Angelina Jolie ផ្ញើសារ​ជូនពរ​ឱកាស​កម្ពុជា​រៀបចំ​មហោស្រព​ភាពយន្ត​អន្តរជាតិ​

  • 2015-12-05 17:14:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាងហោចណាស់​មាន​ខ្សែភាពយន្ត​ជាតិ​និង​អន្តរជាតិ​ចំនួន​ ១៣០​ មក​ពី​៣៤​ប្រ​ទេស នឹង​ត្រូវ​ដាក់​បញ្ចាំង​ជូន​​ទស្សនិកជន​ទស្សនា នៅ​តាម​រោង​ភាព​យន្ត​ធំ​ៗ​នៅ​ក្នុង​ផ្សារ​ទំនើប​ស៊ីធីម៉ល ផ្សារ​សុរិយា ផ្សារ​ស្ទឹង​មាន​ជ័យ​ថ្មី ធីខេ ផ្សារ​អ៊ីអន រោង​ភាពយន្ត​លុច្ស និង សាលសន្និសីទ​ចតុមុខ។

 

 

 

 

ការ​ដាក់​បញ្ចាំង​ខ្សែភាពយន្ត​ជាតិ​និង​អន្តរជាតិ​ឲ្យ​ទស្សនិកជន​ទស្សនា​នេះ ធ្វើ​ឡើងដើម្បី​ស្វាគមន៍​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​លើក​ទី៦ និង មហោស្រព​ភាពយន្ត​​ជាតិ​លើក​ទី៤។ នេះ​បើ​តាម​ការ​លើក​ឡើង​​របស់​លោក ជា សុភាព អនុ​ប្រធាន​មជ្ឈមណ្ឌល​បុប្ផាណា  ថ្លែង​ក្នុង​ពិធី​បោក​សម្ពោធ​នេះ​កាល​ពី​ល្ងាច​មិញ។

 

 

មហោស្រព​ភាពយន្ត​​ទាំង២ខាងលើ ធ្វើ​ឡើង​ប្រមូល​ផ្ដុំ​​​ដោយ​អ្នក​អាជីព​ក្នុង​វិស័យ​ភាពយន្ត​មក​ពី​ប្រភព​ផ្សេង​​គ្នា ​ប្រទេស​ផ្សេង​គ្នា ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​ភាពយន្ត​​កម្ពុជា​ក៏​ដូច​ជា​បណ្ដា​​ប្រទេស​ផ្សេង​ទៀត ឲ្យ​កាន់​តែ​មាន​ការ​រីកចម្រើន​ថែម​ទៀត។ តារា​ហូលីវូដ Angelina Jolie ​​ជា​ប្រធាន​គណៈកម្មការ​ក្នុង​មហោស្រព​ភាពយន្ត​អន្តរជាតិ​ កម្ពុជា (CIFF)​នេះ ។

 

 

Angelina Jolie មិន​​បាន​ចូល​រួម​ក្នុង​ពិធី​បើក​សម្ពោធ​ទេ​កាល​ពី​ល្ងាច​មិញ  ព្រោះ​លោក​ស្រី​​កំពុង​ជាប់​រវល់​ទៅ​នឹង​ការងារ​ថត​ខ្សែភាពយន្ត​របស់​ខ្លួន​​ រឿង "មុនដំបូងខ្មែរក្រហមសម្លាប់ប៉ាខ្ញុំ" ក្នុង​ទឹក​ដី ខេត្ត​សៀមរាប។ ទោះបី​ជា​មិន​បាន​ចូល​​រួម​ក្ដី លោកស្រី​ Angelina Jolie ក៏​បាន​ផ្ញើ​សារ​ជូនពរ​ក្នុង​មហោស្រព​នេះ​ផង​ដែរ។

 

 

សារ​ជូនពរ​Angelina Jolie ដែល​ទទួល​ខ្លួន​ធ្វើ​ជា​ប្រធាន​គណៈកម្មការ​នៃ​មហោស្រព​នេះ ថ្លែង​ទៀត​ថា “ខ្ញុំ​កំពុង​ទទួល​បាន​បទ​ពិសោធន៍​ការងារ​ដ៏​អស្ចារ្យ​ជាមួយ​ផលិតករ​ដ៏​មាន​ ទេពកោសល្យ​របស់​កម្ពុជា ដូច​ជា​លោក រិទ្ធី ប៉ាន់ ជា​ផលិតករ​ម្នាក់​ដែល​កំពុង​ផលិត​ភាពយន្ត​ជាមួយ​ខ្ញុំ។ ដូច្នេះ​ហើយ ខ្ញុំ​កំពុង​ទន្ទឹង​ចាំ​ឱកាស​ចូល​រួម​ក្នុង​មហោស្រព​នេះ ដើម្បី​ជួប​ជាមួយ​ផលិតករ​ទាំង​ឡាយ ដែល​ខ្ញុំ​គោរព​បំផុត”។

 

 

អ្នក​ស្រី បន្ថែម​ទៀត​ថា “ជាមួយ​វប្បធម៌​ដ៏​រុងរឿង ហើយ​អនាគត​ត្រចះត្រចង់ កម្ពុជា​គឺ​ជា​ទឹក​ដី​ដ៏​អស្ចារ្យ​សម្រាប់​ការ​ថត​ភាពយន្ត និង​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត។ ហើយ​ខ្ញុំ​ជឿ​ថា នេះ​ជា​អ្វី​ដែល​គ្រប់​គ្នា​នឹង​បាន​ឃើញ​នៅ​ក្នុង​មហោស្រព​ប្រចាំ​ឆ្នាំ​ នេះ”។

 

 

 

 

វត្តមាន​របស់ Angelina Jolie គឺ​ជា​កម្លាំង​លើក​ទឹក​ចិត្ត​ដ៏​ខ្លាំង​មួយ​សម្រាប់​ផលិតករ​ទាំង​អស់ ជា​ពិសេស ផលិតករ​វ័យ​ក្មេង រួម​ទាំង​ពលរដ្ឋ​កម្ពុជា​ទាំង​ឡាយ ក្នុង​គ្រា​ដែល​ទទួល​បាន​ឱកាស​យក​ចិត្ត​ទុក​ដាក់ ពី​ផលិតករ តារា​សម្ដែង​លំដាប់​ពិភព​លោក​បែប​នេះ។ មិន​ត្រឹម​ជា​តារា​សម្ដែង និង​ជា​ផលិតករ Angelina Jolie គឺ​ជា​អ្នក​បំផុស​គំនិត​វិជ្ជមាន​មួយ​រូប​ផង​ដែរ។ ដូច្នេះ គឺ​ជា​រឿង​អស្ចារ្យ​ខ្លាំង​ណាស់​សម្រាប់​មហោស្រព​ឆ្នាំ​នេះ ក៏​ដូច​ជា​ផលិតករ​កម្ពុជា ដែល​តាម​រយៈ​នេះ អាច​ធានា​ដល់​ការ​ងើប​ឡើង​វិញ​នៃ​ឧស្សាហកម្ម​ភាពយន្ត​នៅ​កម្ពុជា​ថែម​ទៀត។

 

 

មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា ឬ CIFF  ដែល​មាន​ខ្សែភាពយន្ត​ជាតិ​និង​អន្តរជាតិ​ចំនួន​១៣០​មក​ពី​៣៤​ប្រ​ទេស​ចូល​រួម​នេះ​នឹង​ចាប់​ផ្ដើម​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ០៤ ធ្នូ រហូត​ដល់​ថ្ងៃ​ទី១០ ខែ ធ្នូ ឆ្នាំ ២០១៥​នេះ។

 

 

សំបុត្រ​ចូល​ទស្សនា​មាន​លក់​នៅ​តាម​​រោង​ភាពយន្ត​ទាំង​អស់​ខាង​​លើ​តម្លៃ​១ដុល្លារ ក្នុង​​សំបុត្រ១  ចំណែក​នៅ​មជ្ឈមណ្ឌល​បុប្ផាណា សំបុត្រ​១០ តម្លៃ ៥ដុល្លារ៕

 

 

អត្ថបទ៖ ខុត សីហា