ក្លាយ​ជា​ឪពុក​ម្នាក់​ ​ការ​គិត​និង​ទម្លាប់​ផ្លាស់​ប្តូរ​ទាំង​ស្រុង

  • 2016-06-16 17:06:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ទូទៅ​មនុស្ស​ប្រុស​ចូល​ចិត្ត​សេរីភាព និង​ពេល​វេលា​ឯកជន​ក្នុង​ការ​ដើរលេង​ជួប​ជុំ​មិត្តភក្តិ​ តែ​ទម្លាប់​ទាំង​នេះ​ត្រូវ​កាត់​បន្ថយ ឬ​ក៏​ផ្លាស់​ប្តូរ​ទាំង​ស្រុង​នៅ​ពេល​មាន​ភរិយា​និង​កូន។

 

ហេតុអ្វី​នៅ​ពេល​ក្លាយ​ជា​ស្វាមី​និង​ឪពុក បុរសៗ​ភាគ​ច្រើន​ផ្លាស់​ប្តូរ​ទម្លាប់ និង​ការ​គិត​មួយ​ចំនួន​នោះ? ខាង​ក្រោម​គឺ​ជា​ការ​ចែក​រំលែក​បទ​ពិសោធ​របស់​បុរស​ជា​ស្វាមី​៣​រូប​ដែល​ក្រុម​ការងារ Sabay បាន​សាក​សួរៈ

 

មាន​តួនាទី​ជា​មន្រ្តី​រាជការ លោក ម៉ៅ ពិសិដ្ឋ អះ​អាង​ថា​លោក​បាន​ផ្លាស់​ប្តូរ​ទម្លាប់​​ដោយ​មិនដឹង​ខ្លួន​បន្ទាប់​ពី​ក្លាយ​ជា​ឪពុក​ម្នាក់។​ ​ការ​ផ្លាស់​ប្តូ​ធំ​បំផុត​នោះ គឺ​ពី​មុន​លោក​ជា​មនុស្ស​ម្នាក់​ដែលចូល​ចិត្ត​ក្មេង តែ​លោក​មិន​ចេះ​ទ្រាំ​នឹង​សំឡេង​ក្មេង​ស្រែក​យំ និង​ភាព​រពឹស​នៅ​មិន​ស្ងៀម​របស់គេ​ តែ​ពេល​នេះ​លោក​អាច​មើល​ថែ​កូន​ស្រី​ខ្លួន​ដោយ​ផ្ទាល់​ដៃ​បាន​យ៉ាង​ល្អ។ ទោះ​ជា​ពេល​នេះ​លោក​ចូល​ចិត្ត​ជីវភាព​ជា​ឪពុកម្នាក់ តែ​លោក​មិន​ប្រាថ្នា​យក​កូនច្រើន​ឡើយ​ព្រោះលោក​ចង់​ចិញ្ចឹម​កូន​ឲ្យ​បាន​ល្អ ​​ ប្រកប​ដោយ​ភាព​កក់​ក្តៅ​ស្និទ្ធស្នាល និង​ការ​អប់​រំល្អ ដោយ​ដៃ​របស់​លោក​ផ្ទាល់​ ។

 

លោក ម៉ៅ ពិសិដ្ឋ និងគ្រួសារ

 

មិន​ខុស​ពី​លោក ពិសិដ្ឋ ប៉ុន្មាន​ទេ បុរស​កូន​៣ សៅ វណ្ណៈ និយាយ​ថា «ពេល​មាន​កូន១ ខ្ញុំ​ផ្លាស់ប្តូរ​ការ​គិត​បន្តិច ដល់​មាន​កូន​២ គិត​និង​ផ្លាស់​ប្តូរ​ទម្លាប់​រឹត​តែ​ច្រើន ដល់​កូន​ទី៣​មិន​បាច់​និយាយ​ទេ លះ​បង់​ម៉ា​ចប់​ម៉ង»។ បុរស​កូន​បី វ័យ​៤៥ឆ្នាំ ធ្វើការ​នៅ​ក្រុម​ហ៊ុន​ឯកជន​រូប​នេះបន្ត​ថា ជា​ដំបូង​គិត​រឿង​ចំណាយ គិត​ធ្វើ​ម៉េច​រក​លុយ​ឲ្យ​ច្រើន គិត​ពី​ការ​សិក្សា អនាគត​កូន គិត​ពី​វេលា​មើល​ថែទាំ​និង​អប់រំ​កូន​ឲ្យ​ក្លាយ​ជា​មនុស្ស​ល្អ។

 

(រូបតំណាង)

 

ងាក​មក​លោក​ឪពុក​វ័យក្មេង ហេង វីរៈវិញ​ម្តង​និយាយ​ដោយ​ឥត​ស្ទាក់​ស្ទើ​រថា ខ្លួន​ពិត​ជា​បានកាត់​បន្ថយ​ការ​ដើរ​លេង​ខាង​ក្រៅ ថែម​ទាំង​ចាស់​ទុំ​ជាង​មុន ព្រោះ​មាន​កាតព្វកិច្ច​ច្រើន។ បុរស​អាជីវករ​កូន​១​រូប​នេះ​ប្រាប់​បន្ត​ថា មិន​មែន​ជា​រឿង​ងាយ​ស្រួល​ទេ​ តែ​ដើម្បី​គ្រួសារ​និង​កូនៗ លោក​រីករាយ​នឹង​ការ​ផ្លាស់​ប្តូរ​នេះ៕

 

(រូបតំណាង)

 

ចុះ​ចំណែក​បុរស​ជា​ឪពុក​ផ្សេងៗ​ពិត​ជា​ផ្លាស់​ប្តូរ​ការ​គិត​ដូច្នេះ​មែន ឬ​ក៏​យ៉ាង​ណា?

 

អត្ថបទៈ លីដា