CFC ត្រូវ​ការ​អ្នក​ចូល​រៀន វគ្គ​ផលិតករ​ភាពយន្តខ្នាតវែង ២០នាក់ ដោយ​​ឥតគិតថ្លៃ

  • 2016-08-30 16:01:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ជំនាញ​ និង​ទទួល​ការ​ថត​ភាពយន្ត​នៅ​កម្ពុជា ​ឬ ​Cambodia Film Commission (CFC) ត្រូវ​ការ​ជ្រើស​រើស​សិក្ខាកាម​ចំនួន​ ២០រូបឲ្យ​ចូល​រួម​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​ពិសេស​ស្ដី​ពី​ផលិតករ​ភាពយន្តខ្នាតវែង ឬ ​Feature Film Producer ។

 

 

ផ្អែក​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន វគ្គ​​បណ្ដុះបណ្ដាល​ស្ដី​ពី​ការ​ផលិតករ​ភាពយន្តខ្នាតវែង ឬ ​Feature Film Producer ​នេះ គឺ​ជា​សិក្ខាសាលាទី២ របស់​ CFC ​ក្រោម​ទិសដៅ​ថ្មី​គ្រោង​​ដាក់​ចេញ​ក្នុង​ពេល​ថ្មី​នេះ។​

 

KHMER CINE CLASS​ គឺជា​កម្មវិធី​បណ្ដុះបណ្ដាល​ផ្នែក​ផលិត​ភាពយន្ត រៀងរាល់​សប្ដាហ៍​ ដែល​បង្កើត​ឡើង​ក្នុង​គោលបំណង​បំពាក់បំប៉ន​ និង​ពង្រឹង​បំណិន​គ្រប់​ផ្នែក​នៃ​ការ​ផលិត​ភាពយន្ត​ ទៅ​ដល់​អ្នក​មាន​អាជីព​ជា​អ្នក​ផលិត​ភាពយន្ត​ជន​ជាតិ​ខ្មែរ​ក្នុង​ស្រុក​ទាំង​អស់។

 

វគ្គ​បណ្ដុះបណ្ដាល​ទាំង​នោះ​ រួមមាន ជំនាញ​ផ្នែក​ថត​ភាពយន្ត ជំនាញ​ផ្នែក​សម្លេង ជំនាញ​ផ្នែក​តុបតែង​មុខ​ ជំនាញ​ផ្នែក​សំលៀកបំពាក់​ និង​ ជំនាញ​ផ្សេងៗ​ទៀត​ទាក់​ទង​នឹង​ការ​ផលិត​ភាពយន្ត។

 

ផលិតករ​ភាពយន្ត​ គឺ​ជា​មនុស្ស​ម្នាក់ ​ឬ​អង្គភាព​ស្រប​ច្បាប់​មួយ ដែល​ផ្ដួចផ្ដើម​ និង​ទទួល​ខុស​ត្រូវ​ ក្នុង​ការផលិត​ភាពយន្ត ដោយ​ការ​ស្វែង​រក​ថវិកា និង​រៀបចំ​ចាត់ចែង​ការ​ចំណាយ​ បច្ចេកទេស​ថត​ប្រកប​ដោយ​សិល្បៈ ដើម្បី​ធានា​ឲ្យ​បាន​នូវ​ដំណើរ​ការ​ល្អ នៃ​ការ​ផលិត​ភាពយន្ត​នីមួយៗ។

 

 

គោលបំណង​នៃ​សិក្ខាសាលាទី២នេះ គឺ​ដើម្បី​បង្ហាញ​ផលិតករ​ភាពយន្ត​ ពី​ការ​រៀបចំ​រាល់​ជំហាន​នៃ​ផលិតកម្ម​ភាពយន្ត ពោល​គឺ​ការ​សរសេរ​ការ​ស្នើ​សុំ ការ​ស្វែងរក​ដៃគូ ​និង​អ្នក​ឧបត្ថម្ភ​ ការ​រៀបចំ​​ឯកសារ(គម្រោង​ការ​ថត​ប្រកប​ដោយ​បច្ចេកទេស ការ​ព្យាករ​កញ្ចប់​ថវិកា​ និង​ការ​ធ្វើ​គម្រោង​ការ​ចំណាយ) ការ​រៀប​ចំ​មុន​ថត កំឡុង​ពេល​ថត ​និង​ក្រោយ​ពេល​ថត​ និង​បញ្ហា​មួយ​ចំនួន​ទៀត​ទាក់ទង​នឹង​ការ​ចែក​ចាយ​និង​ផ្សព្វផ្សាយ​ភាពយន្ត។

 

សិក្ខាកាម​ ២០រូប នឹង​ត្រូវ​បាន​ជ្រើសរើស​មក​ហ្វឹកហាត់ រយៈពេល ១ថ្ងៃពេញ នៅ​ថ្ងៃ​ទី ១០ ខែ​កញ្ញា ឆ្នាំ២០១៦។ អ្នក​ដឹក​នាំ​ភាពយន្ត ផលិតករ​ភាពយន្ត​ និង​អ្នក​ចង់​ក្លាយ​ជា​ផលិតករ​ភាពយន្ត​ទាំង​អស់​ គឺ​ត្រូវ​បាន​លើក​ទឹកចិត្ត​ឲ្យ​ដាក់​ពាក្យ​ចូល​រួម។

 

កាលបរិច្ឆេទ​ឈប់​ទទួលពាក្យ គឺ​នៅ​ថ្ងៃ​សុក្រ ទី២ ខែ​កញ្ញា ឆ្នាំ​២០១៦ នៅ​វេលា​ម៉ោង ៣ ​ ល្ងាច។

 

ព័ត៌មាន​បន្ថែម​អំពី​សិក្ខាសាលា​ខាងលើ សូម​គេហទំព័រ​របស់​ស៊ី​អ្វេហស៊ី www.cambodia-cfc.org ឬ​ទំនាក់ទំនង​មក​កាន់​លេខ​ទូរស័ព្ទ 0២៣​ ២២២ ៩២០​ ឬ​តាមដាន​ពួក​យើង​នៅ​លើ​គេហទំព័រ​ហ្វេស​បុក​ www.facebook.com/contactcfc

 

 

 

 

អត្ថបទ៖ ខុត សីហា