នៅក្នុងសិល្បៈខ្មែរ CFC ជាអ្វី និងមានបេសកកម្មបែបណា?
- 2015-11-23 15:31:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅក្នុងសិល្បៈខ្មែរ CFC ជាអ្វី និងមានបេសកកម្មបែបណា?
ចន្លោះមិនឃើញ
ស្ថាប័នមួយដែលមានឈ្មោះកាត់ហៅថា "CFC" បាន និងកំពុងធ្វើកិច្ចការងារជិតស្និទ្ធជាមួយកម្ពុជា និងវិស័យសិល្បៈរបស់ប្រទេសនេះ។ ប៉ុន្តែទោះយ៉ាងនេះក្ដី កេរ្តិ៍ឈ្មោះ និងបេសកកម្មរបស់អង្គភាពមួយនេះ ធ្វើអ្វីខ្លះ មិនសូវមានការយល់ដឹងទូលំទូលាយឡើយ។ ដូច្នេះតើ CFC ជាអ្វី?
CFC មានឈ្មោះពេញផ្លូវការថា Cambodia Film Commission គឺជាស្ថាប័នមិនរកប្រាក់ចំណេញត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៩ ក្រោមកិច្ចសហការរវាងផលិតករភាពយន្ត រិទ្ធី ប៉ាន់ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ បើទោះជារចនាសម្ព័ន្ធការងារមើលទៅរបៀបជាបារាំង និងមានថ្នាក់ដឹកនាំជនជាតិបារាំង ប៉ុន្តែ Cedric ELOY ជា CEO បញ្ជាក់ថា CFC ជាគម្រោងរបស់រដ្ឋាភិបាលកម្ពុជា។
លោក Cedric ELOY នាយកប្រតិបត្តិមជ្ឈមណ្ឌលទទួលថតភាពយន្ត CFC
លោកថ្លែងថា "ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា តែឧបត្ថម្ភដោយរដ្ឋាភិបាលបារាំង ហើយអគារធ្វើការជាដើម គឺផ្ដល់ដោយក្រសួងវប្បធម៌នៃរដ្ឋាភិបាលកម្ពុជា។ តែទៅថ្ងៃមុខ គឺយើងមានគម្រោងចង់ធ្វើអោយទៅជាស្វយ័ត ដោយមិនចាំបាច់ទទួលជំនួយពីខាងណាឡើយ"។
យ៉ាងណាក៏ដោយ Cedric បញ្ជាក់ថា ភាពយន្តខ្មែរ និងបារាំងមានប្រវត្តិជាប់ទាក់ទងគ្នាតាំងពីទសវត្សរ៍ ៦០ តាមរយៈព្រះបរមរតនៈកោដ្ឋ ព្រះបាទព្រះនរោត្ដម សីហនុ ដែលព្រះអង្គជាក្សត្រមួយអង្គដែលមានទឹកព្រះទ័យស្រឡាញ់ភាពយន្តបារាំង និងស្រឡាញ់ការផលិតភាពយន្តនៅកម្ពុជា។
មានវត្តមាននៅកម្ពុជា CFC មានបេសកកម្មចម្បងពីរ គឺទី១ផ្សព្វផ្សាយពីកម្ពុជា រួមទាំងចំណុចសក្ដានុពលរបស់កម្ពុជាពាក់ព័ន្ធនឹងវិស័យភាពយន្តទៅកាន់ពិភពលោក ដើម្បីទាក់ទាញផលិតករ បរទេសឲ្យចូលមកថតភាពយន្តនៅកម្ពុជា។ លោក Cedric ប្រាប់ថា “ប្រទេសកម្ពុជាមានកន្លែងមានសក្ដានុពលជាច្រើនសម្រាប់ថតខ្សែភាពយន្ត អីចឹងកិច្ចការរបស់យើង គឺទាក់ទាញផលិតករបរទេសឲ្យមកថតភាពយន្តនៅកម្ពុជា"។
កិច្ចការផ្សេងទៀត ដែលនៅសល់ គឺ CFC ដើរតួធ្វើជាអ្នកសម្របសម្រួលផ្សេងៗ ផ្ដល់ប្រឹក្សា និងចង្អុលបង្ហាញថា គួរទៅកន្លែងណា ឬសម្រួលឯកសារសម្រាប់ការសុំថតជាដើម។ បេសកកម្មទី២ គឺជួយផ្ដល់ប្រឹក្សាដល់កម្ពុជាពាក់ព័ន្ធនឹងវិស័យកុន រួមទាំងបណ្ដុះបណ្ដាលបុគ្គលិកជំនាញក្នុងស្រុកលើផ្នែកនេះផង។តាមលោក Cedric មកទល់នឹងពេលនេះ វគ្គបណ្ដុះបណ្ដាលដោយឥតគិតថ្លៃមានលក្ខណៈស្តង់ដារហៅថា "CFC Film Lab" ត្រូវបានបើកជាបន្តបន្ទាប់ដើម្បីបណ្ដុះសមត្ថភាពអ្នកបច្ចេកទេសក្នុងស្រុក ត្រៀមឆ្លើយតបតាមតម្រូវការផលិតកម្មបរទេសមកថតភាពយន្តនៅកម្ពុជា។
សកម្មភាពរបស់ក្រុមផលិតភាពយន្តបរទេសមួយនៅលើទឹកដីកម្ពុជា សម្របសម្រួលដោយ CFC(រូបភាព៖ CFC)
លោក បន្តថា មកទល់សព្វថ្ងៃ អ្នកជំនាញមានសមត្ថភាពពេញលេញប្រមាណ ១៦០នាក់ក្លាយជាសមាជិកអចិន្ត្រៃយ៍របស់មជ្ឈមណ្ឌល CFC។ អ្នកជំនាញផ្នែកភាពយន្តជនជាតិបារាំងដដែល បញ្ជាក់ថា CFC មានទំនាក់ទំនងជាមួយ FC(Film Commission)នៅតាមប្រទេសនានាលើពិភពលោក ដែលពួកគេធ្វើការដូចជាប្រព័ន្ធរួមមួយ ដែលអាចឲ្យពួកគេដឹងព័ត៌មានពាក់ព័ន្ធភាពយន្ត រួមទាំងស្គាល់ទំនាក់ទំនងជាមួយផលិតករ ក៏ដូចជាផលិតកម្មបរទេសជាច្រើន។
ដូច្នេះហើយ ក្រោយបេសកកម្មរយៈពេលប្រមាណ ៦ឆ្នាំកន្លងមកនេះនៅកម្ពុជា CFC បានសម្របសម្រួលជាមួយផលិតករ និងផលិតកម្មបរទេសឲ្យចូលថតភាពយន្តនៅកម្ពុជាច្រើនជាង ២០០រឿង ក្នុងនោះ៥០% មកពីអឺរ៉ុប ១៥%មកពីសហរដ្ឋអាមេរិក និងចំណែកនៅសល់ គឺផលិតករមកពីប្រទេសផ្សេងៗទៀត។
កិច្ចការសម្របសម្រួលចុងក្រោយមួយគិតត្រឹមពេលនេះរបស់ CFC គឺបើកផ្លូវឲ្យតារាសម្ដែងដ៏ល្បីឈ្មោះលំដាប់ពិភពលោករបស់ហូលីវូដ អែនជាលីណា ជូលី បានចូលមកថតភាពយន្ត "ពីដំបូងខ្មែរក្រហមសម្លាប់ប៉ាខ្ញុំ" ដែលទើបនឹងចាប់ផ្ដើមថតកាលពីសប្ដាហ៍មុន។
បេសកកម្មរបស់ CFC មិនទាន់ចប់ត្រឹមបើកច្រកទទួលយកផលិតករបរទេសមកថតភាពយន្តនៅស្រុកខ្មែរទេ ប៉ុន្តែ CFC នៅរកឱកាសនាំភាពយន្តខ្មែរទៅបង្ហាញបរទេសទៀត។ លោក Cedric និយាយថា "នេះមិនមែនជាបេសកកម្មចម្បងរបស់យើងទេ ប៉ុន្តែយើងនៅតែធ្វើក្នុងការនាំយកភាពយន្តខ្មែរដាក់បង្ហាញនៅមហោស្រពនៅបរទេស ដើម្បីឲ្យគេដឹងពីភាពយន្តខ្មែរ"។
មហោស្រពនៅបរទេសដែលមានបង្ហាញភាពយន្តខ្មែរ ក្រោមការសម្របសម្រួលរបស់ CFC មាន៖ មហោស្រពភាពយន្តខ្មែរនៅញ៉ូវយកហៅថា Season of Cambodia ឆ្នាំ ២០១៣។ មហោស្រពភាពយន្តខ្មែរនៅបារាំងឆ្នាំ ២០១២ និងមហោស្រពភាពយន្តខ្លីនៅ តូក្យូ ឆ្នាំ ២០១៥ជាដើម។ អ្នកជំនាញភាពយន្តដដែល បញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះមានភាពយន្តខ្មែរច្រើនចេញទៅបញ្ចាំងនៅបរទេស ក្នុងនោះមួយរឿងមានចំណងជើងថា "Red Wedding” ឈ្នះពាននៅអាំស្ទែដាំថែមទៀត។
ក្រៅពីនេះ CFC ក៏បានសហការជាមួយដៃគូផ្សេងទៀត រៀបចំមហោស្រពភាពយន្តក្នុងស្រុកថែមទៀត ដែលមាន Chaktomuk Short Film និង CIFF (Cambodia International Film Festival)ជាដើម ដែល CIFF នឹងចាប់ផ្ដើមរដូវកាលទី៦របស់ខ្លួននៅខែធ្នូ ២០១៥នេះ៕
អត្ថបទ៖ ទារិកា