មើល​សមត្ថភាព​​សិល្បៈ​កុមារ​កម្ពុជា​ ៨​ រូប មុន​ពួក​គេ​ប្រជែង​គ្នាយក​ជយលាភី

  • 2016-08-23 00:32:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កុមារ​​កម្ពុជា​ចំនួន​៨ នាក់ មាន​វ័យ​ពី ៥ ទៅ​១០​ឆ្នាំ មក​ពី​ខេត្ត​ ក្រុង​ចំនួន​៥ បាន​មក​បង្ហាញ​សមត្ថភាព​ មុន​​ប្រកួត​គ្នា​ លើ​សមត្ថភាព​​សិល្បៈ​ផ្នែក​ចម្រៀង ដើម្បី​ឈាន​ទៅ​ដណ្ដើម​ជយលាភី​ការ​ប្រឡង​ចម្រៀង​កុមារ Kodomo។

 

 

ពួក​គេ​ទាំង​នោះ ជា​បេក្ខជន​សម្រាំង​ចំនួន​២​លើក​រួច​ហើយ ក្នុង​ចំណោម​បេក្ខជន​សរុប​ប្រមាណ​ជិត​២០០០​នាក់​មក​ពី​ខេត្ត​ក្រុង​ចំនួន​៥។ ជួស​មុខ​អគ្គនាយក លោក មែ វិចិត្រ​បុត្រ នាយក​គ្រប់​គ្រង​ក្រុមហុន BKA Entertainment ដែល​បាន​រៀប​ចំ​កម្មវិធី​នេះ បាន​ឲ្យ​ដឹង​ថា នេះ​​ជា​ឆ្នាំ​ទី​៨​ហើយ សម្រាប់​​កម្មវិធី​ប្រឡង​ចម្រៀង​យុវកុមារ Kodomo។

 

គោល​ដៅ​​ចំបង​នៃ​ការ​រៀប​ចំ​កម្មវិធី​ខាង​លើ ដើម្បី​ផ្ដល់​ឱកាស​ដល់​ប្អូន​ៗ​កុមារ​ដែល​មាន​និស្ស័យ​សិល្បៈ បាន​បញ្ចេញ​សមត្ថភាព និង​ឈាន​ទៅ​សម្រេច​ក្ដី​ស្រមៃសិល្បៈ​​របស់​ពួក​គេ​ផង។ "ក្រៅ​ពី​នេះ​យើង ចង់​ផ្ដល់​ពួក​គេ​នូវ​គំនិត​ចេះ​ស្រឡាញ់​គ្នា ចេះ​ចែក​រំលែក​គ្នា​ដូច​នឹង​ពាក្យ​ថា "Love is Giving""។ លោក វិចិត្រ​​បុត្រ បន្ថែម។

 

មាន​តារា​ចម្រៀង​អាជីព និង​មិន​ទាន់​អាជីព​ជា​ច្រើន ត្រូវ​បាន​ប្រសូត្រ​ចេញ​ពី​កម្មវិធី​ខាង​លើ ក្នុងនោះ​មាន​ដូច​ជាកញ្ញា វី ឌីណែត តារា​ចម្រៀង​ផលិតកម្ម​ហង្សមាស ជា​កូន​ស្រី​លោក ហួរ ឡាវី កញ្ញា សុវត្ថិឌី ធារិកា តារា​ម៉ូដែល អ៊ិង និមល និង​ប្អូន​ប្រុស​ សោម វិរៈបុត្រ ជា​ដើម។

 

 

ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ តាម​រយៈ​នាយិកា​សាលា​មធ្យម​សិក្សា​វិចិត្រ​សិល្បៈ បាន​គាំទ្រ​សម្រាប់​គំនិត​ផ្ដួច​ផ្ដើម​កម្មវិធី​ខាង​លើ។ អ្នក​ស្រី សៀវ វៀង បាន​មាន​ប្រសាសន៍​ថា បាន​ចាត់​ទុក​ថា​​កម្មវិធី​ខាង​លើ ជា​កន្លែង​ដែល​កុមារ​កម្ពុជា​បាន​បញ្ចេញ​សមត្ថភាព បណ្ដុះ​ភាព​ក្លាហាន និង​ការ​ជឿ​ជាក់។ ដូច្នេះ​ក្រសួង​សូម​គាំត្រ និង​សង្ឃឹម​ថា វិស័យ​សិល្បៈ​កម្ពុជា នឹង​រក​បាន​ធនធាន​សិល្បៈ​ប្រកប​ដោយ​គុណភាព​បន្ត​ទៀត។

 

យ៉ាង​នេះ​ក្ដី ជួស​មុខ​ឲ្យ​ក្រសួង អ្នក​ស្រី​ស្នើ​ឲ្យ​កម្មវិធី​ប្រព្រឹត្ត​តាម​ទម្រង់​ខ្មែរ​ជា​ដាច់​ខាត ក្នុង​នោះ​មាន​ បទ​ចម្រៀង​ដែល​ផលិត​ឡើង​ដើម្បី​កុមារ​ៗ​ច្រៀង គួរ​ជា​របស់​ខ្មែរ​១០០​ភាគរយ មិន​ចម្លង​គេ។  ក្រៅ​ពី​នេះ​អ្នក​ស្រី ក៏​សូម​ឲ្យ​សំលៀក​បំពាក់​ ក៏​ត្រូវ​តែ​មាន​ទម្រង់​ជា​ខ្មែរ​ដែរ ដើម្បី​រក្សា​បាន​នូវ​អត្តសញ្ញាណ វប្បធម៌ និង​ប្រពៃណី​របស់​ជាតិ។

 

 

 

កម្មវិធី​ប្រឡង​ចម្រៀង​យុវកុមារខាង​លើ​ ត្រៀម​នឹង​ចាប់​ផ្ដើម​ប្រកួត​ចាប់​ពី​ថ្ងៃ​ទី ២៥​សីហា​នេះ មុន​ទៅ​បញ្ចប់​នៅ​​ថ្ងៃ​ទី​២២​កញ្ញា ឆ្នាំ ២០១៦ ដោយ​មាន​ផ្សាយ​ផ្ទាល់​តាម​​រយៈ​ទូរទស្សន៍ MyTV ផង។ លោក មែ វិចិត្រ បញ្ជាក់​ថា ប្រិយមិត្ត​ក៏​អាច​ចូល​រួម​ជ្រើស​ជយលាភី​ផ្នែក​ប្រជាប្រិយ​ភាព​ផង​ដែរ តាម​រយៈ​ចូល​ទៅ​ចុច​ Like កុមារ​រូប​ណា​ដែល​ខ្លួន​ពេញ​ចិត្ត​តាម​រយៈ​ទំព័រ Facebook/KodomoclubCambodia។

 

កុមារ​ដែល​ទទួល​បាន​ការ​ចុច Like ច្រើន​ជាង​គេ​នឹង​ទទួល​ជយលាភី​ផ្នែក​​ប្រជាប្រិយភាព។ កម្មវិធី​ខាង​ទទួល​បាន​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន​ជា​ច្រើន ក្នុង​នោះ​មាន​សាប៊ូ Kodomo, Angkor Puro, KidKid និង ផ្សារ​បារ៉ាហ្គន​ជា​ដើម៕

 

អត្ថបទ៖ ទារិកា

អត្ថបទថ្មី