នរណាខ្លះដឹងប្រវត្តិរបស់ Bing?
- 2014-10-27 17:47:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នរណាខ្លះដឹងប្រវត្តិរបស់ Bing?
ចន្លោះមិនឃើញ
ដំបូងឡើយ Bing ត្រូវបានគេហៅថា Live Search, Windows Live Search, និង MSN Search គឺជាម៉ាស៊ីនរុករកព័ត៌មានរបស់ក្រុមហ៊ុន Microsoft ដែលត្រូវបានបង្ហាញដោយ នាយកក្រុមហ៊ុននេះលោក Steve Ballmer កាលពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០០៩ ក្នុងសន្និសីទអ្វីគ្រប់យ៉ាងជាឌីជីថល ដែលប្រារព្ធឡើងនៅទីក្រុង San Diego និងត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការនៅថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០០៩។
ប្រវត្តិរបស់ Bing
MSN Search Engine ជំនាន់ដំបូង
MSN Search គឺជាម៉ាស៊ីនរុករកព័ត៌មានរបស់ក្រុមហ៊ុន Microsoft ដែលក្នុងនោះមានម៉ាស៊ីនរុករកព័ត៌មាន លិបិក្រម (Index) និង Web Crawler។ MSN Search ត្រូវបានដាក់បង្ហាញជាលើកដំបូងនៅក្នុងត្រីមាសទី៣ ឆ្នាំ ១៩៩៨។ នៅដើមឆ្នាំ ១៩៩៩ MSN Search បានដាក់បង្ហាញកំណែប្រែមួយដែលអាចបង្ហាញជាព័ត៌មានក្នុងទម្រង់ យ៉ាងស្រស់ស្អាត។ ចាប់តាំងពី Microsoft បានប្រើ MSN Search សម្រាប់ធ្វើជាម៉ាស៊ីនរុករកព័ត៌មាន វាចាំបាច់ត្រូវធ្វើឲ្យថ្មីជារៀងរាល់សប្តាហ៍ ហើយពេលខ្លះរៀងរាល់ថ្ងៃ។ ការកែប្រែជាកម្មសិទ្ធិនេះ បានធ្វើឡើងជាកម្មវិធីសាកល្បង(beta) ក្នុងខែវិច្ឆិកា ឆ្នាំ ២០០៤ និងប្រើពេញលេញក្នុងខែកុម្ភៈ ឆ្នាំ ២០០៥។ ការរុករករូបភាព ត្រូវបានផ្តល់ឲ្យដោយភាគីផ្សេង គឺ Picsearch។
មានWindows Live Search ខ្លួនឯង ឈប់ប្រើPicsearch
កំណែ ប្រែសាកល្បងរបស់ Windows Live Search ដំបូងត្រូវបានដាក់បង្ហាញនៅថ្ងៃទី ៨ ខែមិនា ឆ្នាំ ២០០៦ និងចេញជាផ្លូវការនៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំដដែល ដើម្បីជំនួស MSN Search។ ម៉ាស៊ីនរុករកព័ត៌មានថ្មីមួយនេះ បានប្រើប្រាស់ Search Tab ដូចជា Web, news, images, music, desktop, local និង Microsoft Encarta។ បន្ទាប់ពីផ្លាស់ប្ដូរពី MSN Search ទៅជា Windows Live Search Microsoft បានសម្រេចឈប់ប្រើ Picsearch ធ្វើជាអ្នកផ្គត់ផ្គង់ការរុករករូបភាព ហើយបានចាប់ផ្តើមដោយប្រើការរុករករូបភាពរបស់ខ្លួនវិញម្ដង។
Live Search
នៅ ថ្ងៃទី ២១ ខែមិនា ឆ្នាំ ២០០៧ Microsoft បានប្រកាសថាខ្លួន នឹងបំបែកម៉ាស៊ីនរុករកព័ត៌មានពីគ្រួសារ Windows Live ដោយដាក់ឈ្មោះថ្មីថា Live Search។ Live Search ត្រូវបានដាក់ចូលក្នុង Live Search and Ad Platformដែលគ្រប់គ្រងដោយ Satya Nadella (ផ្នែកមួយរបស់ Microsoft Platform និងជាសាខារបស់ប្រព័ន្ធមួយ)។ ក្រៅពីការច្របាច់កែប្រែនេះ Live Search ត្រូវបានច្របាច់បញ្ចូលគ្នាជាមួយ Microsoft adCenter។ កំណែប្រែទម្រង់ជាថ្មី និងការដាក់បញ្ចូលគ្នាត្រូវបានធ្វើឡើងក្រោមស្លាកសញ្ញា Live Search។ នៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០០៨ Microsoft បានប្រកាសពីការបញ្ឈប់ដំណើរការរបស់ Live Search Books និងLive Search Academic ហើយបានធ្វើសមាហរណកម្មការរុករកព័ត៌មានពីការសិក្សា និងសៀវភៅ ទៅជាការរុករកធម្មតាវិញ។
ជាលទ្ធផលវាក៏នាំទៅដល់ ការបិទកម្មវិធី Live Search Books Publisher Program។ មិនយូរប៉ុន្មាន Windows Live Expo ត្រូវបានផ្អាកនៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០០៨។ នៅថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០០៨ Live Product Upload សេវាកម្មសម្រាប់ឲ្យអ្នកចង់លក់ផលិតផលអាច Upload ព័ត៌មានពីផលិតផលចូលក្នុង Live Search Products ក៏ត្រូវបញ្ឈប់សកម្មភាព។ កំណែប្រែចុងក្រោយកែឈ្មោះ Live Search QnA ទៅជា MSN QnA នៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០០៩ ប៉ុន្តែវាត្រូវបានផ្អាកសកម្មភាពទៅវិញនៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០០៩។
ពី Live Search មកBing
Microsoft បានដឹងថា បើនៅប្រើឈ្មោះ Live ទៀតវានឹងអាចមានបញ្ហា ដូច្នេះទើបកែឈ្មោះមកជា Bing នៅថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០០៩ដូចសព្វថ្ងៃ។
ជំនួញជាមួយ Yahoo! Search
នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០០៩ Microsoft និង Yahoo! បានប្រកាសថា ពួកគេបានព្រមព្រៀងគ្នាលើមុខជំនួញរយៈពេល ១០ ឆ្នាំដោយម៉ាស៊ីនរុករកព័ត៌មាន Yahoo នឹងត្រូវជំនួសដោយ Bing។ Yahoo! នឹងទទួលប្រាក់ចំណូល ៨០ ភាគរយពីការផ្សាយពាណិជ្ជកម្ម ក្នុងរយៈពេល ៥ ឆ្នាំដំបូង និងមានសិទ្ធិលក់ការផ្សាយពាណិជ្ជកម្មនៅលើគេហទំព័ររបស់ Microsoft បាន។ Yahoo! Search នៅតែប្រើរូបរាងដើម ប៉ុន្តែដល់កាលកំណត់ Search Engine នេះនឹងត្រូវ Bing ជាអ្នកគ្រប់គ្រងវិញ។
ចំណែកទីផ្សារ
មុនពេលដាក់ឲ្យប្រើ Bing ចំណែកទីផ្សាររបស់ ម៉ាស៊ីនរុករកព័ត៌មានរបស់ Microsoft មានទីផ្សារតិចតួច ប៉ុន្តែតួលេខការប្រើប្រាស់ថេរ។ គិតត្រឹម ខែមករា ឆ្នាំ ២០១១ ចំណែកទីផ្សាររបស់ Bing បានកើនឡើងដល់ ១២.៨% ហើយវានៅតែបន្តភាពជោគជ័យរបស់ខ្លួនធៀបនឹង Google ។ តាមរបាយការណ៍របស់ Digital Year បង្ហាញថា Bing មានការរីកចំរើនលឿន ពីមួយឆ្នាំទៅមួយឆ្នាំ ដោយកើនឡើង ២៩%ក្នុងឆ្នាំ ២០១០ ច្រើនជាងឆ្នាំ ២០០៩។
ខែមិនា ឆ្នាំ ២០១១ ម៉ាស៊ីនរុករកព័ត៌មាន Bing បានកើនឡើងជាង ៣០% ក្នុងសហរដ្ឋអាមេរិក និង ៥% ខ្ពស់ជាងខែកុម្ភៈ។ នៅខណៈពេលដូចគ្នា Google បានធ្លាក់ចុះ ៣% នេះក៏ដោយសារពេល Microsoft លក់ Windows 7 ចេញគេបានដំឡើង Bing Toolbar នៅក្នុង Internet Explorer ជាស្រេច។ កត្តាមួយផ្សេងទៀតនោះ គឺ Microsoft មានកម្មវិធីផ្តល់រង្វាន់ជា Amazon gift cards និងរង្វាន់ផ្សេងៗទៀតចំពោះអ្នកប្រើប្រាស់ ម៉ាស៊ីនរុករកព័ត៌មាននេះ។
Bing គឺជាម៉ាស៊ីនរុករកព័ត៌មាន ស្ថិតក្នុងសាខាសេវាកម្មអ៊ីនធឺណិត របស់Microsoft ដែលមានស្នាក់ការនៅទីក្រុង Redmond រដ្ឋWashington សហរដ្ឋអាមេរិក។ ក្រុមហ៊ុន Microsoft ស្ថិតក្រោមការគ្រប់គ្រងរបស់ លោក Bill Gates និង Paul Allenនិងមានចំណូលសរុបប្រចាំឆ្នាំ ២០១១ ប្រមាណ ៦៩.៩៤ ពាន់លានដុល្លារ ហើយមានបុគ្គលិកសរុបចំនួន ៨៩,០០០ នាក់គិតត្រឹមឆ្នាំ ២០១០៕
ប្រែសម្រួល៖ ខឹម បូរិន