​២០​បទ Melody ថ្មី​សុទ្ធ​ស្វាគមន៍​ពិធី​បុណ្យ​អុំ​ទូក២០១៤

  • 2014-10-22 17:05:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ​ចម្រៀង​មាន Melody ថ្មី​សុទ្ធ​ចំនួន​២០​បទ ស្មើ​នឹង ២​វ៉ុល សុទ្ធ​បទ​ប្រជា​ប្រិយមិត្ត​ខ្មែរ​យើង ត្រូវ​បាន​ផលិតកម្ម​សាន់ដេ​ដឹក​នាំ​ក្រុម​ការងារ​ចុះ​ថត​ជា​វីដេអូ​ចម្រៀង (MV) នៅ​ស្ថានីយទូរទស្សន៍​ប៉ុស្តិ៍​លេខ៣​នា​ថ្ងៃ​ម្សិលមិញ​នេះ​។

 

"នេះ​ជា​ឆ្នាំ​ដំបូង​បង្អស់​របស់​ផលិតកម្ម​សាន់ដេ​ដែល​បាន​រៀប​ចំ​ពិធី​បុណ្យ​អុំ​ទូក​អក​អំបុក និង​សំពះ​ព្រះ​ខែ។ ហើយ​នេះ​គឺ​ជា​អាល់ប៊ុម​ថ្មី​ស្រឡាង​ចំនួន​២វ៉ុល​ព្រម​គ្នា​ដែល​យើង​ធ្វើ Melody ថ្មី​ទាំង​អស់"។

លោក ឡាយ សុខ​ចំរើន នាយក​គ្រប់​គ្រង​ទូទៅ​របស់​សាន់ដេ​បញ្ជាក់​ប្រាប់ Sabay ម្សិល​មិញ។

 

សិល្បករ សិល្បការិនី​បាន​មាន​ចិត្ត​ត្រេក​អរ និង​សាទរ​ចំពោះ​ការ​វិល​ត្រឡប់​ជា​ថ្មី​នៃ​ពិធី​បុណ្យ​អុំ​ទូក​អក​អំបុក និង​សំពះ​ព្រះ​ខែ បន្ទាប់​ពី​បាន​ខក​ខាន​អស់​រយៈ​ពេល​៣​ឆ្នាំ ដោយ​សារ​គ្រោះ​ទឹក​ជំនន់ និង​កាន់​ព្រះរាជ​មរណៈ​ទុក ព្រះ​បរម​រតន​កោដ្ឋ។

លោក ខេមរៈ សិរីមន្ត ដែល​ជា​តារា​ចម្រៀង​ដ៏​ល្បី​ប្រចាំ​ផលិតកម្ម​សាន់ដេ ប្រាប់​ថា​អបអរ​នឹង​ពិធី​បុណ្យ​ជាតិ​ដ៏​ធំ​នេះ លោក​មាន​បទ​ចម្រៀង Melody ថ្មី​សុទ្ធ​ចំនួន​បី​បទ​ទុក​ជា​ចំណង​ដៃ​សម្រាប់​ពុក​ម៉ែ​បង​ប្អូន និង​អ្នក​គាំទ្រ​ទាំង​អស់។

 

ងាក​មក​លោក អេនឌី តារា​ចម្រៀង ដើរ​ម៉ូដ និង​សម្ដែង​ឯណេះ ក៏​មាន​ចិត្ត​សោមនស្ស​រីករាយ​ដូច​គ្នា។ លោក​ថា ពិធី​បុណ្យ​អុំ​ទូក​ក្រៅ​ពី​ផ្ដល់​ភាព​សប្បាយ​រីករាយ ក៏​បាន​ផ្ដល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​សិល្បករ សិល្បការិនី​ផង​ដែរ។ "សិល្បករ សិល្បការិនី​ជា​ច្រើន​មាន​ឱកាស​បាន​ក្នុង​ពិធី​បុណ្យ​អុំ​ទូក​នៅ​ក្នុង​កម្មវិធី​ផ្សេង​ៗ​ដែល​អាច​រក​ចំណូល​បាន​ច្រើន។ បើ​បាត់​បង់​ពិធី​បុណ្យ​អុំ​ទូក​នេះ គឺ​ដូច​យើង​ផ្អាក​ការងារ​រយៈ​ពេល​៣​ថ្ងៃ​ដែរ"។

 

http://youtu.be/AQxELzCLrRE

ពិធី​បុណ្យ​អុំ​ទូក លយ​ប្រទីប អក​អំបុក និង​សំពះ​ព្រះ​ខែ​នឹង​ចូល​មក​ដល់​ចាប់​ពី​ថ្ងៃ​ទី ០៥-០៧ វិច្ឆិកា​ខាង​មុខ​នេះ។ ទូក​ប្រណាំង​ជា​ច្រើន​រយ​គូ កីឡាករ រួម​ទាំងរាប់ម៉ឺន​​នាក់​ត្រៀម​នឹង​មក​ជួប​ជុំ​គ្នា​ប្រារព្ធ​ពិធី​ប្រពៃណី​មួយ​នេះ។ ឆ្លៀត​ឱកាស​នេះ កញ្ញា កុល ដាវី តារា​សម្ដែង​ល្បី​ឈ្មោះ​ម្នាក់ ចូល​ខ្លួន​មក​ផ្ដល់​ការ​លើក​ទឹក​ចិត្ត​ដល់​កីឡាករ និង​សូម​ជូន​ពរប្រជាពលរដ្ឋ និង​កីឡាករ​ទូក​ទាំង​អស់​ដែល​ឡើង​មក​រាជធានី ធ្វើ​ដំណើរ​បាន​សេចក្ដី​សុខ សុវត្ថិភាព​ទាំង​អស់​គ្នា។

 

ក្រោយ​ចាប់​ផ្ដើម​ដំណើរ​ថត​ពេញ​មួយ​ថ្ងៃ​នា​ថ្ងៃ​ម្សិលមិញ ផលិតកម្ម​សាន់ដេ ត្រៀម​នឹង​ចេញ​អាល់ប៊ុម​អបអរ​ពិធី​បុណ្យ​អុំទូក​របស់​ខ្លួន​នៅ​ក្នុង​រង្វង់​សប្ដាហ៍​ក្រោយ។ ថ្នាក់​ដឹក​នាំ​ផលិតកម្ម ស្នើ​សុំ​ប្រជាពលរដ្ឋ​ចូល​រួម​គាំទ្រ​អាល់ប៊ុម​ពិសេស​នេះ​ទាំង​អស់​គ្នា៕

 

អត្ថបទ៖ ទារិកា

អត្ថបទថ្មី