​ខ្ពស់​កាល​ណា​ល្អ​កាល​ហ្នឹង។ Sabay ក៏​ឈរ​លើ​គោលការណ៍​ជំរុញ​ការ​អាន និង​ការ​សរសេរ​(Sabay Write/E-Novel) ដល់​សាធារណជន​ដែរ រហូត​យើង​មាន​អ្នក​អាន​ច្រើន​បំផុត​បើ​ធៀប​ទៅ​ប្រព័ន្ធផ្សព្វផ្សាយ​អនឡាញ​នានា។

 

សំនួរ៖ តើ​លោក​រំពឹង​ថា ​ការ​រួម​ចំណែក​របស់​Sabay ចំពោះ​បណ្ដា​អង្គការ ស្ថាប័ន ក្រៅ​រដ្ឋាភិបាល​ដែល​ស្ថិត​នៅ​ក្នុង​វិស័យ​របស់​លោក​រៀបរាប់​ខាងលើ​ទទួល​បាន​ជោគជ័យ​កម្រិត​ណា​ដែរ? ជី សិលា៖ ទោះបី​ជា​Sabay ជា​វ៉ិបសាប​មួយ​ធំ​ក៏​ពិត​មែន ប៉ុន្តែ​បើ​និយាយ​ពី​ជោគជ័យ​កម្រិត​ណា ខ្ញុំ​​​​អត់​ហ៊ាន​និយាយ​ទេ ព្រោះ​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​គឺ ជំរុញ​ឲ្យ​សកម្មភាព​នានា​ដែល​NGO ទាំង​នោះ​ឲ្យ​បាន​ដល់​សាធារណជន​ទូទៅ​គាត់​បាន​ដឹង បាន​លឺ បាន​ឃើញ ហើយ​ពួក​គាត់​យក​ទៅ​ថ្លឹងថ្លែង​ និង​អនុវត្ត​បន្ត។ ដូច្នេះ​ជោគជ័យ​កម្រិត​ណា​នោះ ទាល់​តែ​ពួក​គាត់​យល់​សិន បន្ទាប់​មក​ទាមទារ​ឲ្យ​មាន​ការ​ចូលរួម។ ជោគជ័យ​កម្រិត​ណា វា​អាស្រ័យ​លើ​ការ​ចូលរួម​កម្រិត​ណា។

 

ថ្វី​ត្បិត​តែ​ជា​ក្រុមហ៊ុន​ឯកជន ប៉ុន្តែ​កន្លង​ទៅ​​ Sabay បាន​រួម​ចំណែក​ក្នុង​ការងារ​សង្គម​ជា​ច្រើន​ដូចជា សង់​សាលារៀន ផ្ដល់​សម្ភារៈ​សិក្សា​ដល់​សិស្សានុសិស្ស​ក្រីក្រ ក្មេង​កំព្រា​ យុទ្ធនាការ​សំអាត​ទីក្រុង ដាំ​កូនឈើ ជិះកង់​រៃអង្គាស​ថវិកា​ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា​ជាដើម។

 

 

ដោយ៖ ចិត្ត