ភាពយន្ត​ខ្មែរ​ទទួល​ស្គាល់​​​ដោយ ហូលីវូត សម្ពោធ​​ល្ងាចមិញ

  • 2016-04-07 16:12:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត​រឿង ​"តម្លៃ​ស្នេហ៍" របស់​ផលិតកម្ម ​"ខ្មែរ​មេគង្គ" បាន​សម្ពោធ​ហើយ​កាល​ពី​ល្ងាច​មិញ​នៅ ​រោង​ភាពយន្ត Major Cineplex by Cellcard ផ្សារ​ទំនើប​អ៊ីអន ក្រោយ​ខ្សែភាពយន្ត​នេះ​ ធ្លាប់​ឈ្នះ​ពាន​រង្វាន់​ដល់​ទៅ៤ ពី​មហោស្រព​ភាពយន្ត​នៅ​ហូលីវូដ ហៅ​ថា Hollywood International Moving Pictures Film Festival (HIMPFF)។

 

 

(រាប់​ពី​ឆ្វេង) តារា​សម្ដែង ថមមី ស៊ិន យូប៊ីន និង​ យឹម សម្បត្តិ

 

ពាន​​រង្វាន់​​ទាំង​៤ដែល​រឿង ​"តម្លៃ​ស្នេហ៍" ទទួល​បាន គឺ​មាន៖ ពាន​រង្វាន់​ “Best Editor” បាន​ទៅ​លោក សៅ យឿន “Best Sound Designer” បាន​លើ​ឈ្មោះ Thavy Khorn។ ពាន​បន្ត​ទៀត​មាន ‘Best Cinematographers’ ​បាន​ទៅ​លើ​​ឈ្មោះ TaingHourt Ly និង Vanna Meoun ។

 

 

លោក ម៉ាធ្យូ រ៉ូប៊ីនសុន ចាងហ្វាង​ផលិតកម្ម​

 

យូ​ប៊ីន និង សម្បត្តិ បាន​លើក​ឡើង​​​ស្រដៀង​គ្នា​ថា អ្នក​​ទាំងពីរ​​ស្ទើរ​មិន​ជឿ​នៅ​ពេល​ដែល​ទទួល​បាន​ដំណឹង​​ថា រឿង ​"តម្លៃ​ស្នេហ៍"  ជាប់​ពាន់​ពី​ហូលីវូត ហើយ​​ពួក​គេ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់ និង​ចង់​ឲ្យ​ខ្សែភាពយន្ត​ខាង​លើ​នេះ​ ​​ចាក់​​បញ្ចាំង​ឲ្យ​ទស្សនិកជន​បាន​ទស្សនា​​ឆាប់។

 

ចំណែក​លោក សាវីន ហ្វីលីព ដែល​ជា​តារា​សម្ដែង​ជើង​ចាស់​ម្នាក់​ដែល​បាន​ចូល​រួម​សម្ដែង​ក្នុង​រឿង​នេះ​​ដែរ បាន​លើក​ឡើង​ថា វា​ជា​រឿង​អស្ចារ្យ​មួយ ដែល​ភាពយន្ត​ខ្មែរ រឿង "តម្លៃ​ស្នេហ៍"​ ​ទទួល​បាន​ភាព​ជោគជ័យ​លើ​ឆាក​អន្តរជាតិ​បែប​នេះ ។ លោក​បាន​បន្ត​ថា ភាពយន្ត​មួយ​អាច​ល្អ​ទៅ​បាន មិនមែន​តែ​ដោយសារ​តែ​ការ​សម្ដែង​តែ​ម្យ៉ាង​​នោះ​ទេ គឺ​អា​ស្រ័យ​ខ្លឹម​សារ​នៃ​សាច់​រឿង​ល្អ និង​​ការ​ខិតខំ​ការ​ប្រឹងប្រែង​ក្រុម​ផលិត។

 

តារា​ដែល​ទស្សនិកជន​ដាក់​ងារ​ឲ្យ​​ជា​តារា​សប្បុរសធម៌​រំពឹង​ថា  រឿង"តម្លៃ​ស្នេហ៍" និង​ជោគជ័យ ហើយ​នឹង​ក្លាយ​ជា ខ្សែភាពយន្ត​ដែល​រកចំណូល​បាន​​ខ្ពស់​ក្នុង​ឆ្នាំ២០១៦ ជាក់​ជា​មិន​ខាន។

 

 

កញ្ញា ស៊ិន យូប៊ីន តួឯក​ស្រី​ក្នុង​រឿង "តម្លៃ​ស្នេហ៍"

 

ផលិតកម្ម "ខ្មែរ​មេគង្គ" កន្លងមក ធ្លាប់​បាន​ផលិត​ខ្សែភាពយន្ត​ល្បី​​ជា​ច្រើន មាន​ដូច​ជា រឿង "រសជាតិ​ជីវិត" រឿង "បាត់ខ្លួន"  រឿង "នៅ​កំលោះ​ដល់​ណា​ខ្ញុំ?" និង​រឿង "សន្យា​ស្នេហ៍" ជា​ដើម ដោយ​ខ្សែភាពយន្ត​ទាំង​នោះ​​សុទ្ធតែ​ត្រូវ​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​​ទស្សនិកជន។

 

លោក ម៉ាធ្យូ រ៉ូប៊ីនសុន ចាងហ្វាង​ផលិតកម្ម​រំពឹង​ថា រឿង "តម្លៃ​ស្នេហ៍” នឹង​ធ្វើ​ឲ្យ​អ្នក​​ទស្សនា​សប្បាយ ប្លែក​អារម្មណ៍ ហើយ​ក្រោយ​ពី​បាន​ទស្សនា​រួច​ លោក​ជឿ​ថា អ្នក​ទាំង​នោះ នឹង​នាំ​មិត្តភ័ក្ដិ ក៏​ដូច​ជា​សាច់ញាតិ​​របស់​ពួក​គេ​មក​​ទស្សនា​បន្ត​ទៀត​មិន​ខាន។

 

ខ្សែភាពយន្ត​ខាង​លើ នឹង​ចាក់​​បញ្ចាំង​​​ជូន​​ទស្សនិកជន​​បាន​ទស្សនា ចាប់​ពី​នៅ​ថ្ងៃ​ទី១១ ខែ មេសា ឆ្នាំ ២០១៦នៅ​គ្រប់​រោង​កុន​ទំនើប​​​ទាំង​​អស់​ក្នុង​រាជធានី​ភ្នំពេញ និង ក្រុង​សៀមរាប៕

 

ទស្សនា​ទិដ្ឋភាព​សម្ពោធ​រឿង "តម្លៃ​ស្នេហ៍ យប់​មិញ​បន្ថែម​ទៀត សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

អត្ថបទ៖ ខុត សីហា