ឡៅ ចន្ទ្រា សង្ឃឹម៩០% យកខ្សែក្រវាត់ Leo Beer វគ្គ២ នៅPNN
- 2016-03-07 20:49:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡៅ ចន្ទ្រា សង្ឃឹម៩០% យកខ្សែក្រវាត់ Leo Beer វគ្គ២ នៅPNN
ចន្លោះមិនឃើញ
ជើងខ្លាំង ឡៅ ចន្ទ្រា មានសង្ឃឹមដល់ទៅ៩០ភាគរយឯណោះថាអាចយកឈ្នះកីឡាករ សូត្រ ប៊ុនធី បានក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់ Leo Beer វគ្គ២ របស់កម្មវិធីសមរភូមិអ្នកប្រយុទ្ធសង្វៀន PNN នៅថ្ងៃទី១៩ខែមីនា ឆ្នាំ២០១៦នេះ។
ចន្ទ្រា ក្នុងកម្មវិធីខាងលើនេះ មិនទាន់ស្គាល់ពាក្យថាចាញ់នោះទេ តាំងពីវគ្គសន្សំពិន្ទុមកម្ល៉េះ ខណៈដែលកាលពីសប្ដាហ៍មុននេះរូបគេបានយកឈ្នះកីឡាករថៃ Sam A ដោយពិន្ទុ ដើម្បីឈានទៅវគ្គផ្ដាច់ព្រ័ត្រដណ្ដើមខ្សែក្រវាត់ជាមួយកីឡាករខ្មែរដូចគ្នា សូត្រ ប៊ុនធី ដែលបានយកឈ្នះកីឡាករថៃ។
ដើម្បីជាការអរគុណដល់អ្នកគាំទ្រដែលតែងតែគាំទ្រខ្លួនពីដើមមក ឡៅ ចន្ទ្រា បានតាំងចិត្តយ៉ាងមុតមាំថា រូបគេនឹងព្យាយាមឱ្យអស់សមត្ថភាពដណ្ដើមយកខ្សែក្រវាត់ Leo Beer មួយនេះឱ្យបាន មិនឱ្យបាក់មុខនោះទេ។ “ខ្ញុំសង្ឃឹម៩០%ថា អាចឈ្នះ ប៊ុនធី បាន។ ខ្ញុំធ្លាប់ប៉ះជាមួយគេ៣ដងមកហើយ ដោយខ្ញុំឈ្នះទាំង៣ដង។ យើងខានប៉ះគ្នាយូរដែរហើយ ដូច្នេះខ្ញុំមិនអាចនិយាយអីពីគាត់បានច្រើនទេ ប៉ុន្តែគ្រាន់តែដឹងថា គាត់ខ្ពស់ ហើយទាត់ល្អ”។ សម្ដី របស់ប្អូនប្រុសកីឡាករ ឡៅ ស៊ីណាត ។
នៅថ្ងៃទី១៩ខែមីនាឆ្នាំ២០១៦នេះ ឡៅ ចន្ទ្រា និង សូត្រ ប៊ុនធី ត្រូវឡើងប្រកួតគ្នាវគ្គផ្តាច់ព្រ័ត្រ ដើម្បី ដណ្ដើមយកខ្សែក្រវាត់ និងទឹកប្រាក់សរុប ៥០០០ ដុល្លារ ខណៈអ្នកចាញ់ បាន ៣០០០ ដុល្លារ រីឯ ហាធ្លាម និង Sam A ត្រូវប្រកួតដណ្ដើមយកលេខ ៣ និងលេខ ៤ ដោយមានទឹកប្រាក់ ២០០០ ដុល្លារ និង ១០០០ ដុល្លារ៕
អត្ថបទ៖ មុន្នី រម្យ