ស៊ិន កក្កដា លេងបាល់ជម្នះឪពុក រហូតធ្វើឲ្យគ្រួសារគាំទ្រពេញទំហឹង
- 2016-08-25 13:10:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស៊ិន កក្កដា លេងបាល់ជម្នះឪពុក រហូតធ្វើឲ្យគ្រួសារគាំទ្រពេញទំហឹង
ចន្លោះមិនឃើញ
ខ្សែបម្រើឆ្នើមរបស់ក្រុមជម្រើសជាតិក្រោមអាយុ ១៦ឆ្នាំកម្ពុជា ស៊ិន កក្កដា ព្យាយាមលេងបាល់ទាំងជម្នះសម្ដីឪពុក ដែលបានហាមឃាត់ខ្លួន រហូតពេលនេះរូបគេត្រូវបានគ្រួសារគាំទ្រឲ្យប្រកបអាជីពមួយនេះពេញទំហឹង។
យុវជនរបស់ក្លឹបភ្នំពេញក្រោនរូបនេះមានឪពុកឈ្មោះ ស៊ិន ស៊ីណា និងម្ដាយឈ្មោះ អិន ចន្ថា ដែលកំពុងរស់នៅស្រុកកំណើតខេត្តកណ្ដាល។ គេមានបងប្អូនបង្កើត៤នាក់ក្នុងនោះស្រី២នាក់ ប្រុស២នាក់ ហើយកក្កដា ជាកូនទីពីរក្នុងគ្រួសារ។
យុវជនដែលទើបវិវឌ្ឍខ្លួនមកលេងនៅ U19 ភ្នំពេញក្រោនរូបនេះបានឲ្យដឹងថា កាលខ្លួននៅក្មេងចង់លេងបាល់ខ្លាំង ប៉ុន្តែឪពុកហាមមិនឲ្យលេងឡើយ ដោយលោកចង់តែប្រឹងរៀនសូត្រ។ ចិត្តស្រលាញ់បាល់ទាត់របស់គេរហូតមានពេលខ្លះ លេងដោយលួចលាក់មិនឲ្យអ្នកផ្ទះដឹងក៏មាន។
ថ្ងៃមួយនាពេល កក្កដា អាយុបាន១២ឆ្នាំ ដោយសារខ្លួនទទូចចង់លេងបាល់ទាត់ខ្លាំងពេក រូបគេក៏ទទួលបានការអនុញ្ញាតពីឪពុកជាលើកដំបូង ដើម្បីលេងបាល់ទាត់ក្នុងពានរង្វាន់របស់អង្គការមួយ ដែលពេលនោះគេលេងតំណាងឲ្យខេត្តកណ្ដាល។ ក្នុងវ័យ១២ឆ្នាំ ខ្លួនក៏ត្រូវបានក្រុមការងាររបស់ក្លឹបភ្នំពេញក្រោនមើលឃើញមានទម្រង់លេងល្អ ទើបក្លឹបកំពូលមួយនេះសម្រេចកោះហៅឲ្យចូលធ្វើតេស្ត។
ស៊ិន កក្កដា (លេខ ១២)
ការកោះហៅរបស់ក្លឹបកំពូលរបស់កម្ពុជាមួយនេះ មានការអាក់រអួលបន្តិច ពីព្រោះឪពុករបស់ កក្កដា មិនព្រមឲ្យចូលធ្វើតេស្ត។ ប៉ុន្តែក្រោយមករូបគេអាច នឹងត្រូវបានឪពុកម្ដាយអាណិត ដោយសារការធ្លាក់ទឹកមុខ និងសម្ដែងអាកប្បកិរិយាខកចិត្តទៅកាន់អ្នកមានគុណទាំងពីរ។ ទីបំផុតឪពុករបស់គេក៏ព្រមឲ្យធ្វើតេស្ត ហើយជាប់លេង U-13 របស់ភ្នំពេញក្រោននាឆ្នាំ២០១៣។
ហ្វឹកហាត់ជាមួយ U-13 ក្រោនបានប្រហែល៤ខែ កីឡាករដែលមានជំនាញជើងឆ្វេងរូបនេះត្រូវបានកោះហៅឲ្យចូលជម្រើសជាតិក្រោមអាយុ ១៤ឆ្នាំនាឆ្នាំ២០១៣។ ចុងឆ្នាំ២០១៤ ស៊ិន កក្កដា ក៏បានជាប់លេងឲ្យក្រុមបាល់ទាត់ក្រោមអាយុ១៦ឆ្នាំ ហើយរហូតមកដល់ពេលនេះ រូបគេរកគ្រាប់បាល់បាន២គ្រាប់ឲ្យជម្រើសជាតិផងដែរ។
បច្ចុប្បន្នកីឡាកររូបនេះមានអាយុ ១៦ឆ្នាំ ដែលត្រូវបានភ្នំពេញក្រោនអនុញ្ញាតឲ្យលេងក្នុងក្រុមយុវជនក្រោមអាយុ១៩ឆ្នាំ ដើម្បីត្រៀមលេងពានរង្វាន់ 2016 Asia Champion Trophy U-19 ។ នាពេលអនាគតកីឡាករមានដើមកំណើតមកខេត្តកណ្ដាលរូបនេះ ចង់ទៅលេងក្លឹបក្រៅប្រទេសជាងនៅកម្ពុជារួមទាំងប្រទេសថៃជាដើម។
កម្រិតសិក្សាចូលវិស្សមកាលវិញ យុវជនដែលជួយឲ្យ U-16 កម្ពុជាឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃពាន AFF U-16 Championship 2016 រូបនេះរៀនថ្នាក់ទី១១ នៅសាលារដ្ឋ(មិនទាន់ដឹងឈ្មោះសាលា) ដោយផ្លាស់ប្ដូរពីសាលាឯកជនប៊ែលធី។ ពេលនេះរូបគេសប្បាយចិត្តយ៉ាងខ្លាំង ដោយសារឪពុកម្ដាយលែងហាមឃាត់ និងថែមទាំងគាំទ្រឲ្យលេងបាល់ទាត់ ហើយក៏អនុញ្ញាតឲ្យប្រកបអាជីពនេះនាពេលអនាគតទៀតផង៕
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា