បើក​ការ​ប្រកួត​សម្រស់ រក​អ្នក​លេខ​ ១​ទៅ​​បន្ត​នៅ​សហរដ្ឋ​អាមេរិក

  • 2016-06-15 17:58:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បេក្ខនារី​ម្នាក់ ក្នុង​ចំណោម​២៥នាក់​ក្នុង​កម្មវិធី Miss Grand Cambodia 2016 នឹង​ត្រូវ​ជ្រើស​រើស​ជា​តំណាង​កម្ពុជា ​ទៅ​ប្រកួត​សម្រស់​នៅ​ទីក្រុង Las Vegas សហរដ្ឋអាមេរិក​នា​ចុង​ឆ្នាំ​នេះ។ នេះ​បើ​តាម​អ្នក​រៀប​ចំ​កម្មវិធី។

 

ឯកឧត្តម ថៃ នរៈសត្យា រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ

 

ការ​ប្រកួត​ខាង​លើ​នឹង​ចាប់​ដំណើរ​ការ​វគ្គ​បង្ហាញ​ខ្លួន​បេក្ខនារី​ទាំង​២៥ ដែល​សល់​ពី​ការ​ជម្រុះ​បេក្ខនារី​សរុប​ជាង ១០០នាក់​នោះ ជា​លើក​ដំបូង​ហៅ​ថា Preliminary នា​ថ្ងៃ​ទី ២៣ មិថុនា ២០១៦ នៅ​សាល​ធំ​​នៃ​ស្ថានីយ​ទូរទស្សន៍ MyTVមុន​បន្ត​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​នា​ថ្ងៃ​ទី ៣០ ខែ​ឆ្នាំ​ដដែល។

 

លោក មែ វិចិត្របុត្រ អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុមហ៊ុន BKA Entertainment ដែល​ជា​អ្នក​រៀប​ចំ​កម្មវិធី​ប្រាប់​ថា ម្ចាស់​ជយលាភី Miss Grand Cambodia 2016 នឹង​តំណាង​ឲ្យ​កម្ពុជា​ទៅ​ចូល​រួម​ក្នុង​កម្មវិធី Miss Grand International នៅ​ទីក្រុង Las Vegas សហរដ្ឋអាមេរិក​អំឡុង​ចុង​ឆ្នាំ​នេះ។

 

 

"ខ្មែរ​យើង​បាន​អវត្តមាន​ពី​ការ​ប្រកួត​សម្រស់​លើ​ឆាក​អន្តរជាតិ​ជា​យូរ​ណាស់​មក​ហើយ ទើប​តែ​ឆ្នាំ​មុន វិថាវី (ជយលាភី Miss Grand Cambodia 2015) តំណាង​កម្ពុជា បាន​ទៅ​បង្ហាញ​វត្តមាន​នៅ​ប្រទេស​ថៃ។ ប៉ុន្តែ​ឆ្នាំ​នេះ រឹត​តែ​អស្ចារ្យ​ថែម​ទៀត ជយលាភី​នឹង​តំណាង​កម្ពុជា​ទៅ​ប្រកួត​នៅ​សហរដ្ឋ​អាមេរិក"។ មែ វិចិត្រ​បុត្រ ថ្លែង។

 

អ្នក​ចាត់​ការ​ដដែល បន្ត​ថា ឆ្នាំ​មុន មាន​ប្រមាណ១២០​ប្រទេស​បាន​ផ្សាយ​ផ្ទាល់​ពី​កម្មវិធី ដោយ​ឡែក​ឆ្នាំ​នេះ លោក​មាន​ជំនឿ​ថា​ចំនួន​ប្រទេស​ផ្សាយ​ផ្ទាល់​ពី​កម្មវិធី​កាន់​តែ​មាន​ចំនួន​ច្រើន ដែល​នេះ គឺ​ជា​ឱកាស​ដ៏​ល្អ​មួយ សម្រាប់​ផ្សព្វផ្សាយ​ពី​កម្ពុជា​ទៅ​កាន់​ពិភព​លោក។

 

 លោក មែ វិចិត្រ​បុត្រ អ្នក​ចាត់​ការ​ទូទៅ​ក្រុមហ៊ុន BKA Entertainment

 

Miss Grand Cambodia បាន​ឈាន​មក​ដល់​ឆ្នាំ​ទី​២​របស់​ខ្លួន ដោយ​មាន​ការ​គាំទ្រ​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ផង។ ឯកឧត្ដម ថៃ នរៈសត្យា តំណាង​ក្រសួង បាន​មាន​ប្រសាសន៍​ថា ឯកឧត្ដម មាន​ក្ដី​សោមនស្ស​ចំពោះ​កម្មវិធី​មួយ​នេះ។

 

"នេះ​ជា​មោទនភាព​សម្រាប់​បេក្ខនារី​ផ្ទាល់ ក៏​ដូច​ជា​កម្ពុជា​ទាំង​មូល ព្រោះ​នេះ​ជា​ការ​លើក​មុខ​លើក​មាត់​មួយ​ដែរ ទាំង​ផ្នែក​វប្បធម៌ និង​ទេសចរណ៍ អីចឹង​តាម​រយៈ​កិច្ចការ​នេះ ខ្ញុំ​សង្ឃឹម​ថា បេក្ខនារី​យើង​នឹង​ប្រឹង​ប្រែង​ឲ្យ​អស់​ពី​សមត្ថភាព ដើម្បី​លើក​មុខ​មាត់​ខ្លួន​ឯង​ផង និង​ប្រទេស​ជាតិ​ផង"។

 

ឯកឧត្ដម ថៃ នរៈសត្យា នៅ​បាន​ស្នើ​ឲ្យ​ថែម​ទៀត ឲ្យ​បេក្ខនារី​រក្សា​អោយ​បាន​នូវ​ភាព​ស្អាត​របស់​នារី​ខ្មែរ ក្នុង​នោះ​មាន​ទាំង​សម្ផស្ស ចរិយា​មាយាទ និង​មាន​ចំណេះ​ដឹង។

 

 

ដំណើរ​ការ​ឆ្នាំ​ទី​២​របស់​ខ្លួន​នេះ Miss Grand Cambodia 2016 ទទួល​បាន​ឧបត្ថម្ភ​ក្រុមហ៊ុន​ជា​ច្រើន ក្នុង​នោះ​មាន CAMBREW, PTT Cambodia, CP Cambodia និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ពិភព​ថ្មី ជា​ដើម។ តំណាង​ក្រុមហ៊ុន ខេមប្រូ និង PTT Cambodia បានធ្វើ​ចំណាប់អារម្មណ៍​ថា ពួក​គេ​រីករាយ​ក្នុង​កិច្ច​សហការ​ជាមួយ​កម្មវិធី​ខាង​លើ ហើយ​ថា​នៅ​ក្នុង​ប្រទេស​កម្ពុជា បេសកកម្ម​របស់​ពួក​គេ​មិន​មែន​មុខ​ជំនួញ​មួយ​មុខ​ទេ គឺ​ជួយ​កម្ពុជា​ដើម្បី​ផ្សព្វផ្សាយ​​ពី​ខ្លួន​ឯង​​ទៅ​ខាង​ក្រៅ​ថែម​ទៀត។ ដូច្នេះ​ហើយ ទើប​ពួក​គេ​សម្រេច​គាំទ្រ Miss Grand Cambodia 2016 នេះ៕

 

អត្ថបទ៖ ទារិកា

អត្ថបទថ្មី