ធាតុផ្សំសំខាន់ៗដើម្បីបង្កើតអង់តែនទូរសព្ទ
- 2016-01-19 16:14:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធាតុផ្សំសំខាន់ៗដើម្បីបង្កើតអង់តែនទូរសព្ទ
ចន្លោះមិនឃើញ
ការដំឡើងបង្គោលអង់តែនទូរសព្ទមួយត្រូវការបច្ចេកទេសខ្ពស់។ បច្ចេកវិទ្យាមានទាំងការស្វែងរកវិស្វករជំនាញៗដើម្បីធ្វើលើការងារដំឡើងនិងការបំពាក់គ្រឿងបរិក្ខារទំនើបៗដើម្បីអាចដំណើរការ។
តើមានគ្រឿងបរិក្ខារចាំបាច់ណាខ្លះ ដើម្បីយកទៅដំឡើងអង់តែនទូរសព្ទមួយ?
លោក លី ជិនរដ្ឋា វិស្វករបច្ចេកទេសក្រុមហ៊ុនដំឡើងអង់តែន Pan Asia Tower ឲ្យដឹងថា បង្គោលអង់តែនមួយអាចគ្របដណ្ដប់ការផ្សាយបានឆ្ងាយឬជិតអាស្រ័យលើឧបករណ៍បំពាក់ ទំហំក្រុមហ៊ុនចង់ផ្សាយ និងទំហំហ្រ្វេកង់ដែលក្រុមហ៊ុនបានពីរដ្ឋ។
ជាទូទៅនៅក្នុងទីក្រុង កម្លាំងការផ្សាយបានជិតតែបម្រើតម្រូវការបានច្រើន នេះជាហេតុដែលក្រុមហ៊ុនទូរសព្ទនានាត្រូវធ្វើអង់តែនច្រើនដើម្បីតម្រូវការអតិថិជន។ ចំពោះអង់តែននៅតាមទីជនបទកម្លាំងការផ្សាយបានឆ្ងាយ សម្រាប់បំពេញតម្រូវការអ្នកប្រើប្រាស់មិនសូវខ្លាំង។
លោក លី ជិនរដ្ឋាបានបញ្ជាក់ថា អង់តែនក្នុងក្រុងជាមធ្យមការផ្សាយគ្របដណ្តប់បានចម្ងាយប្រហែល ៥០០ ម៉ែត្រជុំវិញ។ ចំណែកនៅតាមទីជនបទ អាចចាប់ចម្ងាយគ្របដណ្តប់បានប្រហែល ១០ គីឡូម៉ែត្រទៅ ២០ គីឡូម៉ែត្រអាស្រ័យតាមតម្រូវការ។
អង់តែនទូរសព្ទធម្មតាមានកម្ពស់ពី ៦ ម៉ែត្រទៅ ៦០ ម៉ែត្រ
លោក លី ជិនរដ្ឋាបានបញ្ជាក់ថា សម្រាប់ការស្នើសុំសាងសង់កម្ពស់អង់តែនត្រូវសុំច្បាប់អនុញ្ញាតិ ហើយមន្ទីរពាក់ព័ន្ធនឹងធ្វើការសិក្សាមុនសម្រេចផ្ដល់ការអនុញ្ញាតសាងសង់។ ក្នុងករណីខ្លះសំណង់នៅជិតព្រលានយន្តហោះអាជ្ញាធរមិនអនុញ្ញាតិឲ្យធ្វើខ្ពស់បានទេ។
លោកបន្តថា បង្គោលអង់តែនទូរសព្ទមាន ៣ ប្រភេទគឺ Monopole Tower, The Lattice Tower ឬ Self Support និង Guyed Tower ដែលមានរយៈកម្ពស់សាង់សង់ខុសៗគ្នានិងតម្រូវការប្រើប្រាស់ក៏ខុសគ្នា។
បន្តអាន៖ អង់តែនទូរសព្ទមួយចំណាយមិនក្រោម ៨ ទៅ ១០ម៉ឺនដុល្លារប្រើបានពីរទៅបីក្រុមហ៊ុន។
អត្ថបទ៖ ប៊ុណ្ណារ៉ា