រឿង ​"តម្លៃ​ស្នេហ៍" បញ្ចាំង​​ជូន​​ទស្សនា​ចាប់​ពី​ថ្ងៃ​នេះ​ទៅនៅ​ភ្នំពេញ និង​សៀមរាប

  • 2016-04-11 15:48:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត​រឿង​ "តម្លៃ​ស្នេហ៍" របស់​ផលិតកម្ម ​"ខ្មែរ​មេគង្គ" ដែល​បាន​សម្ពោធ​ហើយ​កាល​ពី​​ថ្ងៃ​ទី៦ ខែ មេសា កន្លង​ទៅ​នៅ​រោង​ភាពយន្ត Major Cineplex by Cellcard ផ្សារ​ទំនើប​អ៊ីអន នឹងចាក់​ជូន​​​ទស្សនិកជន​បាន​ទស្សនា ចាប់​ពី​ថ្ងៃ​នេះ​តទៅ ​គ្រប់​រោង​កុន​ទំនើប​​​ទាំង​​អស់​ក្នុង​រាជធានី​ភ្នំពេញ និង ក្រុង​សៀមរាប។

 

 

 

 

រឿង “តម្លៃ​ស្នេហ៍” ជា​ខ្សែភាពយន្ត​ខ្នាត​ធំ​មួយ​​និយាយ​​ទាក់​ទង​នឹង​​ការ​​ផ្សំផ្គុំ​ គូស្រករ ដោយ​ក្នុង​សាច់​រឿង​មាន​លាយឡំ​​មនោសញ្ចេតនា កំប្លែង ការ​ស្រលាញ់ ​ជំទាស់ វាយឫក ប្រកាន់​វណ្ណៈ​ជា​ដើម។ ដែល​​​សាច់​រឿង ​សរសេរ​ដោយ​លោក ស្ទូអាត ឈីឆាម សរសេរ​ប៉ារ៉ូល​ដោយ​លោក ម៉ាធ្យូ រ៉ូប៊ីនសុន។

 

 

ស្រី​ស្អាត ស៊ីន យូ​ប៊ីន និង លោក យិម សម្បត្តិ គឺ​ជា​តួអង្គ​ឯក​​ក្នុង​ខ្សែភាពយន្ត​ខ្នាត​ធំ​មួយ​នេះ ជា​មួយ​គ្នា​នោះ​ ក៏​មាន​តារា​សម្ដែង​ជា​ច្រើន​នាក់​ផ្សេង​ទៀត​ចូល​រួម​សម្ដែង​ដែរ​មាន​ដូច​ជា អែន យ៉ាដាវ លោក សាវិន ហ្វីលីព កញ្ញា សុខ មុនីរក្សា ជា​ដើម។

ភាព​អស្ចារ្យ​នៃ​ខ្សែភាពយន្ត​នេះ មិន​ទាន់​បាន​ដាក់​បញ្ចាំង​ផ្លូវ​ការ​នៅ​ក្នុង​ស្រុក​ផង រឿង"តម្លៃ​ស្នេហា" បាន​ឈ្នះ​ពាន​រង្វាន់​​រហូត​ដល់​ទៅ៤ ពី​មហោស្រព​ភាពយន្ត​នៅ​ហូលីវូដ ឬ Hollywood International Moving Pictures Film Festival (HIMPFF)។

 

កន្លងមក​ផលិតកម្ម ​«ខ្មែរ​មេគង្គ»ធ្លាប់​បាន​ផលិត​ខ្សែភាពយន្ត​ល្បី​​ជា​ច្រើន មាន​ដូច​ជា រឿង «រសជាតិ​ជីវិត» រឿង «បាត់ខ្លួន»  រឿង «នៅ​កំលោះ​ដល់​ណា​ខ្ញុំ?» និង​រឿង «សន្យា​ស្នេហ៍» ជា​ដើម ដោយ​ខ្សែភាពយន្ត​ទាំង​នោះ​​សុទ្ធតែ​ត្រូវ​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​ ទស្សនិកជន។

 

ក្នុង​ថ្ងៃ​ឈប់​សម្រាក​រដូវ​​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​នេះ ​ប្រសិន​បើ​លោក​អ្នក​មិន​ចង់​ដើរ​លេង​ទៅ​ណា​ឆ្ងាយ​ទេ អាច​នាំ​មិត្តភ័ក្ដិ ក្រុម​គ្រួសារ ឬ សំណព្វ​​ចិត្ត​របស់​ខ្លួន ទៅ​​ទស្សនា​ភាពយន្ត​រឿង​​"តម្លៃ​ស្នេហ៍" ចាប់​ពី​ថ្ងៃ​នេះ​តទៅ ​គ្រប់​រោង​កុន​ទំនើប​​​ទាំង​​អស់​ក្នុង​រាជធានី​ភ្នំពេញ និង ក្រុង​សៀមរាប៕

 

 

 

 

 

 

 

អត្ថបទ៖ ខុត សីហា