បញ្ហាធំ ២ ធ្វើឱ្យរោងម៉ាស៊ីនកិនស្រូវខ្នាតមធ្យមនៅកម្ពុជាបិទទ្វារ
- 2016-03-09 23:58:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បញ្ហាធំ ២ ធ្វើឱ្យរោងម៉ាស៊ីនកិនស្រូវខ្នាតមធ្យមនៅកម្ពុជាបិទទ្វារ
ចន្លោះមិនឃើញ
លំហូរអង្ករអនាធិបតេយ្យពីបរទេស និងកង្វះកញ្ចប់ថវិកាសម្រាប់ផ្គត់ផ្គង់ ជាបញ្ហាធំជាងគេ ក្នុងចំណោម ៩ ដែលសហព័ន្ធស្រូវអង្ករកម្ពុជាកំពុងជួបប្រទះ និងត្រូវដោះស្រាយបន្ទាន់ ហើយក៏ជាមូលហេតុចម្បង ធ្វើឱ្យរោងម៉ាស៊ីនកិនស្រូវខ្នាតមធ្យម និង លក្ខណៈគ្រួសារមួយចំនួន នៅកម្ពុជាផ្អាកដំណើរ។
ក្នុងសន្និសីទសារព័ត៌មានស្ដីពី ផែនការដោះស្រាយបញ្ហាប្រឈមក្នុងវិស័យស្រូវអង្ករ កាលពីព្រឹកមិញ សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា លំហូរនៃអង្ករបរទេសដោយគ្មានតម្លាភាព គ្មានអាជ្ញាប័ណ្ណត្រឹមត្រូវ បង្កផលប៉ះពាល់ខ្លាំង ដល់វិស័យស្រូវអង្ករនៅកម្ពុជា។ សហព័ន្ធបានស្នើសុំឱ្យរដ្ឋាភិបាល រឹតបន្តឹងច្បាប់នាំចូលអង្ករពីបរទេស ដើម្បីឱ្យទីផ្សារអង្ករមានការប្រកួតប្រជែង ប្រកបដោយគុណភាព និងតម្លាភាព។
ដោយឡែកការខ្វះកញ្ចប់ថវិកា ដោះស្រាយបញ្ហារបស់រោងម៉ាស៊ីនកិនស្រូវ ក៏ជាបញ្ហាសំខាន់ផងដែរ ដែលសហព័ន្ធកំពុងគិតគូរ។ ដើម្បីដោះស្រាយបញ្ហានេះ សហព័ន្ធស្រូវអង្ករកម្ពុជា ត្រូវការកញ្ចប់ថវិកា ៣០-៤០ លានដុល្លារ រយៈពេលខ្លីពី ៣ -៦ ខែក្នុងឆ្នាំ ២០១៦ នេះ ដែលនឹងស្នើទៅរដ្ឋាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារអភិវឌ្ឍជនបទ និង ធនាគារឯកជន នានា។
លោកឧកញ៉ា ហ៊ុន ឡាក់ អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានប្រាប់យ៉ាងដូច្នេះថា៖ “យើងបានបង្កើតគណៈកម្មការមួយ ដើម្បីដោះស្រាយបញ្ហាបន្ទាន់ ឬបញ្ហាប្រឈមរយៈពេលខ្លី។ អ៊ីចឹងយើងឃើញថា អ្វីជាបញ្ហា ដូចយើងដឹងហើយថា ការហូរចូល [អង្ករ] មក ធ្វើឱ្យប៉ះពាល់ដល់ម៉ាស៊ីនកិនស្រូវកែច្នៃ ព្រោះវាគ្មានតម្លាភាព គឺជាបញ្ហាទីមួយ បញ្ហាទីពីរ រោងម៉ាស៊ីនកិនស្រូវមួយចំនួនទៀត មានបញ្ហាអាជីវកម្មមិនល្អ ឈានដល់ការផ្អាកសកម្មភាព។ បញ្ហាទីបីទុនប្រមូលទិញស្រូវ រដូវប្រមូលផលមកដល់ រោងម៉ាស៊ីនមានទុនតិចមិនគ្រប់ គាត់ស្តុកបានតែចំនួនតូចណាមួយទេ ផុតរដូវប្រមូលផល ស្រូវហូរទៅគេ ហូរទៅប្រទេសគេ ម៉ាស៊ីនគាត់គាំង អ៊ីចឹងសហព័ន្ធនឹងស្នើសុំកញ្ចប់ថវិកាពីរដ្ឋាភិបាល"។
លោកឧកញ៉ា ហ៊ុន ឡាក់ មានសុទិដ្ឋិនិយមថា កញ្ចប់ថវិការនេះ នឹងអាចជួយស្រាយបញ្ហា កំពុងកើតមាន និងអាចជួយរោងម៉ាស៊ីនកិនស្រូវដែលបិទទ្វារ ឱ្យដំណើរការបានវិញ។
ចំពោះបញ្ហា ថវិកា ធនាគារនៅកម្ពុជា បានរឹតបន្តឹងលើកម្ចី ក្រោយមើលឃើញថា រោងកិនស្រូវមួយចំនួនបរាជ័យ ជាហេតុធ្វើឱ្យពួកគេ [ម្ចាស់រោងម៉ាស៊ីនកិនស្រូវ] ពិបាកក្នុងការធ្វើប្រតិបត្តិការ។ ដូច្នេះហើយទើបសហព័ន្ធ គ្រោងស្នើសុំកញ្ចប់ថវិកាពីរដ្ឋាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារ និងបានបង្កើតក្រុមការងារពិសេស ឬគណៈកម្មការមួយ ក្នុងគោលបំណងជួយដោះស្រាយបញ្ហាបន្ទាន់ ឬរយៈពេលខ្លីក្នុងវិស័យស្រូវអង្ករ បូករួមទាំងការពិនិត្យពីការប្រើប្រាស់ថវិកា ឱ្យបានត្រឹមត្រូវផងដែរ។
គួរបញ្ជាក់ថា មកដល់ពេលនេះ រោងម៉ាស៊ីនកិនស្រូវខ្នាតមធ្យមមានប្រហែល ៧ ទៅ ៨ និង ម៉ាស៊ីនកិនស្រូវខ្នាតតូច ព្រមទាំង រោងម៉ាស៊ីនកិនស្រូវជាលក្ខណៈគ្រួសារមួយចំនួនទៀតបានបិទទ្វារ នៅទូទាំងប្រទេសកម្ពុជា៕
អត្ថបទ៖ អ៊ុំ សុភក្កិ