ដឹង​ប្រវត្តិ​ចូល​ឆ្នាំ​ខ្មែរ​ហើយនៅ បើ​មិនទាន់​ដឹង តោះ​អាន​ទាំង​អស់​គ្នា

  • 2016-04-08 15:00:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​តំណាល​ថា នៅ​ដើម​នៃ​ភទ្ទកប្ប ​មាន​សេដ្ឋី​ម្នាក់​មាន​បុត្រ​មួយ ឈ្មោះ “​ធម្មបាល​កុមារ”​ ជា​អ្នក​មាន​​ចំណេះវិជ្ជា​ដ៏​វិសេស ​រៀន​ចេះចប់​ត្រៃវេទ​តាំងពី​អាយុ​បាន​៧ឆ្នាំ។ សេដ្ឋី​បិតា​បាន​សាង​ប្រាសាទ​ឱ្យ​នៅ​ទៀប​ដើម​ជ្រៃ​មួយ​ធំ នៅ​ឆ្នេរ​ទន្លេ​ដែល​ជា​ទី​នៅ​នៃ​បក្សី​ទាំង​ឡាយ​ ធម្មបាល​កុមារ​នោះ​បាន​ចេះ​ទាំង​ភាសាបក្សី​ទាំង​ពួង ហើយ​បាន​ជា​អាចារ្យ​សម្ដែង​មង្គល​ផេ្សងៗ​ដល់​មនុស្ស​ទាំង​ពួង​ផង​។

 

គ្រា​នោះ​មនុស្ស​លោក​រមែង​រាប់​អាន​ព្រះមហាព្រហ្ម និង​កបិល​មហាព្រហ្ម​១​អង្គ​ទៀត​ដែល​ជា​អ្នក​សម្ដែង​មង្គល​ដល់​មនុស្ស​ទាំង​ពួង។ ពេល​នោះ​កបិលមហាព្រហ្ម​បាន​ជ្រាប​ព័ត៌មាន​ក៏​ចុះ​មក​សួរ​បញ្ហា​នឹង​ធម្មបាល​កុមារ​៣​ខ​ ដោយ​សន្យា​ទុក​ថា បើ​ដោះ​ប្រស្នា​បាន ​នឹង​កាត់ព្រះសិរ​ទ្រង់​ដើម្បី​បូជា​ចំពោះ​ធម្មបាលកុមារ​ តែ​បើដោះ​មិន​រួច​នឹង​កាត់​ក្បាល​ធម្មបាល​កុមារ​វិញ។ ធម្មបាល​កុមារ​សុំ​ឱ្យ​ពន្យារ​ពេល​ចំនួន​៧​ថ្ងៃ​សិន​ដើម្បី​គិត​ប្រស្នា​នោះ។

 

លុះ​កន្លង​ទៅ​៦​ថ្ងៃ​ហើយ​ក៏​នៅ​តែ​គិត​មិន​ឃើញ​ ដឹង​ខ្លួន​ថា​ព្រឹក​នេះ​នឹង​ត្រូវ​ស្លាប់​ដោយ​អាជ្ញា​កបិល​មហា​ព្រហ្ម​ជា​ប្រាកដ​ហើយ។ ដូច្នេះ​គួរ​តែ​រត់​ទៅ​លាក់​ខ្លួន​ពួន​អាត្មា​ឱ្យ​ស្លាប់​ដោយ​ខ្លួន​ឯង ​ប្រសើរ​ជាង ទើប​ចុះ​ពី​ប្រាសាទ​ទៅ​ដេក​ពួន​នៅ​ក្រោម​ដើម​ត្នោត​មួយ​គូ។ ដើម​ត្នោត​នោះ​មាន​សត្វឥន្ទ្រី​ញី​ឈ្មោល​ធ្វើ​សំបុក​អាស្រ័យ​នៅ។ វេលា​យប់ ​ឥន្ទ្រី​ញី​សួរ​ឥន្ទ្រី​ឈ្មោល​ថា៖ «ព្រឹក​ស្អែក​យើង​បាន​អាហារ​ពី​ណា​ស៊ី?» ឥន្ទ្រី​ឈ្មោល​ឆ្លើយ​ថា៖ «យើង​នឹង​ស៊ី​សាច់​ធម្មបាល​កុមារ​ដែល​ត្រូវ​កបិលមហាព្រហ្ម​សម្លាប់ ព្រោះ​ដោះ​ប្រស្នា​មិន​រួច!»

 

ឥន្ទ្រី​ញី​សួរ​ថា៖ «ប្រស្នា​នោះ​ដូច​ម្ដេច​?» ឥន្ទ្រី​ឈ្មោល​ឆ្លើយ៖ «វេលា​ព្រឹក​សិរី​សួស្ដី​ស្ថិត​នៅ​ទីណា​? ត្រូវ​ឆ្លើយ​ថា នៅ​មុខ ហេតុ​នេះ​ទើប​មនុស្ស​​ទាំងឡាយ​ត្រូវ​យក​ទឹក​លុប​មុខ! ខ​១​ទៀត​ថា ថ្ងៃ​ត្រង់​សិរី​ស្ថិត​នៅ​ត្រង់ណា​? ត្រូវ​ឆ្លើយ​ថា នៅ​ទ្រូង​ ហេតុ​នោះ​ទើប​មនុស្ស​ត្រូវ​យក​ទឹក​លាង​ទ្រូង! ខ​​១​ទៀត​ថា វេលា​ល្ងាច​សិរី​ស្ថិត​នៅ​ទី​ណា​? ត្រូវ​ឆ្លើយ​ថា នៅ​ជើង​ហេតុ​នេះ ទើប​មនុស្ស​ទាំង​ឡាយ​ត្រូវ​យក​ទឹក​លាង​ជើង!» ធម្មបាល​កុមារ​បាន​ឮ​ដូច្នេះ ក៏​ត្រឡប់​ទៅ​ប្រាសាទ​វិញ។

 

ព្រឹក​ឡើង​កបិល​មហាព្រហ្ម​ក៏​មក​សួរ​ប្រស្នា​ ធម្មបាល​កុមារ​ឆ្លើយ​ដោះស្រាយ​តាម​ដែល​បាន​ឮ​មក។ កបិលមហាព្រហ្ម​ក៏​ហៅ​ទេពធីតា​ទាំង​៧​អង្គ​ដែល​ជា​បាទ​បរិចាវិកា​ព្រះឥន្ទ្រ​មក​ដើម្បី​ប្រាប់​ថា៖ «ឥឡូវ​បិតា​ត្រូវ​កាត់ព្រះសិរ​ដើម្បីបូជាចំពោះ​ធម្មបាលកុមារ តែ​បើ​ដាក់​ក្បាល​នោះ​លើ​ផែនដី នោះ​នឹង​កើត​ជា​ភ្លើង​ឆេះ​ទាំង​លោក​ធាតុ បើ​បោះ​ទៅ​លើអាកាស​ភ្លៀង ​នោះនឹងរាំង ​បើ​ចោលក្នុង​មហាសមុទ្រ​នោះទឹកនឹង​រីង​ស្ងួត​ហួត​អស់! ដូច្នេះ​សូម​ឱ្យ​បុត្រី​ទាំង​៧​អង្គ​​យកពាន​មក​ទទួលព្រះសិរបិតា!»

ថា​ហើយ​ព្រះអង្គក៏​កាត់ព្រះសិរ​ហុច​ទៅ​ឱ្យ​ព្រះនាង​ទុង្សា​ជា​កូន​ច្បង។ ព្រះនាង​ទុង្សា​ក៏​បាន​យក​ពាន​មក​ទទួលព្រះសិរ​បិតា រួច​ហែ​ប្រទក្សិណ​​ភ្នំព្រះសុមេរុ​៦០​នាទី ទើប​អញ្ជើញ​ទៅ​ប្រតិស្ឋាន​ទុក ក្នុង​មណ្ឌល​​នៅ​ក្នុង​គុហា​គន្ធមាលី ភ្នំកៃលាស បូជា​គ្រឿង​ទិព្វ​ផេ្សងៗ។ ព្រះវិស្សកម្មទេវបុត្រ​ក៏​និមិត្ត​រោង​ទិព្វធ្វើ​ពី​កែវ​៧​ប្រការ ឈ្មោះ​ថា “ភគ វតីសភា” ឱ្យ​ជា​ទីប្រជុំ​នៃ​ទេវតាលុះ​ដល់​គម្រប់​១​ឆ្នាំ​ជា សង្ក្រាន្ត​ត​នាង​ទេពធីតា​ទាំង​៧​ក៏​ផ្លាស់​វេន​គ្នា មក​អញ្ជើញ​ព្រះសិរ​កបិល​មហា​ព្រហ្ម​ចេញ​មក​ហែ​ប្រទក្សិណ​ភ្នំ​ព្រះសុមេរុ​ជា​រៀងរាល់​ៗ​ឆ្នាំ​ ហើយ​ត្រឡប់​ទៅ​ស្ថាន​ទេវលោក​ដើម្បី​តម្កល់​វិញ។

 

ឈ្មោះ​ទេពធីតា​មហាសង្ក្រាន្ត និង​គ្រឿង​អាភរណៈ៖ -ថ្ងៃ​អាទិត្យ ទុង្សា​ទេវី​ សៀតផ្កាទទឹម គ្រឿង​ប្រដាប់​បទុមរាគ សោយ​ផ្លែឧទុម្ពរ អាវុធ​ស្កាំ​កងចក្រ ឆ្វេងស័ង្ខ ពាហនៈ គ្រុឌ។ -ថ្ងៃចន្ទ គោរាគ​ទេវី​ សៀតផ្កាអង្គាបុស្ស គ្រឿង​ប្រដាប់​បុក្តា សោយ​ប្រេង អាវុធស្តាំព្រះខ័ន ឆ្វេង​ឈើច្រត់ ពាហនៈ ខ្លា។ -ថ្ងៃអង្គារ គោរាក្សសា​ទេវី​ សៀតផ្កាឈូក គ្រឿងប្រដាប់មោរា សោយ​លោហិត អាវុធស្តាំត្រីសូល៍ ឆ្វេងធ្នូ ពាហនៈ អស្សតរ។ -ថ្ងៃ​ពុធ មណ្ឌា​ទេវី​ សៀតផ្កាចម្ប៉ា គ្រឿង​ប្រដាប់​ពិទូរ្យ សោយ​ទឹក​ដោះ​សិប្បី អាវុធ​ស្ដាំ​ម្ជុល​ ឆ្វេង​ឈើ​ច្រត់ ពាហនៈ ​លា។ -ថ្ងៃ​ព្រហស្បតិ៍ កិរិណី​ទេវី​ សៀត​ផ្កា​មណ្ឌា គ្រឿង​ប្រដាប់​មរកត សោយ​សណ្ដែក ល្ង អាវុធ​ស្ដាំ​កង្វេរ​ ឆ្វេង​កាំភ្លើង ពាហនៈ ដំរី។ -ថ្ងៃសុក្រ កិមិរា​ទេវី​ សៀតផ្កា ចង្កុលនី គ្រឿង​ប្រដាប់​បុស្សរាគម​ សោយ​ចេក​ណាំវ៉ា អាវុធ​ស្ដាំ​ព្រះខ័ន​ ឆ្វេង​ពិណ ពាហនៈ ក្របី។ -ថ្ងៃ​សៅរ៏ មហោទរា​ទេវី​ សៀតផ្កាត្រកៀត គ្រឿងប្រដាប់នីលវត័ន៍ សោយ​សាច់​ទ្រាយ អាវុធ​ស្ដាំ​កងចក្រ ឆ្វេង​ត្រីសូល៍ ពាហនៈ ក្ងោក។

 

ទំនៀម​ចូល​ឆ្នាំ ទំនៀម​​ពិធី​​ចូល​ឆ្នាំ​​ប្រព្រឹត្ត​​ទៅ​​ចំនួន​៣​ថ្ងៃ។ ថ្ងៃ​ដំបូង​ជា​ថ្ងៃមហាសង្ក្រាន្ត ថ្ងៃទី២​ជាថ្ងៃ​វារៈ​វន័បត ថ្ងៃ​ទី​៣​ជា​ថ្ងៃ​ឡើង​ស័ក។ ឯ​ការ​កំណត់​ខែ ថ្ងៃ ម៉ោង នាទី​ដែល​ឆ្នាំ​ចាស់​ត្រូវ​ផុត​កំណត់ ហើយ​ទេព្តា​ឆ្នាំ​ថ្មី​ត្រូវ​ចុះ​មក​ទទួល​តំណែង​​ពី​ទេព្តា​ឆ្នាំ​ចាស់​នោះ គេ​អាច​ដឹង​បាន​យ៉ាង​ទៀង​ទាត់ ដោយ​អាស្រ័យ​តាម​ក្បួន​ហោរាសាស្ត្រ​បែប​បុរាណ​គឺ​ក្បួន​មហាសង្ក្រាន្ត​នេះ​ឯង។

 

​ចាប់​ពី​ត្រឹម​សម័យ​ក្រុង​នគរធំ​ឡើង​ទៅ​ ខ្មែរ​យើង​ប្រើ​ចន្ទគតិ (វិធី​ដើរ​នៃ​ព្រះចន្ទ) ទើប​កំណត់​យក​ខែ​មិគ​សិរ​ជា​ខែ​ចូល​ឆ្នាំ ហើយ​ជា​ខែ​ទី​១ ខែកក្តិក ជា​ខែ​ទី១២​។ លុះ​ក្រោយ​មក​ទើប​គេ​និយម​ប្រើ​សុរិយ​គតិ (វិធី​ដើរ​នៃ​ព្រះអាទិត្យ) ជា​សំខាន់​វិញ​ ហើយ​កំណត់​ចូលឆ្នាំ​ក្នុង​ខែ​ចេត្រ (ខែ​ទី​៥) ដែល​ជា​ឆ្នាំ​កំណត់​ព្រះអាទិត្យ​ចូល​កាន់​មេ​រាសី ហើយ​ថ្ងៃ​ចូល​ឆ្នាំ​រមែង​ត្រូវ​លើ​ថ្ងៃ​ទី១៣ ​ខែ​មេសា (ចេត្រ) រៀង​រាល់​ឆ្នាំ ប៉ុន្តែ​យូរៗ​ទៅ​មាន​ភ្លាត់​ម្តងៗ ចូល​ឆ្នាំ​ក្នុង​ថ្ងៃ​ទី​១៤ ក៏​មាន​ខ្លះ​ដែរ។...

ចុច​ត្រង់​នេះ​ដើម្បី​ចូល​អាន​បន្ត...

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ
អត្ថបទពេញនិយម