ម៉ូតូ​ស៊ី​ម៉ាក​អ៊ីតាលី TNT 135 ឈាន​ដល់​ដំណាក់​កាល​តេស្ត​ចុងក្រោយ មុន​ចេញ​លក់​ជា​ផ្លូវការ

  • 2016-07-17 19:46:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

TNT 135 កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ការ​ធ្វើ​តេស្ត​ចុងក្រោយ មុន​ពេល​បញ្ចេញ​លក់​លើ​ទីផ្សារ​ពិភពលោក។

 

លោក ផេង ដារ៉ា អ្នក​គ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន Nengshun & Ranqun Motor ដែល​នាំ​ចូល​ម៉ូតូ Benelli Keeway របស់​អ៊ីតាលី​បាន​ឲ្យ​ដឹង​ថា TNT 135 កំពុង​ស្ថិត​នៅ​ក្នុង​ខ្សែ​សង្វាក់​ផលិត​ក្នុង​រោងចក្រ​ និង​ការ​ធ្វើ​តេស្ត​ចុងក្រោយ​ មុន​​បញ្ចេញ​លក់​លើ​ទីផ្សារ​នៅ​ពេល​ខាង​មុខ។

 

 

ការ​ធ្វើ​តេស្តិ​​​ដោយ​បាន​ធ្វើការ​បើកបរ​សាកល្បង​​លើ​ចម្ងាយ​ផ្លូវ ១០ ០០០ គីឡូម៉ែត្រនៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​និង​ថៃ ដើម្បី​សិក្សា​ពី​បច្ចេកទេស​និង​ការ​​ស្វែង​រក​ចំណុច​ខ្វះ​ខាត​​នានា​ ដើម្បីធានា​​គុណភាព​និង​ទំនុក​ចិត្ត​​សម្រាប់​ប្រើប្រាស់​ម៉ូតូ​នេះ​​។

 

ការ​បង្ហាញ​ខ្លួន​របស់ TNT 135 គឺ​ដើម្បី​ប្រកួតប្រជែង MSX របស់ Honda និង Z125 របស់ Kawasaki ដែល​ជា​ស៊េរី​ម៉ូតូ​ដែល​កំពុង​ពេញ​និយម​លើ​ទីផ្សារ។ ​យ៉ាង​ណា​ចំណុច​ខ្លាំង​ម៉ូតូ​ស៊ី​ម៉ាក​របស់​អ៊ីតាលី​នេះ​គឺ​ការ​​អភិវឌ្ឍ​លើ​កម្លាំង​ម៉ាស៊ីន ការ​ឌីហ្សាញ​រូបរាង​ ការ​នាំ​បច្ចេកវិទ្យា​ថ្មីៗ​រួម​ទាំង​តម្លៃ​ដែល​ទាប​ជាង​គូ​ប្រកួតប្រជែង។

 

លោក ផេង ដារ៉ា បាន​បញ្ជាក់​ថា TNT 135 បាន​អភិវឌ្ឍ​កម្លាំង​ម៉ាស៊ីន​រហូត 135 សេសេ ​ជាមួយ​ការ​បំពាក់​បច្ចេកវិទ្យា EFI ដែល​ជួយ​ម៉ាស៊ីន​​ដំណើរ​ស្ងាត់​និង​មាន​សន្ទុះ​​ខ្លាំង​។ ម៉ូតូ​ដែល​ផលិត​ផ្តោ​ត​លើ​ទីផ្សារ​យុវវ័យ​នេះ​​​ប្រើប្រាស់​​​​ប្រអប់​លេខ ៥ វគ្គ មាន​បំពង់​ស៊ីមាំង​ភ្លោះ​ពីរ។ កម្រិត​នៃ​ការ​ស៊ីសាំង ១ លីត្រ​អាច​បើកបរ​បាន​ចម្ងាយ​ផ្លូវ​​ប្រហែល ៤០ ទៅ ៥០ គីឡូម៉ែត្រ។

 

អ្នក​គ្រប់គ្រង​ជាន់​ខ្ពស់​រូប​នេះ ទទួល​ស្គាល់​ភាព​យឺតយ៉ាវ​មួយ​ចំនួន​សម្រាប់​ការ​ចេញ​លក់ TNT 135 ដែល​ដំបូង​ឡើយ​គ្រោង​ចេញ​លក់​​លើ​ទីផ្សារ​នៅ​ចុង​ខែ​មិថុនា។ លោក​បាន​លើក​ហេតុផល ដោយសារ​ក្រុមហ៊ុន​ត្រូវការ​សិក្សា​បច្ចេកទេស​ស៊ី​ជម្រៅ ដើម្បី​នាំ​​ស្តង់ដារ​ផលិតផល​ម៉ូតូ​​ប្រកប​ដោយ​គុណភាពសម្រាប់​​ការ​ធ្វើ​ដំណើរ​​។

 

TNT 135 តាមការ​បញ្ជាក់​ចុងក្រោយ​ពី​ក្រុមហ៊ុន ​អាចមក​ដល់​ទីផ្សារ​កម្ពុជា​នៅ​ចុង​ខែ​កក្កដា​នេះ​ និង​យូរ​បំផុត​ត្រឹម​ពាក់​កណ្ដាល​ខែ​សីហា ជាមួយ​តម្លៃ​លក់​ប្រហែល ២៣០០ ដុល្លារ។ តាម​ប្រភព​ក្រុមហ៊ុន​បាន​ឲ្យ​ដឹង​ថា គិត​មកទល់​ពេល​នេះ TNT 135 មាន​អតិថិជន​ក្នុង​ស្រុក​បាន​កុម្ម៉ង​មុន​ជាង ៥០ គ្រឿង ហើយ​ក្រុមហ៊ុន​រំពឹង​ថា​​អាច​លក់​បាន ៥០០ ទៅ ៦០០ គ្រឿង​ក្នុង​ឆ្នាំ​ ២០១៦៕

 

អត្ថបទ៖ ប៊ុណ្ណារ៉ា