មហោស្រពនេះប្រារព្ធឡើងចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១០ ខែធ្នូ ២០១៥ ខាងមុខ។ ក្នុងសន្និសីទសារព័ត៌មានព្រឹកមិញលោក Certric Eloy ក្នុងនាមស្ថាបនិកបាននិយាយថា មហោស្រពឆ្នាំនេះមានភាពយន្តច្រើនរសជាតិ ហើយលោកសង្ឃឹមថា ទស្សនិកជននឹងស្វែងយល់ពីភាពយន្តដ៏សម្បូរបែបទាំងនោះមិនខាន។
លោកបន្តថា មហោស្រពក៏មានបង្ហាញពីភាពយន្តស្ដីពីប្រទេសកម្ពុជា ដែលថតនៅទីនេះផ្ទាល់តែម្ដង សូម្បីក្រុមការងារផលិត ក៏សុទ្ធសឹងតែជាខ្មែរដែរដូចជារឿង Dream Land និងរឿង Before the Fall ជាដើម។ ហើយក៏មានការបង្ហាញភាពយន្តពីគម្រោង One Dollar និងភាពយន្តដែលដឹកនាំដោយអតីតជនភៀសខ្លួនកម្ពុជា និងស្នាដៃជាច្រើនទៀត។
ចំពោះការជ្រើសរើសភាពយន្តអន្តរជាតិវិញ លោកបានអះអាងបន្ថែមទៀតថា មានការចូលរួមពីភាពយន្តជប៉ុនល្បីល្បាញមួយចំនួនក្រោមការសហការរៀបចំឡើងដោយស្ថានទូតជប៉ុនប្រចាំកម្ពុជា។ ក្រៅពីនេះមានភាពយន្តល្បីល្បាញរបស់ម៉ាឡេស៊ី ដែលបានផលិតឡើងអំឡុង ១៥ ឆ្នាំមុនមកម៉េ្លះ និងភាពយន្តបណ្ដាប្រទេសអាស៊ីផ្សេងទៀត ដែលធ្លាប់បានទទួលពានរង្វាន់ជាច្រើនក្នុងតំបន់។ ដោយឡែក ដើម្បីបំពេញតាមការចង់បានរបស់កុមារ មហោស្រពនឹងបង្ហាញភាពយន្តគំនូរជីវចលមកពីសាធារណរដ្ឋឆេកផងដែរ។
ជាមួយគ្នានោះលោក Certric Eloy បានបញ្ជាក់ថា សមិទ្ធផលភាពយន្តដែលបានចូលរួមក្នុងមហោស្រព នឹងត្រូវចាក់បញ្ចាំងតាមរោងភាពយន្តមួយចំនួនដូចជា Major Cineplex by Cellcard , Platinum Cineplex, រោងភាពយន្ត Legend ទាំង៣កន្លែង និងរោងភាពយន្តវិទ្យាស្ថានបារាំង, មជ្ឈមណ្ឌលបុប្ផាណា និងសាលមហោស្រពចតុមុខ ជាដើម៕
អានអត្ថបទ៖ សំ ជំនាញ
រូបថត៖ ផ្ដល់ឱ្យ