បឹត ខាំ អាច​នឹង​បញ្ចប់​អាជីព​ជា​អ្នក​ប្រដាល់​​រហូត​

  • 2016-05-12 13:10:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ល្បី​ឈ្មោះ​ បឹត ខាំ ទំនង​​​ឈប់​ឡើង​សង្វៀន​ប្រដាល់​ជា​រៀង​រហូត​ ទោះ​បី​ជា​ថ្ងៃ​ខាង​មុខ​របួស​ជង្គង់​របស់​ខ្លួន​ជា​សះ​ស្បើយ​​១០០​%​យ៉ាង​ណា​ក៏​ដោយ។

 

 

អ្នក​ប្រដាល់​​មកពី​ខេត្ត​កំពង់​ឆ្នាំង​​បាន​ប្រាប់​ Sabay ​ថា របួស​ជង្គង់​របស់​ខ្លួន​នៅ​មិន​​ទាន់​ជា​សះ​ស្បើយ​នៅឡើយ​ទេ តាំង​ពី​រូប​គេ​​ឡើង​ប្រកួត​ជា​មួយ​កីឡា​ករ​ថៃ នៅ​សង្វៀន​ទូរទស្សន៍​ប៉ុស្តិ៍​បាយ័ន​ កាល​ពី​ថ្ងៃ​ទី១២ ខែ​មិនា ​កន្លង​ទៅ។​ ណា​មួយ​របួស​នេះ​​បាន​កើត​ឡើង​លើ​​​របួស​ចាស់។ ដូច្នេះ​​​ទោះ​បី​ជា​រូប​គេ​ជា​សះ​ស្បើយ​ល្អ​យ៉ាង​ណា​ក្តី​​ ក៏​​អាច​នឹង​ពិចារណា​បោះ​បង់​អាជីព​នេះ​​ចោល​រហូត​ដែរ។

 

បឹត ខាំ ​បាន​បន្ត​ថា ៖«ចិត្ត​ស្រលាញ់​នៅ​តែ​មាន ប៉ុន្តែ​ខ្លាច​​ជង្គង់​ខ្ញុំ​នៅ​តែ​អត់​ស្រួល ព្រោះ​របួស​នឹង​ចំ​របួស​ចាស់​ ទោះ​បី​ថ្ងៃ​ខាង​មុខ​វា​ជា​ ក៏​ខ្ញុំ​អាច​នឹង​ឈប់​ឡើង​សង្វៀន​ក៏​ថា​បាន។ ណាមួយ​បើ​ឡើង​ទៅ​វ៉ៃ​ចាញ់​គេ ដោយសារ​របួស​អីចឹង​ក៏​មិន​ល្អ​ដែរ​» ។

 

បឹត​ ខាំ បាន​រង​របួស​ជង្គង់​លើក​ទី​១​ កាល​ពី​ថ្ងៃ​ទី២៧ ខែមីនា ឆ្នាំ​២០១៣ ​នៅ​សង្វៀន​​បាយ័ន​ អំឡុង​ពេល​រូប​គេ​ប្រកួត​ជា​មួយ​កីឡាករ​​ប្រេស៊ីល។ ចំណែក​របួស​ថ្មី​លើក​ទី​២​នេះ ​ក្នុង​អំឡុង​​ប្រកួត​ជាមួយ​កីឡាករ​​ថៃ​កាល​ពី​ថ្ងៃ​ទី​១២ ខែ​មីនា​ ​ឆ្នាំ​២០១៦​កន្លង​ទៅ នៅ​សង្វៀន​ទូរទស្សន៍​ប៉ុស្តិ៍​បាយ័ន ​បន្ទាប់​ពី​​អាជ្ញាកណ្ដាល​បញ្ឈប់​ការ​ប្រកួត​នៅ​ពេល​បញ្ចប់​ទឹក​ទី២ ៕

 

អត្ថបទ៖ មួន សុគន្ធតារា​​​

អត្ថបទថ្មី