សមាជិក FIFPro៖ “Mourinho ​គួរ​តែ​​ជាប់​​គុក​​៣​ឆ្នាំ”

  • 2016-08-05 16:51:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jose Mourinho ​អ្នកចាត់ការ​ក្រុម​បិសាច​ក្រហម​ Manchester United ​​គួរ​តែ​​​ជាប់​ពន្ធនាគារ​ដល់​៣​ឆ្នាំ បន្ទាប់​ពី​ធ្វើ​បាប​ខ្សែ​បម្រើ​ Bastian Schweinsteiger។ នេះ​​ជា​​ការ​លើក​ឡើង​របស់​សមាជិក​​សមាគម​កីឡាករ​បាល់ទាត់​ពិភពលោក FIFPro ម្នាក់។

 

Jose Mourinho ​អ្នកចាត់ការ​ក្រុម​​ Manchester United

 

Schweinsteiger វ័យ​៣២​ឆ្នាំ​ ​បាន​ចុះ​កុងត្រា​លេង​ឲ្យ​ Man Utd ៣​ឆ្នាំ​ កាល​ឆ្នាំ​២០១៥ ​​និង​លេង​ឲ្យ​ក្រុម​បិសាច​ក្រហម​​៣១​ប្រកួត​រដូវ​កាល​មុន​ ប៉ុន្តែ​តាំង​ពី​អ្នកចាត់ការ​ថ្មី​ Mourinho ឡើង​ដឹក​នាំ​​ អតីត​​​ខ្សែ​បម្រើ​​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់​រូប​នេះ​ ពុំ​បាន​ជាប់​ក្នុង​បញ្ជី​២៥​នាក់​​ឈុត​ធំ​របស់​ក្រុម​ទៅ​លេង​មិត្តភាព​នោះ​ទេ ​​ហើយ​អ្នកចាត់ការ​ "Special One” ​​បាន​ឲ្យ​រូប​គេ​​ទៅ​ហ្វឹកហាត់​ម្នាក់​ឯង ​និង​ហ្វឹកហាត់​ជាមួយ​ឈុត​ U-23 ទៀត​ផង។

 

Bastian Schweinsteiger ខ្សែ​បម្រើ​​ក្រុម​ Man Utd

 

លោក​ Dejan Stefanovic សមាជិក FIFPro ​​បាន​ប្រាប់​ដល់​ BBC ថា៖ "ច្បាស់​ណាស់ នេះ​ជា​ការ​​​ប្រើ​អំណាច​បង្ខិត​បង្ខំ។ នៅ​ប្រទេស​ស្លូវើនៀ ​យើង​អាច​នឹង​ចោទ​ Mourinho ​​ហើយ​ទាមទារ​ការ​ដាក់​ពិន័យ​​៣​ឆ្នាំ​ក្នុង​ពន្ធនាគារ។ នេះ​​ជា​ការ​បង្ខូច​ Bastian។ Mourinho ​ជា​គំរូ​ដ៏​អាក្រក់​មួយ..​បើ​ខ្ញុំ​ ខ្ញុំ​នឹង​​ប្ដឹង​ទៅ​តុលាការ...​ហើយ​បើ​វា​ជា​ករណី​បង្ខិត​បង្ខំ​យាយី ​នោះ​​​គាត់​អាច​នឹង​ជាប់​ពន្ធនាគារ​៣​ឆ្នាំ"។

 

“Schweinsteiger គួរ​តែ​ទៅ​ជួប​​សមាគម​​កីឡាករ​បាល់ទាត់​អាជីព (Professional Footballers' Association) ​​ដើម្បី​តវ៉ា​ ​និង​ទាមទារ​ដាក់​ពិន័យ​លើ​ Mourinho វិញ។ កីឡាករ​នៅ​ឈុត​ធំ​ទាំង​អស់ ត្រូវ​តែ​ហ្វឹកហាត់​ជាមួយ​គ្រូ​បង្វឹក​នៅ​ក្រុម​ឈុត​ធំ និង​ទី​កន្លែង​តែ​មួយ ពេល​តែ​មួយ ដូច​ជា​សមាជិក​ក្រុម​ទាំង​អស់​ដែរ”។ លោក​ Stefanovic​ បន្ថែម៕

 

 

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ BBC

អត្ថបទពេញនិយម