ពេជ្រ សីហា ថា ប៉ះ សុវណ្ណឌឿន វគ្គផ្ដាច់ព្រ័ត្រនៅ PNN នឹងមានម្នាក់សន្លប់
- 2016-09-14 20:51:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេជ្រ សីហា ថា ប៉ះ សុវណ្ណឌឿន វគ្គផ្ដាច់ព្រ័ត្រនៅ PNN នឹងមានម្នាក់សន្លប់
ចន្លោះមិនឃើញ
អ្នកប្រដាល់មុខតាន់ ពេជ្រ សីហា នឹងត្រូវប៉ះ ឡុង សុវណ្ណឌឿន ក្នុងវគ្គផ្ដាច់ព្រ័ត្រដើម្បីដណ្ដើមខ្សែក្រវាត់សង្វៀន PNN នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ខាងមុននេះ។ ជំនួបដ៏សំខាន់នេះ អ្នកប្រដាល់មកពីខេត្តតាកែវគិតថា នឹងមានដៃគូម្នាក់អាចសន្លប់មិនខាន។
ពេជ្រ សីហា បានផ្ដួល សរ រាជសីហ៍ ត្រឹមទឹកទី១ ហើយ ឡុង សុវណ្ណឌឿន យកឈ្នះ ឡេះ តើក ដោយពិន្ទុនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដូចគ្នា។ លទ្ធផលនេះបានធ្វើឲ្យ ពេជ្រ សីហា ត្រូវប៉ះគូសត្រូវចាស់ ដែលធ្លាប់ជួបគ្នា២លើករួចមកហើយ។
«បើមិនគេសន្លប់ ខ្ញុំសន្លប់» ។ នេះជាសម្ដីរបស់ ពេជ្រ សីហា ។ កីឡាកររូបនេះបន្ថែមថា រូបគេមិនព្រួយបារម្ភខ្លាំងនោះទេ សម្រាប់ការប៉ះ ឡុង សុវណ្ណឌឿន ប៉ុន្តែចំណុចដែលធ្វើឲ្យគេមានអារម្មណ៍ខ្លាចបំផុតនោះគឺដៃគូរូបនេះធ្វើពុតជាសន្លប់នៅពេលរូបគេជ្រុលដៃវាយខុសលក្ខន្តិកៈ (ស៊ីឡាក)។
ប្អូនប្រុសបង្កើតរបស់ ពេជ្រ សុផាន់ រូបនេះបន្តថា ចំណុចខ្លាំងរបស់ ឡុង សុវណ្ណឌឿន ត្រង់កម្លាំងកាច់ផ្ដួលខ្លាំងល្អ។ ចំណែករបៀបវ៉ៃ ឬស្នៀតប្រយទ្ធ ពួកគេទាំងពីរបានដឹងពីគ្នាទៅវិញទៅមកច្រើនហើយ។ សម្រាប់ការប្រកួតនេះ សីហា ព្យាយាមហ្វឹកហាត់ និងបរិភោគរបបអាហារឲ្យបានគ្រប់គ្រាន់ដោយអាចសង្ឃឹមឈ្នះដល់ទៅ៨០%។
ពេជ្រ សីហា ធ្លាប់ជួបដៃគូរូបនេះនៅលើងសង្វៀនពីរលើករួចមកហើយ ក្នុងនោះលើកទីមួយ ឡុង សុវណ្ណឌឿន ឈ្នះ(អាជ្ញាកណ្ដាលកាត់ក្ដីឲ្យឈ្នះដោយសារមើលឃើញ សីហា ថែមគូប្រកួត) និងលើកទីពីរ ពេជ្រ សីហា ឈ្នះដោយបានផ្តួល ឡុង សុវណ្ណឌឿន ឲ្យសន្លប់។ អ្វីដែលគួរឲ្យគាត់សម្គាល់នោះពួកគេប៉ះគ្នាមិនដែលដល់ទឹកទី៥នោះទេ។ ចុះចំណែកលើកនេះវិញរវាងពួកគេទាំងពីរតើអាចប្រកួតដល់ចប់ទឹកទី៥ ដែរឬទេ?
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា